កិច្ចពិភាក្សានៅថ្ងៃទី៣ នៃពិព័រណ៍ FrancoTech បានចាប់ផ្តើមយ៉ាងផុសផុល ដោយផ្តោតលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាកសិកម្ម និងសន្តិសុខស្បៀង ព្រមទាំងធុរកិច្ចឌីជីថល និងនវានុវត្តន៍ ដើម្បីចែករំលែកបទពិសោធន៍ និងស្វែងរកដំណោះស្រាយថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចឌីជីថល។
កិច្ចពិភាក្សាទី១ ស្តីពី «បច្ចេកវិទ្យាកសិកម្ម និងសន្តិសុខស្បៀង» ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ដើម្បីពង្រឹងសន្តិសុខស្បៀង លើកកម្ពស់កសិកម្មប្រកបដោយចីរភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃខ្សែសង្វាក់តម្លៃកសិកម្ម និងចំណីអាហារ។
ក្នុងឱកាសនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ទីផ្សារ និងឧបករណ៍ឌីជីថល អាចជួយឱ្យអ្នកផលិតធ្វើការសម្រេចចិត្តបានកាន់តែល្អប្រសើរ និងកាត់បន្ថយហានិភ័យក្នុងការប្រកួតប្រជែង។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចេកវិទ្យាមិនត្រឹមតែចូលរួមលើកកម្ពស់ផលិតភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយភ្ជាប់រវាងការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារ។ ជាមួយគ្នានេះ កសិករកម្ពុជាកំពុងប្រើប្រាស់បច្ចេកវិទ្យាយ៉ាងទូលំទូលាយ ជាពិសេសគ្រឿងយន្តកសិកម្ម និងឧបករណ៍សម្រាប់ការប្រមូលផល។
ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងពីបំណងរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ្នកស្រាវជ្រាវ និងដៃគូអន្តរជាតិដែលប្រើប្រាស់ភាសាបារាំង និងបណ្តាប្រទេសក្នុងតំបន់អាស៊ី ដើម្បីជំរុញការច្នៃប្រឌិត និងបង្កើតដំណោះស្រាយបច្ចេកទេសថ្មីៗសម្រាប់វិស័យកសិកម្ម។
ឯកឧត្តមបានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនដែលផ្តល់បច្ចេកវិទ្យាឱ្យបន្តចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ព្រមទាំងបង្ហាញក្តីសង្ឃឹមថា កិច្ចពិភាក្សានេះនឹងបង្កើតបាននូវដំណោះស្រាយ និងគំនិតផ្តួចផ្តើមថ្មីៗប្រកបដោយប្រសិទ្ធភាព។
ដោយឡែក កិច្ចពិភាក្សាទី២ ស្តីពី «ធុរកិច្ចឌីជីថល និងនវានុវត្តន៍» ផ្តោតលើការពង្រឹងវិសាលភាពនៃធុរកិច្ចឌីជីថល និងការតភ្ជាប់ទៅកាន់បណ្តាញសហគមន៍ដែលប្រើប្រាស់ភាសាបារាំង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ការចែករំលែកចំណេះដឹង និងការបង្កើតនវានុវត្តន៍ថ្មីៗ។

ការរៀបចំកិច្ចពិភាក្សាទាំងនេះ បានក្លាយជាវេទិកាសម្រាប់អ្នកជំនាញ តំណាងរដ្ឋាភិបាល វិស័យឯកជន និងដៃគូអន្តរជាតិ ចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ព្រឹត្តិការណ៍ FrancoTech ត្រូវបានរៀបចំឡើងជាវេទិកាសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា នវានុវត្តន៍ និងឌីជីថល រវាងកម្ពុជា និងដៃគូអន្តរជាតិ ជាពិសេសបណ្តាប្រទេស និងសហគមន៍ដែលប្រើប្រាស់ភាសាបារាំង៕



























