អនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប ដាក់បញ្ចូលមុខវិជ្ជាសរសេរកូដ និងរ៉ូបូទិក សម្រាប់កម្មវិធីក្រៅម៉ោងសិក្សា ដើម្បីជំរុញបំណិនបច្ចេកវិទ្យា

អនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ស្ថិតនៅ​ក្នុង​ខេត្តសៀមរាប បានជ្រើសរើស​យក​មុខវិជ្ជាសរសេរកូដ និងរ៉ូបូទិក ដល់សិស្សថ្នាក់ទី៧ សម្រាប់​កម្មវិធីក្រៅម៉ោង​សិក្សា ដើម្បីជំរុញបំណិនបច្ចេកវិទ្យា ដោយ​ក្នុងនោះ សិស្សានុសិស្សបានអនុវត្តគម្រោងរបស់ខ្លួនក្នុងការសរសេរកូដ និងតម្លើងដៃរ៉ូបូត។

លោក ព្រឿន ប្រុញ នាយកអនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ខេត្តសៀមរាប មានប្រសាសន៍ថា ការដាក់បញ្ចូលមុខវិជ្ជាក្រៅម៉ោងសិក្សាបន្ថែមលើមុខវិជ្ជាសិក្សាគោល ផ្នែកសរសេរកូដ និងរ៉ូបូទិក ចំនួន៤ម៉ោងក្នុងមួយសប្ដាហ៍នេះ គឺដោយសារមើលឃើញអំពីសារៈសំខាន់នៃបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្នកំពុងមានតម្រូវការខ្លាំង។ លោកបន្តថា បច្ចុប្បន្ន ប្រសិនជាយើងបង្រៀនសិស្សទៅតាមទម្លាប់ចាស់ដូចពេលមុន ប្រហែលជាមិនអាចសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ឡើយ ពីព្រោះស្ថានភាពនៃនិន្នាការពិភពលោកបានផ្លាស់ប្ដូរទៅរកបច្ចេកវិទ្យាយ៉ាងខ្លាំង។ ដូច្នេះ អនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី តម្រូវឱ្យមានការបង្រៀនគ្រប់រូបភាព ទាំងចំណេះដឹងទូទៅផង និងដាក់បញ្ចូលចំណេះដឹងផ្នែកបច្ចេកវិទ្យាផង។

លោក ព្រឿន ប្រុញ នាយកអនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ខេត្តសៀមរាប

នាយកសាលារៀនជំនាន់ថ្មី នៃអនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប បញ្ជាក់បន្ថែមថា ការអនុវត្តកម្មវិធីសិក្សាមុខវិជ្ជាសរសេរកូដ និងបង្កើតរ៉ូបូទិកនេះ បានចាប់ផ្ដើមអំឡុងឆមាសទី២ នៃឆ្នាំសិក្សា២០២២-២០២៣ ជាការអនុវត្តសាកល្បងក្នុងកម្រិតថ្នាក់ទី៧ ទី៨ និងទី៩ ដោយរៀបចំជាលក្ខណៈក្លឹបសិក្សាចំនួន ២ក្រុមធំៗ។ ចំណែក នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ សាលាបានបន្ថែមក្លឹបសិក្សាចំនួន៣ទៀត នៅកម្រិតថ្នាក់ទី៧ ផ្អែកលើមុខវិជ្ជាសរសេរកូដ និងបង្កើតរ៉ូបូទិក។ ក្នុងនោះ ចំនួនក្លឹបសិក្សាគ្រប់មុខវិជ្ជាទាំងអស់សរុបមានចំនួន ១៨ក្លឹបសិក្សា។

លោក ព្រឿន ប្រុញ បញ្ជាក់បន្ថែមថា ការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់សិស្សានុស្សតាំងពីក្មេង នឹងជួយឱ្យសេដ្ឋកិច្ចប្រទេសជាតិប្រសើរឡើងស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះបើសិនជានៅតាមសាលានីមួយៗបានបណ្ដុះបំណិនបច្ចេកវិទ្យាដល់សិស្សពីក្មេង អាចចាប់ពីថ្នាក់ទី៤ ឬទី៦កាន់តែល្អ ហើយនៅពេលចូលដល់អនុវិទ្យាល័យ ខិតខំបណ្ដុះបណ្ដាលបន្ថែមទៀត នឹងធ្វើឱ្យសិស្សានុសិស្សមានឱកាសច្រើនក្នុងការធ្វើការងារពាក់ព័ន្ធជាមួយវិស័យបច្ចេកវិទ្យា។ លោក ព្រឿន ប្រុញ បន្តថា ការងារដែលប្រើប្រាស់បច្ចេកវិទ្យា ជាការងារទទួលបានប្រាក់ចំណូលខ្ពស់ ដែលអាចជួយឱ្យយុវជនមានជីវភាពប្រសើរឡើង។

