គោលការណ៍បង្រៀន៧ចំណុច ដែលឆ្លើយតបការអប់រំសតវត្សទី២១

ការបង្រៀន ឬការអប់រំសិស្ស ជាសកម្មភាពស្មុគស្មាញ និងមានសកម្មភាពចម្រុះជាច្រើន ដែលក្នុងនោះគ្រូបង្រៀនដើរតួនាទីអនុវត្តភារកិច្ច និងគោលដៅក្នុងពេលតែមួយ និងមានភាពបត់បែន។ ទន្ទឹមគ្នានេះ គោលដៅដែលគ្រូបង្រៀនចង់បាន គឺសិស្សទទួលបានទាំងចំណេះដឹង ការអនុវត្តជាក់ស្ដែង និងក្រមសីលធម៌រស់នៅជាពលរដ្ឋល្អក្នុងសង្គម។

បើតាម សៀវភៅការអភិវឌ្ឍកុមារផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្ននេះ គោលការណ៍បង្រៀនមានលក្ខណៈមួយចំនួន ដែលគ្រូបង្រៀន ឬអ្នកអប់រំគួរស្វែងយល់រួមមាន៖

គោលការណ៍ទី១ ៖ ការបង្រៀនត្រូវធានាឱ្យបាននូវចរិតអប់រំ

ចរិតអប់រំក្នុងការបង្រៀនសំដៅដល់ការបង្រៀនដែលត្រូវផ្ដល់ចំណេះដឹង បំណិន និងឥរិយាបថសិស្សព្រមៗគ្នា។ គ្រូបង្រៀនត្រូវបណ្តុះបណ្តាលចំណេះដឹងវិទ្យាសាស្ត្រ តាមរយៈមេរៀនគ្រប់មុខវិជ្ជាឯកទេស ដោយគួបផ្សំនឹងការអនុវត្តផ្សារភ្ជាប់នឹងជីវភាពជាក់ស្តែង និងសំដៅធ្វើឱ្យសិស្សអភិវឌ្ឍបានផ្នែកសតិបញ្ញាស្មារតីប្រកបដោយសេចក្តីព្យាយាម ទៀងទាត់ មានវិន័យការងារល្អ មានផែនការការងារច្បាស់លាស់ ពោលគឺត្រូវយកចិត្តទុកដាក់លើការអប់រំសតិអារម្មណ៍សិស្ស។

យកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាក្នុងការភ្ជាប់ទំនាក់ទំនងរវាងការផ្តល់ចំណេះ និងការអប់រំ ពោលគឺការផ្ដល់ចំណេះដឹងត្រូវធ្វើឱ្យបានសម្រេចដល់ទិសដៅនៃការអប់រំ។ នៅសតវត្សទី១៧ លោក កូមិនស្គី បានលើករួចមកហើយថា ការបង្រៀនមិនត្រឹមតែផ្តល់ចំណេះដឹងឱ្យសិស្សប៉ុណ្ណោះទេ គឺត្រូវបញ្ចូលទស្សនៈអប់រំ និងជំនឿក្នុងការរៀនសូត្ររបស់សិស្ស តាមរយៈការបង្រៀនគ្រប់មុខវិជ្ជា បណ្តុះឱ្យសិស្សនូវសីលធម៌ និងគុណធម៌។

គោលការណ៍ទី២ ៖ ការបង្រៀនត្រូវធានាឱ្យបាននូវចរិតវិទ្យាសាស្ត្រ

ជាការផ្តល់ដល់សិស្សនូវចំណេះដឹងវិទ្យាសាស្ត្រពិតប្រាកដសមស្របតាមវិទ្យាសាស្ត្រទំនើប, ផ្តល់ចំណេះដឹងដោយមានវិធីសាស្ត្រសមស្រប ក៏ដូចជាទម្លាប់សិស្សឱ្យចេះត្រិះរិះពិចារណាគ្រប់ហេតុការណ៍ ដោយចេះសិក្សាស្រាវជ្រាវបានត្រឹមត្រូវ។

