ចំណេះដឹងទូទៅ ៖ រយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ មនុស្សរស់នៅលើភពផែនដីអស់ ចាប់ផ្តើមនាំគ្នាពិចារណារិៈរកវិធីរស់នៅប្រកបដោយនិរន្តភាព ឬជាភាសាអង់គ្លេសថា Sustainable Living ដើម្បីសម្រស់អស្ចារ្យនៃពិភពលោកនិងសម្រាប់មនុស្សជំនាន់ក្រោយ។ មនុស្សគិតដល់ចំណុចនេះ ដោយសាររាល់សកម្មភាពរស់នៅប្រចាំថ្ងៃកំពុងបំផ្លាញនិងប៉ះពាល់យ៉ាងខ្លាំងដល់ធម្មជាតិទាំងឡាយនៅក្នុងភពផែនដី។

សកម្មភាពរស់នៅប្រចាំថ្ងៃ រួមមានការទទួលទានអាហារ សាច់ មធ្យោបាយធ្វើដំណើរ រាប់ទាំងការទាយយកធនធានធម្មជាតិ និងសកម្មភាពគំរាមកំហែងបរិស្ថាន ទាំងនេះសុទ្ធសឹងជាប្រធានបទសំខាន់ៗដែលមនុស្សកំពុងពិចារណា។ មិនមែនមានន័យថា មនុស្សបញ្ឈប់សកម្មភាពទាំងនេះទេ ប៉ុន្តែអាចរកវិធីសាស្ត្ររស់នៅឱ្យប្រសើរជាងនេះ តាមរយៈការកាត់បន្ថយផលប៉ះពាល់បរិស្ថានរស់នៅ។
មូលដ្ឋាននៃការរស់នៅប្រកបដោយនិរន្តភាព សម្តៅទៅលើការរស់នៅកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិរបស់ភពផែនដីឱ្យបានច្រើនបំផុត ព្រមទាំងថែរក្សាការពារវាផងដែរ។ មានវិធីមួយចំនួនដែលមនុស្សអាចធ្វើបាន ដូចជា ការប្រើប្រាស់ថាមពលកើតឡើងវិញ និងការរៀបចំរបបអាហារប្រចាំថ្ងៃឡើងវិញឱ្យបានត្រឹមត្រូវ និងសន្សំសំចៃបំផុត។

សកម្មភាពសាមញ្ញៗដែលមនុស្សអាចជួយឱ្យការរស់នៅប្រកដដោយនិរន្តភាពបាន មានដូចជា ប្រើប្រាស់ថាមពលដោយសន្សំសំចៃ ទទួលទានសាច់តិចជាងមុន ប្រើប្រាស់របស់អាចកែច្នៃបានឡើងវិញ កាត់បន្ថយការប្រើប្រាស់ក្រដាស ប្រើប្រាស់ថាមពលកកើតឡើងវិញ កែច្នៃនិងប្រើប្រាស់ឡើងវិញនូវកាកសំណល់ទាំងឡាយ។
ទន្ទឹមគ្នានេះ មនុស្សត្រូវបង្កើតផលិតផលប្រើប្រាស់ខ្លួនឯង ចែករំលែកនិងបរិច្ចាគសម្ភារៈប្រើប្រាស់ដែលអ្នកឈប់ប្រើដល់អ្នកដទៃ សន្សំសំចៃទឹក ទិញផលិតផលបរិស្ថាន បើកបរឱ្យតិចជាងមុន កុំខ្ជះខ្ជាយអាហារ ប្រើប្រាស់សម្លៀកបំពាក់មិនសូវផ្តល់ផលប៉ះពាល់ដល់បរិស្ថាន និងប្រើប្រាស់ឧបករណ៍ដែលមិនប៉ះពាល់ដល់បរិស្ថាន ឬហៅថា eco-friendly ជាដើម។
សូមបញ្ជាក់ថា សកម្មភាពទាញយកធនធានធម្មជាតិកាន់តែច្រើន ការប្រើប្រាស់ថាមពលកាន់តែច្រើនជារៀងរាល់ថ្ងៃ អាចបណ្តាឱ្យពិភពលោកបង្កើនកាកសំណល់កាន់តែច្រើន នោះមានន័យថាអត្រារស់នៅប្រកបដោយនិរន្តភាពរបស់មនុស្សជាតិ និងសម្រាប់មនុស្សជំនាន់ក្រោយ ចាប់ផ្តើមធ្លាក់ទាបជាមុនជាពុំខាន៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។










































