បើតាមនាយកសាលារៀនជំនាន់ថ្មី នៃអនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប ការចាប់ផ្ដើមដាក់បញ្ចូលមុខវិជ្ជាក្រៅម៉ោងសិក្សាបន្ថែមផ្នែកសរសេរកូដ និងរ៉ូបូត ដំបូងបានជួបការលំបាក ដោយសារខ្វះខាតធនធានសម្ភារៈ ដូចជា កុំព្យូទ័រ បន្ទប់កុំព្យូទ័រ ក៏ដូចជាខ្វះគ្រូបង្រៀនផ្នែកព័ត៌មានវិទ្យាផងដែរ។ លោក ព្រឿន ប្រុញ បន្តថា គណៈនាយក លោកគ្រូ អ្នកគ្រូ បានមើលឃើញពីសារៈសំខាន់នៃការសិក្សាមុខវិជ្ជាបច្ចេកវិទ្យានេះ ក៏បានចាប់ផ្ដើមជួយគ្នារកដំណោះស្រាយធ្វើយ៉ាងណាឱ្យកម្មវិធីសិក្សាក្រៅម៉ោងបន្ថែមនេះដំណើរការទៅមុខបាន ក៏ដូចជាមានការចូលរួមពីអាណាព្យាបាលសិស្ស និងសហគមន៍គាំទ្រទៅលើដំណើរការរៀនមុខវិជ្ជាបច្ចេកវិទ្យានេះ។ ក្នុងនោះ ក៏មានការគាំទ្រពីអង្គការដៃគូទាក់ទងនឹងបច្ចេកទេស ដោយបានទទួលការបណ្ដុះបណ្ដាលពីអង្គការយូនីសេហ្វ ក្នុងការបង្រៀនសរសេរកូដ និងមានការឧបត្ថម្ភកុំព្យូទ័រដល់សាលាបន្ថែមទៀត។

លោក ព្រឿន ប្រុញ បញ្ជាក់បន្ថែមថា គណៈគ្រប់គ្រងសាលាទាំងអស់ លោកគ្រូ អ្នកគ្រូ ចង់ឃើញអនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ខេត្តសៀមរាប ជាសាលាមួយដែលមានគុណភាព សម្រាប់ផ្ដល់សេវាអប់រំដល់សិស្សានុសិស្ស។ លើសពីនេះ ចង់ឱ្យសាលាមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ នៅពេលណាមួយខាងមុខ។

“ប្រសិនជាមានការទទួលស្គាល់ដែលកើតចេញពីការរួមគ្នាប្រឹងប្រែងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សាលាផ្ទាល់អាចមានឱកាសជួយចែករំលែកបទពិសោធន៍នៃការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សាបន្ថែមនេះ ទៅសាលារៀនផ្សេងៗទៀតដែលមានបំណង និងឆន្ទៈដូចគ្នា”

លោក ព្រឿន ប្រុញ នាយកអនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី

ក្នុងនាមជាថ្នាក់ដឹកនាំសាលា លោក ព្រឿន ប្រុញ មានការតាំងចិត្តប្រឹងប្រែង និងធ្វើការងារជំរុញបំណិនបច្ចេកវិទ្យាទៅមុខទៀតដើម្បីបណ្ដុះធនធានមនុស្សគ្រប់វិស័យសម្រាប់កម្ពុជា។ លោកក៏សំណូមពរដល់ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធទាំងអស់បន្តគាំទ្រជាធនធានថវិកាបន្ថែម ក៏ដូចជាធធានបច្ចេកទេសតាមរយៈការចែករំលែកចំណេះដឹងដល់សាលាផ្ទាល់ ក៏ដូចជាសាលាដទៃទៀតផងដែរ។

លោក យន់ បាន គ្រូបង្រៀនផ្នែកព័ត៌មានវិទ្យា នៃអនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប មានប្រសាសន៍ថា សិស្សានុសិស្សមួយចំនួននៅអនុវិទ្យាអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ខេត្តសៀមរាប ចាប់អារម្មណ៍លើផ្នែកបច្ចេកវិទ្យាជាខ្លាំង។ លោកថា លោកចូលរួមចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់សិស្ស ព្រោះចង់ឱ្យសិស្សចេះពិភាក្សាជាក្រុម ធ្វើការជាដៃគូ និងជំរុញសិស្សឱ្យចេះសរសេរកូដក្នុងកម្រិតដំបូង។

លោក យន់ បាន គ្រូបង្រៀនផ្នែកព័ត៌មានវិទ្យា នៃអនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប

គ្រូបង្រៀនផ្នែកព័ត៌មានវិទ្យា នៃអនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប បញ្ជាក់បន្ថែមថា លោកបានបង្រៀនមុខវិជ្ជាមូលដ្ឋានគ្រឹះផ្នែកសរសេរកូដ និងរបៀបផ្គុំរ៉ូបូតដល់សិស្សានុសិស្សនៅសាលាផ្ទាល់។ ជាការកត់សម្គាល់របស់លោកឃើញថា ការសិក្សារបស់សិស្សក្នុងកម្មវិធីក្រៅម៉ោងសិក្សាបន្ថែមលើមុខវិជ្ជាគោលនេះ សិស្សមានការចូលរួមយ៉ាងសកម្ម ចេះសហការគ្នាទៅវិញទៅមក និងមានការស្រាវជ្រាវកាន់តែល្អប្រសើរ។

បើតាម លោក យន់ បាន សាលាបានផ្ដល់គម្រោងឱ្យសិស្សអនុវត្តក្នុងការការបង្កើតដៃរ៉ូបូត ដែលអាចប្រើជំនួសកម្លាំងមនុស្សក្នុងការលើករបស់ធ្ងន់ៗ។ ហើយមកដល់ពេលនេះ ការបង្កើតដៃរ៉ូបូតនេះ កំពុងដំណើរការបានប្រហែល ៧០%។ លោក យន់ បាន បន្តថា កម្ពុជាពិតជាត្រូវការអ្នកជំនាញផ្នែកបច្ចេកវិទ្យាច្រើន កាលណាសិស្សានុសិស្សបានយល់ពីការសរសេរកូដ ដាក់ចូលក្នុងម៉ាស៊ីនកុំព្យូ័រ និងផ្គុំរ៉ូបូត នឹងជួយឱ្យពួកគេក្លាយជាអ្នកជំនាញផ្នែកបច្ចេកវិទ្យានៅថ្ងៃអនាគតរបស់កម្ពុជា។

កុមារា វាសនា សុខស្ថាបនា ជាសិស្សថ្នាក់ទី៧ «ខ» នៃអនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា នៅពេលបានចូលរៀននៅក្នុងកម្មវិធីក្រៅម៉ោងសិក្សាបន្ថែមលើមុខវិជ្ជាសិក្សាគោលរបស់សាលា រូបគេសប្បាយចិត្តនៅពេលបានរៀនមុខវិជ្ជាសរសេរកូដ និងការបង្កើតរ៉ូបូត។ កុមារា វាសនា សុខស្ថាបនា បន្តថា រូបគេបានស្គាល់ពីគន្លឹះក្នុងការសរសេរកូដ និងរបៀបក្នុងការតម្លើងដៃរ៉ូបូត។

សិស្សថ្នាក់ទី៧ «ខ» នៃអនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ខេត្តសៀមរាប បន្ថែមថា រូបគេចាប់អារម្មណ៍លើមុខវិជ្ជាបច្ចេកវិទ្យានេះ ដោយសារយល់ថា បច្ចុប្បន្នប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ហើយការរៀនមុខវិជ្ជាបច្ចេកវិទ្យានេះ ក៏ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។ កុមារា វាសនា សុខស្ថាបនា បន្តថា នៅថ្ងៃអនាគតរូបគេក៏ចង់ក្លាយជាអ្នកជំនាញផ្នែកសរសេរកូដផងដែរ។

គួរជម្រាបជូនថា ក្នុងឆ្នាំ២០២៤នេះ អនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប ចាប់ផ្ដើមពង្រីកខ្លួនក្លាយទៅជាសាលារៀនជំនាន់ថ្មី ដោយមានការគាំទ្រហេដ្ឋារចនាសម្ព័ន្ធជាបន្ទប់កុំព្យូទ័រ ជាកត្តាសំខាន់ និងចម្បង សម្រាប់ជំរុញឱ្យសាលារៀននេះ ចាប់ផ្ដើមបង្រៀនមុខវិជ្ជាបច្ចេកវិទ្យាដល់សិស្សានុសិស្ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...