យ៉ាងណាមិញ គ្រូត្រូវផ្តល់ខ្លឹមសារបង្រៀនដែលឆ្លុះបញ្ចាំងពីវប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេស សមស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ និងពិភពលោក។ ទន្ទឹមនឹងនេះ ជ្រើសរើសខ្លឹមសារបង្រៀនឱ្យមានលក្ខណៈជាប្រព័ន្ធពីងាយទៅលំបាក ត្រូវផ្សារភ្ជាប់ខ្លឹមសារចំណេះដឹងតាមមុខវិជ្ជានីមួយៗទៅនឹងមុខវិជ្ជាឯកទេសផ្សេងៗទៀតដូចជា គីមីវិទ្យា ជីវវិទ្យា ទៅនឹងគណិតវិទ្យា, អក្សរសាស្ត្រទៅនឹងប្រវត្តិវិទ្យា, ប្រវត្តិវិទ្យាទៅនឹងភូមិវិទ្យា។ ជាពិសេស ក្នុងការបង្រៀន គ្រូត្រូវកាត់បន្ថយការធ្វើអត្ថាធិប្បាយ ពន្យល់បកស្រាយឱ្យបានតិចបំផុត ត្រូវទុកឱកាសឱ្យសិស្សគិតពិចារណា និងអនុវត្តឱ្យបានច្រើន។

គោលការណ៍ទី៣ ៖ ការបង្រៀនត្រូវធានាឱ្យបាននូវចរិតប្រតិបត្តិ

ចរិតប្រតិបត្តិក្នុងលំនាំនៃការបង្រៀន មានន័យថាផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការប្រតិបត្តិ។ រាល់ការបង្រៀននិងរៀន គេត្រូវជំរុញសិស្សឱ្យយកទ្រឹស្ដីដែលទើបបានរៀនរួចទៅអនុវត្តក្នុងជីវភាពរស់នៅជាក់ស្ដែងក្នុងគ្រួសារ និងក្នុងសង្គម។ ដើម្បីសម្រេចគោលការណ៍នេះ គ្រូបង្រៀនត្រូវធ្វើឱ្យសិស្សយល់ច្បាស់ពីសារសំខាន់នៃការរៀនទ្រឹស្ដី, ការអនុវត្តដែលអាចលើកស្ទួយជីវភាពរស់នៅជាក់ស្ដែង។

ពេលបង្រៀនទ្រឹស្តីចប់ គ្រូត្រូវជ្រើសរើសយកទ្រឹស្ដីណាដែលមានមូលដ្ឋានច្បាស់លាស់ និងងាយស្រួលក្នុងការអនុវត្ត ដើម្បីឱ្យសិស្សអនុវត្តផ្ទាល់ក្នុងថ្នាក់ និងក្រៅថ្នាក់ដោយផ្សារភ្ជាប់នឹងជីវភាពរស់នៅ។ លើសពីនេះ ចាត់តាំងចលនាប្រឡងប្រណាំងបង្រៀនល្អ និងរៀនល្អ ប្រឡងប្រណាំងតែងកំណាព្យ នៅក្នុងសាលារៀនក្នុងឱកាសពិធីផ្សេងៗ និងក្រៅសាលារៀន ឬក្នុងសង្គម។ ជាពិសេស រៀបចំឱ្យមានដំណើរកម្សាន្តសិក្សា ទស្សនកិច្ចនៅរមណីយដ្ឋាននានា រោងចក្រ កសិដ្ឋាន។ តាមរយៈសកម្មភាពនេះ សិស្សមិនត្រឹមតែទទួលបានបទពិសោធថ្មីៗប៉ុណ្ណោះទេ គេនឹងទទួលបាននូវឥរិយាបថវិជ្ជមានចំពោះពលកម្មថែមទៀតផង។

គោលការណ៍ទី៤ ៖ ការបង្រៀនត្រូវធានាឱ្យបាននូវការពង្រឹងចរិតសកម្ម ម្ចាស់ការច្នៃប្រឌិតរបស់សិស្ស ក្រោមការដឹកនាំរបស់គ្រូ

