ជាឱកាសសម្រាប់សិស្ស-និស្សិត និងអ្នកស្រាវជ្រាវកម្ពុជាដែលកំពុងស្វែងរកឱកាសបន្តការសិក្សាលើជំនាញសុខាភិបាលនៅក្រៅប្រទេស ពេលនេះអាចចាប់ផ្តើមដាក់ពាក្យស្នើសុំអាហារូបករណ៍ «Open Doors: Russian Scholarship Project» សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ បានហើយ។ កម្មវិធីនេះរៀបចំឡើងដោយសមាគមសាកលវិទ្យាល័យសកល (Global Universities Association) ក្រោមការគាំទ្រផ្ទាល់ពីក្រសួងវិទ្យាសាស្ត្រ និងឧត្តមសិក្សានៃសហព័ន្ធរុស្ស៊ី។
អាហារូបករណ៍ Open Doors គឺជាកម្មវិធីប្រកួតប្រជែងសមត្ថភាពលំដាប់អន្តរជាតិ ដែលអនុញ្ញាតឱ្យបេក្ខជនជ័យលាភីទទួលបានការសិក្សាដោយមិនបង់ថ្លៃសិក្សា (Full Tuition Waiver) នៅតាមបណ្តាសាកលវិទ្យាល័យឈានមុខចំនួន ២៤ ក្នុងប្រទេសរុស្ស៊ី ចាប់ពីកម្រិតបរិញ្ញាបត្រ (Bachelor’s), បរិញ្ញាបត្រជាន់ខ្ពស់ (Master’s), ថ្នាក់បណ្ឌិត (PhD) រហូតដល់កម្មវិធីស្រាវជ្រាវក្រោយបណ្ឌិត (Postdoctoral Track)។
សម្រាប់ឆ្នាំសិក្សាថ្មីនេះ មុខជំនាញក្នុងវិស័យវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសុខាភិបាលដែលត្រូវបានបើកទូលាយ រួមមាន៖
វេជ្ជសាស្ត្រទូទៅ (General Medicine)
ទន្តសាស្ត្រ (Dentistry)
វេជ្ជសាស្ត្រកុមារ (Pediatrics)
គិលានុបដ្ឋាក (Nursing)
សុខភាពសាធារណៈ (Public Health)
ជីវវិទ្យា និងបច្ចេកវិទ្យាជីវសាស្ត្រ (Biology and Biotechnology)
(បញ្ជាក់៖ កម្រិតសិក្សា និងឯកទេសជាក់លាក់ អាស្រ័យលើលក្ខខណ្ឌកំណត់របស់សាកលវិទ្យាល័យសាមីនីមួយៗ)

អត្ថប្រយោជន៍ចម្បងៗនៃអាហារូបករណ៍៖
-លើកលែងថ្លៃសិក្សា ១០០% តាមកម្រិតសិក្សាដែលទទួលបាន
-ឱកាសចូលរៀនវគ្គបំប៉នត្រៀមភាសារុស្ស៊ី (Preparatory Russian Language Course) មុនចូលសិក្សាជំនាញ
-ការប្រឡង និងដាក់ពាក្យប្រកួតប្រជែងធ្វើឡើងតាមប្រព័ន្ធអនឡាញទាំងស្រុង ដោយពុំមានការបង់ប្រាក់កម្រៃអ្វីឡើយ
កាលបរិច្ឆេទសំខាន់ៗដែលបេក្ខជនត្រូវដឹង៖
ថ្ងៃផុតកំណត់ទទួលពាក្យស្នើសុំ ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦
ប្រកាសលទ្ធផលវាយតម្លៃជុំទី១ ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦
ប្រកាសឈ្មោះជ័យលាភីជាផ្លូវការសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៦
ប្រកាសឈ្មោះជ័យលាភីសម្រាប់ថ្នាក់បណ្ឌិត និងអ្នកស្រាវជ្រាវក្រោយបណ្ឌិត៖ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៧
សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ គួររៀបចំប្រវត្តិរូបសង្ខេប សមិទ្ធផលសិក្សា និងស្នាដៃស្រាវជ្រាវឱ្យបានរួចរាល់ ដើម្បីចុះឈ្មោះឱ្យបានទាន់ពេលវេលា។ សម្រាប់ព័ត៌មានលម្អិត និងការដាក់ពាក្យ៖
https://od.globaluni.ru/ ៕














































































