អនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប ដាក់បញ្ចូលមុខវិជ្ជាសរសេរកូដ និងរ៉ូបូទិក សម្រាប់កម្មវិធីក្រៅម៉ោងសិក្សា ដើម្បីជំរុញបំណិនបច្ចេកវិទ្យា

អនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ស្ថិតនៅ​ក្នុង​ខេត្តសៀមរាប បានជ្រើសរើស​យក​មុខវិជ្ជាសរសេរកូដ និងរ៉ូបូទិក ដល់សិស្សថ្នាក់ទី៧ សម្រាប់​កម្មវិធីក្រៅម៉ោង​សិក្សា ដើម្បីជំរុញបំណិនបច្ចេកវិទ្យា ដោយ​ក្នុងនោះ សិស្សានុសិស្សបានអនុវត្តគម្រោងរបស់ខ្លួនក្នុងការសរសេរកូដ និងតម្លើងដៃរ៉ូបូត។

លោក ព្រឿន ប្រុញ នាយកអនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ខេត្តសៀមរាប មានប្រសាសន៍ថា ការដាក់បញ្ចូលមុខវិជ្ជាក្រៅម៉ោងសិក្សាបន្ថែមលើមុខវិជ្ជាសិក្សាគោល ផ្នែកសរសេរកូដ និងរ៉ូបូទិក ចំនួន៤ម៉ោងក្នុងមួយសប្ដាហ៍នេះ គឺដោយសារមើលឃើញអំពីសារៈសំខាន់នៃបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្នកំពុងមានតម្រូវការខ្លាំង។ លោកបន្តថា បច្ចុប្បន្ន ប្រសិនជាយើងបង្រៀនសិស្សទៅតាមទម្លាប់ចាស់ដូចពេលមុន ប្រហែលជាមិនអាចសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ឡើយ ពីព្រោះស្ថានភាពនៃនិន្នាការពិភពលោកបានផ្លាស់ប្ដូរទៅរកបច្ចេកវិទ្យាយ៉ាងខ្លាំង។ ដូច្នេះ អនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី តម្រូវឱ្យមានការបង្រៀនគ្រប់រូបភាព ទាំងចំណេះដឹងទូទៅផង និងដាក់បញ្ចូលចំណេះដឹងផ្នែកបច្ចេកវិទ្យាផង។

លោក ព្រឿន ប្រុញ នាយកអនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ខេត្តសៀមរាប

នាយកសាលារៀនជំនាន់ថ្មី នៃអនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប បញ្ជាក់បន្ថែមថា ការអនុវត្តកម្មវិធីសិក្សាមុខវិជ្ជាសរសេរកូដ និងបង្កើតរ៉ូបូទិកនេះ បានចាប់ផ្ដើមអំឡុងឆមាសទី២ នៃឆ្នាំសិក្សា២០២២-២០២៣ ជាការអនុវត្តសាកល្បងក្នុងកម្រិតថ្នាក់ទី៧ ទី៨ និងទី៩ ដោយរៀបចំជាលក្ខណៈក្លឹបសិក្សាចំនួន ២ក្រុមធំៗ។ ចំណែក នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ សាលាបានបន្ថែមក្លឹបសិក្សាចំនួន៣ទៀត នៅកម្រិតថ្នាក់ទី៧ ផ្អែកលើមុខវិជ្ជាសរសេរកូដ និងបង្កើតរ៉ូបូទិក។ ក្នុងនោះ ចំនួនក្លឹបសិក្សាគ្រប់មុខវិជ្ជាទាំងអស់សរុបមានចំនួន ១៨ក្លឹបសិក្សា។

លោក ព្រឿន ប្រុញ បញ្ជាក់បន្ថែមថា ការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់សិស្សានុស្សតាំងពីក្មេង នឹងជួយឱ្យសេដ្ឋកិច្ចប្រទេសជាតិប្រសើរឡើងស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះបើសិនជានៅតាមសាលានីមួយៗបានបណ្ដុះបំណិនបច្ចេកវិទ្យាដល់សិស្សពីក្មេង អាចចាប់ពីថ្នាក់ទី៤ ឬទី៦កាន់តែល្អ ហើយនៅពេលចូលដល់អនុវិទ្យាល័យ ខិតខំបណ្ដុះបណ្ដាលបន្ថែមទៀត នឹងធ្វើឱ្យសិស្សានុសិស្សមានឱកាសច្រើនក្នុងការធ្វើការងារពាក់ព័ន្ធជាមួយវិស័យបច្ចេកវិទ្យា។ លោក ព្រឿន ប្រុញ បន្តថា ការងារដែលប្រើប្រាស់បច្ចេកវិទ្យា ជាការងារទទួលបានប្រាក់ចំណូលខ្ពស់ ដែលអាចជួយឱ្យយុវជនមានជីវភាពប្រសើរឡើង។

បើតាមនាយកសាលារៀនជំនាន់ថ្មី នៃអនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប ការចាប់ផ្ដើមដាក់បញ្ចូលមុខវិជ្ជាក្រៅម៉ោងសិក្សាបន្ថែមផ្នែកសរសេរកូដ និងរ៉ូបូត ដំបូងបានជួបការលំបាក ដោយសារខ្វះខាតធនធានសម្ភារៈ ដូចជា កុំព្យូទ័រ បន្ទប់កុំព្យូទ័រ ក៏ដូចជាខ្វះគ្រូបង្រៀនផ្នែកព័ត៌មានវិទ្យាផងដែរ។ លោក ព្រឿន ប្រុញ បន្តថា គណៈនាយក លោកគ្រូ អ្នកគ្រូ បានមើលឃើញពីសារៈសំខាន់នៃការសិក្សាមុខវិជ្ជាបច្ចេកវិទ្យានេះ ក៏បានចាប់ផ្ដើមជួយគ្នារកដំណោះស្រាយធ្វើយ៉ាងណាឱ្យកម្មវិធីសិក្សាក្រៅម៉ោងបន្ថែមនេះដំណើរការទៅមុខបាន ក៏ដូចជាមានការចូលរួមពីអាណាព្យាបាលសិស្ស និងសហគមន៍គាំទ្រទៅលើដំណើរការរៀនមុខវិជ្ជាបច្ចេកវិទ្យានេះ។ ក្នុងនោះ ក៏មានការគាំទ្រពីអង្គការដៃគូទាក់ទងនឹងបច្ចេកទេស ដោយបានទទួលការបណ្ដុះបណ្ដាលពីអង្គការយូនីសេហ្វ ក្នុងការបង្រៀនសរសេរកូដ និងមានការឧបត្ថម្ភកុំព្យូទ័រដល់សាលាបន្ថែមទៀត។

លោក ព្រឿន ប្រុញ បញ្ជាក់បន្ថែមថា គណៈគ្រប់គ្រងសាលាទាំងអស់ លោកគ្រូ អ្នកគ្រូ ចង់ឃើញអនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ខេត្តសៀមរាប ជាសាលាមួយដែលមានគុណភាព សម្រាប់ផ្ដល់សេវាអប់រំដល់សិស្សានុសិស្ស។ លើសពីនេះ ចង់ឱ្យសាលាមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ នៅពេលណាមួយខាងមុខ។

“ប្រសិនជាមានការទទួលស្គាល់ដែលកើតចេញពីការរួមគ្នាប្រឹងប្រែងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សាលាផ្ទាល់អាចមានឱកាសជួយចែករំលែកបទពិសោធន៍នៃការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សាបន្ថែមនេះ ទៅសាលារៀនផ្សេងៗទៀតដែលមានបំណង និងឆន្ទៈដូចគ្នា”

លោក ព្រឿន ប្រុញ នាយកអនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី

ក្នុងនាមជាថ្នាក់ដឹកនាំសាលា លោក ព្រឿន ប្រុញ មានការតាំងចិត្តប្រឹងប្រែង និងធ្វើការងារជំរុញបំណិនបច្ចេកវិទ្យាទៅមុខទៀតដើម្បីបណ្ដុះធនធានមនុស្សគ្រប់វិស័យសម្រាប់កម្ពុជា។ លោកក៏សំណូមពរដល់ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធទាំងអស់បន្តគាំទ្រជាធនធានថវិកាបន្ថែម ក៏ដូចជាធធានបច្ចេកទេសតាមរយៈការចែករំលែកចំណេះដឹងដល់សាលាផ្ទាល់ ក៏ដូចជាសាលាដទៃទៀតផងដែរ។

លោក យន់ បាន គ្រូបង្រៀនផ្នែកព័ត៌មានវិទ្យា នៃអនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប មានប្រសាសន៍ថា សិស្សានុសិស្សមួយចំនួននៅអនុវិទ្យាអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ខេត្តសៀមរាប ចាប់អារម្មណ៍លើផ្នែកបច្ចេកវិទ្យាជាខ្លាំង។ លោកថា លោកចូលរួមចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់សិស្ស ព្រោះចង់ឱ្យសិស្សចេះពិភាក្សាជាក្រុម ធ្វើការជាដៃគូ និងជំរុញសិស្សឱ្យចេះសរសេរកូដក្នុងកម្រិតដំបូង។