គោលការណ៍នេះ មានន័យថា ក្នុងលំនាំនៃការបង្រៀន តួនាទីដឹកនាំរបស់គ្រូបង្រៀន និងតួនាទីសកម្មរបស់សិស្ស ជាការចាំបាច់មិនអាចខ្វះបាន ក្នុងគ្រប់ករណីទាំងអស់ និងសិស្សត្រូវតែធ្វើសកម្មភាពរួមគា្ន ដើម្បីសម្រេចវត្ថុបំណងមេរៀន។ ដើម្បីជំរុញភាពសកម្មម្ចាស់ការ និងច្នៃប្រឌិតរបស់សិស្ស គ្រូបង្រៀនត្រូវធ្វើឱ្យសិស្សយល់ច្បាស់ពីទិសដៅ និងការកិច្ចនៃការសិក្សារបស់ខ្លួន ដើម្បីដាស់ស្មារតីភ្ញាក់រឮកក្នុងការចូលរួមរៀនសូត្រប្រកបដោយអាកប្បកិរិយាវិជ្ជមាន មានចំណង់ចំណូលចិត្តច្បាស់លាស់ និងហ៊ានលះបង់ដើម្បីសម្រេចបានគោលដៅនោះ។

យ៉ាងណាមិញ គ្រូក៏ត្រូវជំរុញសិស្សឱ្យមានភាពភ្ញាក់រឭក និងម្ចាស់ការរបស់សិស្សក្នុងការទទួលយកចំណេះដឹងតាមរយៈសកម្មភាពផ្ទាល់ខ្លួន បន្ទាប់មកត្រូវឱ្យគេយកចំណេះដឹងទ្រឹស្តីទៅអនុវត្តក្នុងជីវភាពរស់នៅជាក់ស្ដែង។

គោលការណ៍ទី៥ ៖ ការបង្រៀនត្រូវធានាឱ្យបាននូវចរិតអព្ភន្តរញាណ

គោលការណ៍នេះ មានន័យថា ក្នុងលំនាំនៃការបង្រៀន គ្រូត្រូវធ្វើឱ្យវត្ថុ រូបភាពរបស់វត្ថុ ឬបាតុភូតណាមួយលេចឡើងជាក់ស្ដែងនៅចំពោះមុខសិស្ស។ ដើម្បីសម្រេចបានគោលការណ៍នេះ ពេលបង្រៀនគ្រូត្រូវប្រើប្រាស់សម្ភារៈឧបទេស (រូបពិត រូបថត ឬគំនូរ ផែនទី) ឱ្យបានសមស្របតាមខ្លឹមសារមេរៀន។ ទន្ទឹមគ្នានេះ ក្នុងការបង្រៀនគ្រូត្រូវប្រើពាក្យសម្ដីឱ្យបានច្បាស់លាស់ ប្រកបដោយរូបារម្មណ៍ ដើម្បីឱ្យសិស្សប្រើប្រាស់បទពិសោធន៍ពីមុនក្នុងការប៉ានស្មានស្វែងយល់ពីបាតុភូត ឬវត្តុដែលគ្រូកំពុងធ្វើការពន្យល់។ ជាពិសេសការរៀបចំឱ្យមានដំណើរកម្សាន្ត ទស្សនកិច្ចសិក្សានៅកសិដ្ឋាន ឬមូលដ្ឋានផលិតកម្មផ្សេងៗក្នុងតំបន់។

