តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម ដើម្បីឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ នៅខែកញ្ញា ឆ្នាំ២០២៦ នេះ។
អាហារូបករណ៍ដែល University of Bath ផ្ដល់ជូននាពេលនេះនឹងជួយកាត់បន្ថយថ្លៃសិក្សា ទទួលស្គាល់សមត្ថភាពសិក្សាឆ្នើម សក្ដានុពលអនាគត និងភាពជាអ្នកដឹកនាំ។
ចំពោះនិស្សិតដែលត្រូវបានជ្រើសរើសឱ្យចូលសិក្សា គឺអាចទទួលបានការបញ្ចុះថ្លៃសិក្សាប្រហែល ១០,៨០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយតម្លៃសរុបអាចមានប្រហែល ៣២,៤០០ ដុល្លារអាមេរិក ក្នុងរយៈពេល ៣ ឆ្នាំ។
ចំពោះលក្ខខណ្ឌជ្រើសរើស៖
• បើកទូលាយសម្រាប់និស្សិតអន្តរជាតិ ដែលត្រូវបង់ថ្លៃសិក្សាជានិស្សិតបរទេស
• បេក្ខជនត្រូវមានលិខិតផ្តល់កន្លែងសិក្សា (Offer Letter) សម្រាប់ថ្នាក់បរិញ្ញាបត្រនៅ University of Bath ចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ២០២៦
• ត្រូវជាបេក្ខជនចូលរៀនឆ្នាំទី១ ថ្មី
• ត្រូវមានប្រវត្តិសិក្សាល្អ
• បេក្ខជនត្រូវបំពេញពាក្យសុំអាហារូបករណ៍តាមរយៈ Bath Application Tracker
• និស្សិតដែលទទួលបានអាហារូបករណ៍ ត្រូវជ្រើស University of Bath ជាជម្រើស UCAS ចម្បង (Firm Choice)
• ត្រូវបំពេញតាមលក្ខខណ្ឌភាសាអង់គ្លេសសម្រាប់មុខវិជ្ជាដែលបានជ្រើសរើស

ឯកសារត្រូវការ៖
• ព្រឹត្តិបត្រពិន្ទុ និងវិញ្ញាបនបត្រសិក្សា
• លទ្ធផលតេស្តភាសាអង់គ្លេស (IELTS, TOEFL, PTE ឬសមមូល)
• សេចក្ដីចម្លងលិខិតឆ្លងដែន (Passport)
• ពាក្យស្នើសុំតាម UCAS និងលិខិតផ្តល់កន្លែងសិក្សាពី University of Bath
[ សម្រាប់ព័ត៌មានបន្ថែម នៃការចុះឈ្មោះ ]
University of Bath គឺជាសាកលវិទ្យាល័យសាធារណៈឈានមុខគេមួយនៅចក្រភពអង់គ្លេស ដែលមានភាពល្បីល្បាញខាងគុណភាពអប់រំខ្ពស់ ការស្រាវជ្រាវ និងការត្រៀមលក្ខណៈឱ្យនិស្សិតរកការងារធ្វើបានយ៉ាងល្អ។ សាកលវិទ្យាល័យនេះ ស្ថិតក្នុងចំណាត់ថ្នាក់កំពូលសម្រាប់ជំនាញគ្រប់គ្រងពាណិជ្ជកម្ម (Marketing, Accounting, Business) ហើយសិស្សជាង ៩៤% រកបានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា៕
អត្ថបទ ៖ ឌិន ថារី













































































