រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា កម្ពុជា កំពុងពន្លឿនការបម្លែងរដ្ឋាភិបាលឌីជីថល ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព និងបរិយាបន្ន ដើម្បីធ្វើឱ្យសេវាសាធារណៈកាន់តែងាយស្រួល មានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ការលើកឡើងនេះធ្វើឡើងក្នុងវេទិកាពិភាក្សាទី២ ដែលជាវេទិកាថ្នាក់រដ្ឋមន្ត្រីស្តីពីរដ្ឋាភិបាលឌីជីថល នៃ FrancoTech 2026 ក្រោមប្រធានបទ «ការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រកបដោយភាពធន់ បរិយាបន្ន និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ» នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត កំពុងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ផ្លាស់ប្តូររបៀបដែលរដ្ឋាភិបាលដំណើរការ និងផ្តល់សេវាសាធារណៈ ខណៈប្រជាពលរដ្ឋ និងវិស័យធុរកិច្ចកាន់តែត្រូវការសេវាដែលមានល្បឿនលឿន ងាយស្រួលចូលប្រើ និងមានតម្លាភាព។

ឯកឧត្តមបានគូសបញ្ជាក់ថា ការបម្លែងឌីជីថលមិនគួរត្រឹមតែផ្តោតលើការដាក់សេវាដែលមានស្រាប់ទៅក្នុង ប្រព័ន្ឋឡាញនោះទេ ប៉ុន្តែត្រូវរៀបចំឡើងវិញនូវរបៀបដែលរដ្ឋាភិបាលដំណើរការ ដោយកាត់បន្ថយនីតិវិធីរដ្ឋបាលដែលមិនចាំបាច់ និងធ្វើឱ្យសេវាសាធារណៈកាន់តែងាយស្រួលសម្រាប់ប្រជាពលរដ្ឋ និងវិស័យធុរកិច្ច។
ជាមួយគ្នានេះ ឯកឧត្តម ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា ការបម្លែងឌីជីថលត្រូវធានាថា មិនបង្កើតវិសមភាពថ្មីៗ ហើយបច្ចេកវិទ្យាគួរតែជួយនាំរដ្ឋាភិបាលឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ រួមទាំងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាល។
សម្រាប់កម្ពុជា រដ្ឋមន្ត្រីបានបញ្ជាក់ថា ចក្ខុវិស័យរបស់កម្ពុជាគឺអភិវឌ្ឍ «កម្ពុជាឌីជីថល» ឱ្យក្លាយជាវេទិកាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពហុមុខងារ ដែលអាចគាំទ្រដល់ប្រតិបត្តិការឌីជីថល ការចែករំលែកព័ត៌មានប្រកបដោយសុវត្ថិភាព និងការចូលប្រើប្រាស់សេវាសាធារណៈ និងឯកជនបានកាន់តែងាយស្រួល។
ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា គិតត្រឹមខែតុលា ឆ្នាំ២០២៦ ថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថលជាតិរបស់កម្ពុជា Verify.gov.kh ត្រូវបានប្រើប្រាស់ដោយក្រសួង និងស្ថាប័នសាធារណៈចំនួន ៣៨ ព្រមទាំងគ្រឹះស្ថានអប់រំចំនួន ៧៧ និងបានគាំទ្រការផ្ទៀងផ្ទាត់ឯកសារប្រមាណ ១២លាន។
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា ការពន្លឿនការបម្លែងរដ្ឋាភិបាលឌីជីថល ត្រូវការកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ សមិទ្ធផល និងដំណោះស្រាយឌីជីថល ជាពិសេសការកសាងប្រព័ន្ធដែលមានសុវត្ថិភាព បរិយាបន្ន និងអាចបម្រើប្រជាពលរដ្ឋបានកាន់តែប្រសើរ៕





