គោលការណ៍ទី៦ ៖ ការបង្រៀនត្រូវធានាឱ្យបាននូវការពង្រឹងចំណេះដឹង បំណិន និងឥរិយាបថ

ការបង្រៀនមិនត្រឹមតែផ្ដល់ចំណេះដឹង បំណិន និងឥរិយាបថសិស្សប៉ុណ្ណោះទេ គឺត្រូវពង្រឹងសមត្ថភាពទាំងនោះជាប្រចាំ ដើម្បីទុកជាមូលដ្ឋានក្នុងការអនុវត្តជាក់ស្ដែងក្នុងជីវភាពរស់នៅ។ ចំណេះដឹងដែលសិស្សមានរួចហើយ ត្រូវតែពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ ចៀសវាងការភ្លេចភ្លាំងនិងអាចអនុវត្តបានល្អត្រឹមត្រូវតាមស្ថានភាពជាក់ស្ដែង។ ម្យ៉ាងទៀត ការចងចាំ ការយល់ច្បាស់ ជាមូលដ្ឋានក្នុងការធានាបាននូវការពង្រឹងចំណេះដឹង បំណិន និងឥរិយាបថ។ ការចងចាំប្រព្រឹត្តទៅបាន ដោយការយល់ច្បាស់ពីអត្ថន័យ ខ្លឹមសារ និងការគួបផ្សំជាមួយលំនឹកកម្មមេកានិច (ទន្ទេញចាំមាត់) ឬលំនឹកកម្មសមហេតុផល។

ដើម្បីអនុវត្តគោលការណ៍នេះឱ្យបានសម្រេចជោគជ័យ គ្រូណែនាំសិស្សឱ្យពិនិត្យសង្កេត ត្រិះរិះពិចារណាស្វែងយល់ឱ្យបានស៊ីជម្រៅពីវដ្ត និងបាតុភូត។ គ្រូបង្រៀនត្រូវជំរុញឱ្យសិស្សយកទ្រឹស្ដីទៅអនុវត្តជានិច្ចកាល។ ទន្ទឹមគ្នានេះ ផ្ដល់សំណួរ ដាក់លំហាត់ ឬកិច្ចការផ្សេងៗឱ្យបានសមស្របតាមសមត្ថភាពសិស្ស និងមានការត្រួតពិនិត្យឱ្យបានទៀងទាត់ និងហ្មត់ចត់បំផុត។ លើសពីនេះ ណែនាំសិស្សឱ្យអនុវត្តស្វ័យសិក្សាជាប្រចាំ។

គោលការណ៍ទី៧ ៖ ការបង្រៀនត្រូវយកចិត្តទុកដាក់ដល់ភាពដោយឡែករបស់សិស្ស

ការយកចិត្តទុកដាក់ដល់វិសេសភាពសិស្ស មានន័យថា ការប្រើប្រាស់ និងជ្រើសរើសខ្លឹមសារមេរៀន វិធីសាស្រ្តបង្រៀន និងរូបភាពចាត់តាំងការបង្រៀនឱ្យសមស្របតាមកម្រិតយល់ដឹង កម្រិតវិន័យ និងបទពិសោធ ដែលសិស្សមានពីមុនរួចហើយ ដោយយកចិត្តទុកដាក់ភាពដោយឡែករបស់សិស្សម្នាក់ៗ ដូចជា រូបរាងកាយ អាយុ ផ្លូវកាយ បញ្ញាស្មារតី និងផ្លូវចិត្ត និងការគួបផ្សំការខិតខំរបស់សិស្សម្នាក់ៗ ជាមួយនឹងការជួយគ្នាទៅវិញទៅមក ក្នុងក្រុមសិស្ស។

គ្រូបង្រៀនត្រូវ ស្វែងយល់ពីលក្ខណៈពិសេសរបស់គ្រួសារសិស្ស និងរបបសង្គម សេដ្ឋកិច្ច ប្រពៃណី ទំនៀមទម្លាប់ដោយផ្សារភ្ជាប់នឹងលក្ខណៈពិសេសខាងចិត្តសរីរវិទ្យារបស់សិស្សម្នាក់ៗ។ រៀបចំជួយសិស្សទៅតាមសមត្ថភាពដោយឡែក ដូចជា បណ្តុំសិស្សពូកែ សិស្សមធ្យម សិស្សរៀនយឺត និងសិស្សមានតម្រូវការពិសេស និងមានការលើកទឹកចិត្ត ដោយមានភាពបត់បែនទៅតាមស្ថានភាពជាក់ស្ដែង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *