បន្ទាប់ពីក្រសួងអប់រំ បានប្រកាសជ្រើសរើសស្នាដៃគំនូរកុមារ ដើម្បីចូលរួមអបអរ ខួបលើកទី២៩ ទិវាគ្រូបង្រៀន ៥ តុលា ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ស្នាដៃគំនូរជាង ៤ពាន់ផ្ទាំង ពីកុមារនៅតាមសាលាបឋមសិក្សាទូទាំងប្រទេស បានផ្ញើមកចូលរួមបង្ហាញ។
ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញសេចក្តីរំភើប និងកោតសរសើរយ៉ាងខ្លាំងចំពោះចំនួននៃការចូលរួមយ៉ាងច្រើនកុះករនេះ។ ឯកឧត្តមមានប្រសាសន៍ថា ស្នាដៃជាង ៤ពាន់ផ្ទាំង ដែលទទួលបានក្នុងរយៈពេលប្រកាស និងអនុវត្តត្រឹមតែ ១សប្តាហ៍នេះ មិនមែនគ្រាន់តែជាតួលេខនោះទេ តែវាជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីទំហំនៃសេចក្តីស្រឡាញ់របស់កុមារកម្ពុជាទូទាំងប្រទេស ចំពោះលោកគ្រូ អ្នកគ្រូ។

រដ្ឋលេខាធិការក្រសួងអប់រំ សង្កេតឃើញថា សាលារៀនមួយចំនួនបានលះបង់ពេលវេលារៀបចំជា “ទិវាគំនូរ” ដែលកុមារទទួលបានការណែនាំ និងការគាំទ្រពេញមួយថ្ងៃ។ លើសពីនេះ ឪពុកម្តាយ បងប្អូន និងអ្នកអាណាព្យាបាល ក៏បានចូលរួមចំណែកផ្តល់គំនិត និងជួយគូរកុមារនៅផ្ទះផងដែរ ដោយសាលាបានបើកលំហឱ្យកុមារប្រើប្រាស់ការស្រមើស្រមៃរបស់ពួកគេឱ្យបានទូលំទូលាយបំផុតដោយមិនមានការរឹតត្បិត។
ឯកឧត្តម សាន វឌ្ឍនា បញ្ជាក់ថា គំនូរទាំងនេះ មិនត្រឹមតែជាសិល្បៈទេ តែបង្កប់អត្ថន័យធំៗ ៣ គឺ ១. ក្នុងទិដ្ឋភាពគរុកោសល្យ ៖ វាឆ្លុះបញ្ចាំងពីការអប់រំដែលមិនត្រឹមតែផ្តល់ចំណេះដឹង (ការបណ្តុះខួរក្បាល) ប៉ុណ្ណោះទេ តែថែមទាំងបណ្តុះសីលធម៌ ចរិយាធម៌ និងអត្តចរិត (ការបណ្តុះបេះដូង) ដើម្បីប្រែក្លាយសិស្សទៅជាធនធានមនុស្សដ៏មានសក្តានុពល, ២. ក្នុងទិដ្ឋភាពទិវាគ្រូបង្រៀន ៖ នេះគឺជាឱកាសដ៏ល្អក្នុងការបណ្តុះ “វប្បធម៌នៃការរំឭកគុណូបការៈ” ដ៏ជ្រាលជ្រៅជូនដល់គ្រូបង្រៀនដែលបានលះបង់កម្លាំងកាយចិត្ត ស្មារតី និងវិជ្ជាជីវៈ និង ៣. ក្នុងទិដ្ឋភាពសកល៖ បង្ហាញពីការកសាងភាពជាពលរដ្ឋសតវត្សទី២១ ដែលការអប់រំ គឺជាស្ពានផ្សារភ្ជាប់កុមារទៅកាន់ការចេះចែករំលែក អត់ឱន ស្រឡាញ់មាតុភូមិ ការពារធម្មជាតិ និងសហគមន៍សកលលោក។

