ការប្រើប្រាស់ជីវិតប្រកបដោយគុណភាព គឺជាចំណែកជំរុញឱ្យរកឃើញនូវសក្តានុពលផ្ទាល់ខ្លួន រួមទាំងបង្កើនសមត្ថភាពប្រសើរជាងមុនក្នុងការដោះស្រាយបញ្ហា ការថែទាំងខ្លួនឯង និងធ្វើឱ្យខ្លួនឯងកាន់តែមានភាពរីកចម្រើនជាប្រចាំ ។ តាមរយៈគេហទំព័រ A dime Saved បានបង្ហាញគន្លឹះសំខាន់ៗចំនួន៣ ដើម្បីពង្រឹងគុណភាព នៃការរស់នៅ។
១. ចំណាយពេលជាមួយធម្មជាតិ ៖ យល់អំពីខ្លួនឯងគឺជាចំណុចសំខាន់ក្នុងការធ្វើឱ្យជីវិតរស់នៅកាន់តែមានភាពល្អប្រសើរជាងមុន ហើយវិធីមួយជួយសម្រេចត្រង់ចំណុចនេះបាន គឺត្រូវមានពេលក្នុងការកាត់ផ្តាច់រាល់ការរំខាននានា ដូចជា ទូរស័ព្ទ ការងារ និងសូម្បីតែប្រភេទសៀវភៅដែលតម្រូវឱ្យប្រើប្រាស់ការគិតច្រើន។ បរិយាកាសធម្មជាតិ មិនត្រឹមតែជាកន្លែងមួយដែលផ្តល់នូវភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីតាំងមួយដែលជំរុញឱ្យសុខភាពផ្លូវចិត្តមានភាពល្អប្រសើរ ជួយរំងាប់អារម្មណ៍ និងជាទីកន្លែងក្នុងការកាត់ផ្តាច់នូវការរំខានទាំងឡាយ។ បន្ថែមពីនោះ ធម្មជាតិ ជាកន្លែងដ៏សមរម្យជួយដល់ការឆ្លុះបញ្ចាំង និងទទួលបានសន្តិភាពផ្លូវចិត្តពីខាងក្នុង។

២. ធ្វើឱ្យរាងកាយមានភាពសកម្ម ៖ ចិត្ត ឬក៏ការគិត គឺជាឧបករណ៍ដែលមានឥទ្ធិពល ជារឿយៗយើងបានបណ្តោយឱ្យការគិតបានធ្លាក់ចូលអន្ទាក់ នៃផ្នត់គំនិតអវិជ្ជាមានជាច្រើន ដែលជាមូលហេតុនាំឱ្យភាពតានតឹង និងការបាក់ទឹកចិត្តអាចចូលមកគ្រប់គ្រងលើការគិតបាន ខណៈការគិតមិនបានល្អ ក៏ជាចំណែកនាំឱ្យការថែទាំងរាងកាយមិនបានល្អដូចគ្នាដែរ។ ទាំងនេះជាហេតុផលដែលប្រាប់ថា ការពង្រឹងសុខភាពរាងកាយ ឬធ្វើឱ្យរាងកាយមានភាពសកម្មជាចំណែកសំខាន់ក្នុងការពង្រឹងរបៀបរស់នៅដ៏ល្អ។ អនុញ្ញាតឱ្យរាងកាយ មានឱកាសបំលាស់ទី តាមរយៈលំហាត់ប្រាណ ឬការដើរលេងៗចុះឡើងៗឱ្យបានច្រើន។

៣. ប្តេជ្ញាថែរក្សាទំនាក់ទំនងល្អ ៖ ធម្មជាតិនៃមនុស្សគឺត្រូវការទំនាក់ទំនង ហើយបរិយាកាសសង្គមមួយដែលអាចវិវឌ្ឍន៍ល្អទៅបាន គឺត្រូវការមនុស្សក្នុងសង្គមនោះមានការប្រាស្រ័យទាក់ទងល្អទៅវិញទៅមក។ ដូច្នេះការប្តេជ្ញារក្សាទំនាក់ទំនងល្អ បង្កើនភាពស្និទ្ធស្នាល តាមរយៈការចំណាយពេលជាមួយគ្រួសារ មិត្ត និងនិយាយរួសរាយរាក់ទាក់ទៅកាន់អ្នកជិតខាង ថែមទាំងរក្សានិងពង្រីកទំនាក់ទំនងបន្ថែមឱ្យមានភាពទូលំទូលាយពីមួយពេលទៅមួយពេល៕




