លោក យន់ បាន គ្រូបង្រៀនផ្នែកព័ត៌មានវិទ្យា នៃអនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប

គ្រូបង្រៀនផ្នែកព័ត៌មានវិទ្យា នៃអនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប បញ្ជាក់បន្ថែមថា លោកបានបង្រៀនមុខវិជ្ជាមូលដ្ឋានគ្រឹះផ្នែកសរសេរកូដ និងរបៀបផ្គុំរ៉ូបូតដល់សិស្សានុសិស្សនៅសាលាផ្ទាល់។ ជាការកត់សម្គាល់របស់លោកឃើញថា ការសិក្សារបស់សិស្សក្នុងកម្មវិធីក្រៅម៉ោងសិក្សាបន្ថែមលើមុខវិជ្ជាគោលនេះ សិស្សមានការចូលរួមយ៉ាងសកម្ម ចេះសហការគ្នាទៅវិញទៅមក និងមានការស្រាវជ្រាវកាន់តែល្អប្រសើរ។

បើតាម លោក យន់ បាន សាលាបានផ្ដល់គម្រោងឱ្យសិស្សអនុវត្តក្នុងការការបង្កើតដៃរ៉ូបូត ដែលអាចប្រើជំនួសកម្លាំងមនុស្សក្នុងការលើករបស់ធ្ងន់ៗ។ ហើយមកដល់ពេលនេះ ការបង្កើតដៃរ៉ូបូតនេះ កំពុងដំណើរការបានប្រហែល ៧០%។ លោក យន់ បាន បន្តថា កម្ពុជាពិតជាត្រូវការអ្នកជំនាញផ្នែកបច្ចេកវិទ្យាច្រើន កាលណាសិស្សានុសិស្សបានយល់ពីការសរសេរកូដ ដាក់ចូលក្នុងម៉ាស៊ីនកុំព្យូ័រ និងផ្គុំរ៉ូបូត នឹងជួយឱ្យពួកគេក្លាយជាអ្នកជំនាញផ្នែកបច្ចេកវិទ្យានៅថ្ងៃអនាគតរបស់កម្ពុជា។

កុមារា វាសនា សុខស្ថាបនា ជាសិស្សថ្នាក់ទី៧ «ខ» នៃអនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា នៅពេលបានចូលរៀននៅក្នុងកម្មវិធីក្រៅម៉ោងសិក្សាបន្ថែមលើមុខវិជ្ជាសិក្សាគោលរបស់សាលា រូបគេសប្បាយចិត្តនៅពេលបានរៀនមុខវិជ្ជាសរសេរកូដ និងការបង្កើតរ៉ូបូត។ កុមារា វាសនា សុខស្ថាបនា បន្តថា រូបគេបានស្គាល់ពីគន្លឹះក្នុងការសរសេរកូដ និងរបៀបក្នុងការតម្លើងដៃរ៉ូបូត។

សិស្សថ្នាក់ទី៧ «ខ» នៃអនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ខេត្តសៀមរាប បន្ថែមថា រូបគេចាប់អារម្មណ៍លើមុខវិជ្ជាបច្ចេកវិទ្យានេះ ដោយសារយល់ថា បច្ចុប្បន្នប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ហើយការរៀនមុខវិជ្ជាបច្ចេកវិទ្យានេះ ក៏ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។ កុមារា វាសនា សុខស្ថាបនា បន្តថា នៅថ្ងៃអនាគតរូបគេក៏ចង់ក្លាយជាអ្នកជំនាញផ្នែកសរសេរកូដផងដែរ។

គួរជម្រាបជូនថា ក្នុងឆ្នាំ២០២៤នេះ អនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប ចាប់ផ្ដើមពង្រីកខ្លួនក្លាយទៅជាសាលារៀនជំនាន់ថ្មី ដោយមានការគាំទ្រហេដ្ឋារចនាសម្ព័ន្ធជាបន្ទប់កុំព្យូទ័រ ជាកត្តាសំខាន់ និងចម្បង សម្រាប់ជំរុញឱ្យសាលារៀននេះ ចាប់ផ្ដើមបង្រៀនមុខវិជ្ជាបច្ចេកវិទ្យាដល់សិស្សានុសិស្ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។