បរាជ័យជារឿងមួយដែលពិបាកនឹងទទួលយកបំផុត។ ពេលជួបប្រទះនឹងការខកចិត្តជាបន្តបន្ទាប់ មិនថារឿងផ្ទាល់ខ្លួន ឬការងារនោះទេ វាអាចធ្វើឱ្យយើងមើលឃើញខ្លួនឯងក្នុងផ្លូវអវិជ្ជមាន បាត់បង់ទំនុកចិត្ត និងគិតថា ខ្លួនឯងលែងមានតម្លៃអ្វីទាំងអស់។
បើយោងតាមការលើកឡើងរបស់ បណ្ឌិត Elise Kalokerinos អ្នកជំនាញផ្នែកចិត្តវិទ្យាសង្គម និងជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី បានឱ្យដឹងថា អារម្មណ៍ខកចិត្តទាំងនេះអាចវិវត្តទៅជាការមើលស្រាលខ្លួនឯង ឬការបន្ទោសខ្លួនឯងឥតឈប់ឈរ។ ការសិក្សាស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា ការជួបប្រទះបរាជ័យអាចបង្កើនហានិភ័យ នៃបញ្ហាសុខភាពផ្លូវចិត្តថែមទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ យើងពិតជាអាចបង្វែរអារម្មណ៍ពីការខកចិត្ត ឱ្យទៅជាភាពម្ចាស់ការលើខ្លួនឯងបាន តាមរយៈការចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ ខាងក្រោមនេះគឺជាវិធីសាស្ត្រជាក់ស្តែងទាំង ១០ ដែលណែនាំដោយអ្នកជំនាញចិត្តសាស្ត្រ ដើម្បីជួយអ្នកសម្រួលអារម្មណ៍ និងដឹកនាំផ្នត់គំនិតឆ្ពោះទៅរកភាពជោគជ័យសាជាថ្មី៖
១. ទទួលស្គាល់អារម្មណ៍ពិតរបស់ខ្លួនឯង
សម្រាប់ដំណោះស្រាយលើអារម្មណ៍ខកចិត្ត យោបល់ដំបូងរបស់បណ្ឌិត Kalokerinos គឺ «ការទទួលស្គាល់»។ ចូរប្រាប់ខ្លួនឯងថា វាជារឿងធម្មតាទេដែលយើងមានអារម្មណ៍មិនល្អនៅពេលដំបូងដែលអ្វីៗមិនបានដូចបំណង។ ការបណ្តោយឱ្យខ្លួនឯងបង្ហាញអារម្មណ៍ឈឺចាប់ ឬខកចិត្តបន្តិចបន្តួច គឺជារឿងដែលត្រូវយល់ដឹង និងទទួលយក។
២. មានចិត្តមេត្តាចំពោះខ្លួនឯង
ការទទួលស្គាល់គឺជាផ្នែកមួយនៃគំនិតដ៏ធំទូលាយមួយទៀតហៅថា ការមានចិត្តមេត្តាចំពោះខ្លួនឯង ដែលក្នុងនោះអ្នកត្រូវចេះប្រព្រឹត្តចំពោះខ្លួនឯងដូចជាមិត្តភក្តិជិតស្និទ្ធម្នាក់ដែរ។ ការស្រាវជ្រាវបានបង្ហាញថា ការមានចិត្តល្អចំពោះខ្លួនឯងអាចជួយបង្កើនអារម្មណ៍វិជ្ជមាន និងកាត់បន្ថយការគិតវិលវល់ដដែលៗក្នុងខួរក្បាល។

ប្រសិនបើអ្នកកំពុងពិបាករកវិធីថែរក្សាខ្លួនឯង សូមសាកល្បងសម្រាករយៈពេលកន្លះម៉ោងដើម្បីបញ្ចូលថាមពលឡើងវិញ ដូចជាការគេងបន្តិច ឬទាក់ទងទៅមិត្តភក្តិដែលអ្នកទុកចិត្ត។ ការធ្វើសមាធិក៏ជាមធ្យោបាយដ៏មានឥទ្ធិពលក្នុងការជួយឱ្យអ្នកស្គាល់ និងទប់ស្កាត់ការនិយាយបង្អាប់ខ្លួនឯងក្នុងចិត្ត ដែលបង្កឱ្យមានភាពតានតឹងផងដែរ។
៣. ប្រើប្រាស់វិធីបង្វែរអារម្មណ៍ដើម្បីកំណត់ការគិតឡើងវិញ
ការបង្វែរអារម្មណ៍មិនមែនជាការលាក់បាំង ឬសង្កត់សង្កិនអារម្មណ៍នោះទេ ប៉ុន្តែវាជាការសម្រាកបណ្តោះអាសន្នដើម្បីផ្តោតលើអ្វីផ្សេងដែលមានភាពវិជ្ជមាន។ វាមិនត្រឹមតែធ្វើឱ្យអារម្មណ៍ធូរស្រាលប៉ុណ្ណោះទេ ថែមទាំងជួយឱ្យយើងងាយស្រួលក្នុងការត្រឡប់មកដោះស្រាយបញ្ហាដោយក្បាលស្រឡះជាងមុន។
៤. បង្កើតសំណើច ឬរឿងកំប្លែង