រដ្ឋលេខាធិការក្រសួងអប់រំ បន្ថែមថា ព្រឹត្តិការណ៍នេះ មិនមែនជាការប្រកួតប្រជែងយកចាញ់ឈ្នះនោះទេ ប៉ុន្តែវាគឺជាការចូលរួមចំណែកដ៏ថ្លៃថ្លារបស់កុមារ។ រាល់ស្នាដៃទាំងអស់របស់ក្មួយៗសុទ្ធតែមានតម្លៃ ព្រោះរាល់គំនូសនីមួយៗ គឺគូរឡើងចេញពីក្តីស្រឡាញ់សម្រាប់លោកគ្រូអ្នកគ្រូ (Every stroke is for my Plaintext Teachers)។ ឯកឧត្តមបន្តថា ក្នុងចំណោមស្នាដៃជាង ៤ពាន់ផ្ទាំង គណៈកម្មការក្រសួង នឹងធ្វើការសម្រិតសម្រាំងជ្រើសរើសយកប្រមាណ ១៥០ផ្ទាំង ដែលលេចធ្លោជាងគេក្នុងការរំលេចចេញនូវប្រធានបទធំៗទាំង៣ គឺ ១.គ្រូធ្វើឱ្យខ្ញុំស្រឡាញ់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ២.គ្រូមានវិធីសាស្ត្រធ្វើឱ្យខ្ញុំចង់រៀនសូត្រ និង៣. គ្រូបង្រៀនខ្ញុំឱ្យស្រឡាញ់មាតុភូមិ និងពិភពលោក។
ពីថ្នាក់រៀន ឆ្ពោះទៅជាអនុស្សាវរីយ៍
បើតាម ឯកឧត្តម សាន វឌ្ឍនា ក្រសួងអប់រំ នឹងរៀបចំប្រែក្លាយស្នាដៃទាំងនេះ ទៅជាការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍វិចិត្រសាល (Gallery Exhibition) មួយ ចាប់ពីថ្ងៃទី១ ដល់ទី៥ ខែតុលា នៅវិទ្យាស្ថានជាតិអប់រំ ជិតវិមានឯករាជ្យ។ បន្ថែមពីលើនេះ ស្នាដៃឆ្នើមៗ នឹងត្រូវយកទៅចងក្រងបោះពុម្ពជា “សៀវភៅអនុស្សាវរីយ៍” ដើម្បីជាការផ្តល់កិត្តិយសជាអចិន្ត្រៃយ៍ដល់កុមារ និងលោកគ្រូអ្នកគ្រូរបស់ពួកគេ។ ក្រសួងស្វាគមន៍យ៉ាងកក់ក្តៅដល់សាធារណជនទាំងអស់ អញ្ជើញទៅទស្សនាការដាក់តាំងពិព័រណ៍នេះឱ្យបានច្រើនកុះករ។
គួរជំរាបជូនថា ព្រឹត្តិការណ៍ស្នាដៃគំនូរកុមារ ត្រូវបានរៀបចំឡើងចំនួន ២លើករួចមកហើយ ដោយលើកទី១ (ឆ្នាំ២០២០) : រៀបចំឡើងក្រោមមូលបទ «ការអប់រំឌីជីថលនិងពីចម្ងាយ» ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីបង្ហាញពីភាពធន់ និងការបន្សាំខ្លួនយ៉ាងរហ័សនៃប្រព័ន្ធអប់រំកម្ពុជា។ លើកទី២ (ឆ្នាំ២០២២): រៀបចំឡើងក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ» ដើម្បីអបអរសាទរក្នុងបរិការណ៍ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន និងបណ្តុះស្មារតីសាមគ្គីភាព និងមោទនភាពជាតិក្នុងទំពាំងស្នងឫស្សី និងលើកទី៣ (ឆ្នាំ២០២៦): រៀបចំឡើងក្រោមមូលបទ «អបអរសាទរខួបលើកទី២៩ ទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦» ក្នុងបរិការណ៍នៃការអភិវឌ្ឍជាបន្តបន្ទាប់ និងសមិទ្ធកម្មដ៏រឹងមាំនៃកំណែទម្រង់វិស័យអប់រំ៕










































