ការសើច ឬការស្វែងរកភាពសប្បាយរីករាយ អាចជាជម្រើសចុងក្រោយដែលយើងនឹកឃើញពេលកំពុងបរាជ័យ ប៉ុន្តែការសិក្សាបានបង្ហាញថា រឿងកំប្លែង និងសំណើច គឺជាឧបករណ៍គ្រប់គ្រងអារម្មណ៍ដ៏មានឥទ្ធិពល សូម្បីតែអ្នកកំពុងជួបប្រទះរោគសញ្ញាជំងឺបាក់ទឹកចិត្តក៏ដោយ។
៥. កែប្រែរបៀបនិយាយជាមួយខ្លួនឯង
ពេលរឿងរ៉ាវមិនបានដូចបំណង យើងងាយនឹងធ្លាក់ចូលទៅក្នុងសង្វាក់នៃការគិតអវិជ្ជមានជាមួយខ្លួនឯងណាស់។ លោកបណ្ឌិត Jason Moser សាស្ត្រាចារ្យ និងជាអ្នកជំនាញចិត្តសាស្ត្រ clinical មួយរូប បានណែនាំវិធីសាមញ្ញមួយគឺ ការនិយាយទៅកាន់ខ្លួនឯងដោយប្រើឈ្មោះផ្ទាល់ខ្លួន ឬពាក្យថា «អ្នក» ជំនួសឱ្យការប្រើពាក្យថា «ខ្ញុំ»។ ការធ្វើបែប (Distanced Self-Talk) នឹងជួយបង្កើតគម្លាតអារម្មណ៍ដ៏មានប្រយោជន៍ ដើម្បីកាត់បន្ថយភាពតានតឹងពីស្ថានការណ៍ពិបាកៗនោះ។
៦. តភ្ជាប់ខ្លួនទៅនឹងតម្លៃស្នូលរបស់អ្នក
ទោះបីជាអ្វីៗមិនបានដូចការរំពឹងទុកក៏ដោយ ក៏អ្នកគួរតែបន្តរក្សាភាពស្មោះត្រង់ចំពោះតម្លៃស្នូលរបស់ខ្លួនឯង ដូចជាការស្រលាញ់ការរីកចម្រើន ការស្វែងរកឱកាសថ្មីៗ និងការហ៊ានប្រឈមមុខនឹងបញ្ហាប្រឈម។ ការរំឭកខ្លួនឯងអំពីអ្វីដែលមានតម្លៃបំផុតក្នុងជីវិត អាចជួយបន្ធូរបន្ថយភាពតានតឹង និងផ្តល់កម្លាំងចិត្តពីអ្វីដែលមានអត្ថន័យធំធេងជាងការបរាជ័យចំពោះមុខ។
៧. មើលឃើញបរាជ័យជាមតិកែលម្អ

មនុស្សដែលមានភាពធន់ខ្ពស់ក្នុងជីវិត គឺពួកគាត់ចេះរៀនសូត្រពីកំហុស ជាជាងមានអារម្មណ៍ខ្មាសអៀន។ កំហុសឆ្គង និងឧបសគ្គមិនមែនជាអ្នកកំណត់តម្លៃនៃជីវិតរបស់អ្នកឡើយ ប៉ុន្តែវាគឺជា «ព័ត៌មាន» ដែលជួយឱ្យអ្នកកាន់តែពូកែជាងមុន។
៨. រៀបចំផែនការសកម្មភាពសម្រាប់ពេលក្រោយ
កាលណាអ្នកចាប់ផ្តើមស្ងប់ចិត្ត និងទាញយកមេរៀនពីកំហុសបានហើយ ចូរចំណាយពេលគិតគូរពីរៀបចំផែនការទុកជាមុនថា តើអ្នកគួរត្រូវធ្វើអ្វីខ្លះបើជួបស្ថានភាពបែបនេះសាជាថ្មី។ ការធ្វើបែបនេះជួយឱ្យអ្នកដឹងថា តើផ្នែកណាមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នក និងផ្នែកណាមួយដែលហួសពីលទ្ធភាពរបស់អ្នក។
៩. ស្វែងរកចំណុចវិជ្ជមានដែលមិននឹកស្មានដល់
នៅក្នុងស្ថានការណ៍ដែលស្មុគស្មាញ ឬជូរចត់បំផុត ចូរចោទសួរខ្លួនឯងថា «តើមានរឿងល្អអ្វីខ្លះដែលកើតឡើងពីការបរាជ័យនេះ?» ឬ «តើខ្ញុំទទួលបានបទពិសោធន៍អ្វីខ្លះដែលខ្ញុំមិនធ្លាប់មានពីមុន?» ការរកឃើញពន្លឺតូចមួយក្នុងចំណោមភាពងងឹត អាចជួយផ្លាស់ប្តូរទស្សនៈ និងបើកទ្វារឆ្ពោះទៅរកឱកាសថ្មីៗ។
១០. ស្វែងរកជំនួយ និងការគាំទ្រ
ប្រសិនបើអ្នកបានព្យាយាមគ្រប់វិធីហើយ ប៉ុន្តែនៅតែមិនអាចឆ្លងកាត់អារម្មណ៍អវិជ្ជមាននេះបានទេ ការស្នើសុំជំនួយពីមិត្តភក្តិ ក្រុមគ្រួសារដែលយល់ចិត្ត ឬអ្នកជំនាញផ្នែកចិត្តសាស្ត្រ គឺជាជម្រើសដ៏ឆ្លាតវៃបំផុត។ ត្រូវចាំថា ការជ្រើសរើសមនុស្សដែលត្រឹមត្រូវសម្រាប់ពិភាក្សា គឺជារឿងសំខាន់បំផុតដើម្បីជៀសវាងការទទួលបានការវាយតម្លៃអវិជ្ជមានដែលធ្វើឱ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនទៅវិញ៕




























