ក្រោមការសម្របសម្រួលពីក្រុមការងារនៃធនាគារពិភពលោក កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមការងារ ថ្នាលបឋម PLP EdTech នៃនាយកដ្ឋានបឋមសិក្សា និងក្រុមការងារ MoEYS EdTech នៃមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានជួបប្រជុំគ្នា ក្នុងជំហានយុទ្ធសាស្រ្តឆ្ពោះទៅកាន់ភាពជោគជ័យ នៃការធ្វើតេស្ត PISA ដែលជាការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
ការជួបគ្នារវាងក្រុមការងារកម្មវិធី MoEYS EdTech និងក្រុមការងារបច្ចេកទេស ថ្នាលបឋម PLP គឺក្នុងគោលបំណងផ្ដោតលើការតម្រឹមថ្នាលអប់រំទាំងពីរឱ្យស៊ីចង្វាក់គ្នា ជៀសវាងការរអាក់រអួលក្នុងការសិក្សា (Learning Reset), បង្ហាញលទ្ធផល នៃការអនុវត្តក្របខ័ណ្ឌចំណេះដឹងសកល (GPF) និងការធ្វើបរិវត្តកម្មកម្មវិធី MoEYS EdTech ឱ្យស្របតាមស្តង់ដាបច្ចេកទេសដែលបានអភិវឌ្ឍ។
ថ្នាលបឋម PLP គឺជាថ្នាលឌីជីថល ដើម្បីគាំទ្រដល់ការរៀន និងការបង្រៀន ក៏ដូចជាការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនជាប្រចាំ ព្រមទាំងមានការត្រួតពិនិត្យលើការសិក្សារបស់សិស្សក្នុងកម្រិតបឋមសិក្សា ដោយប្រើប្រាស់បច្ចេកវិទ្យា។ ថ្នាល PLP នេះ ក៏អាចឱ្យសិស្សបង្កើនចំណេះដឹងខ្លួនឯងបន្ថែម តាមរយៈការធ្វើសំណួរតេស្តលើមុខវិជ្ជានានាដូចជា ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និងមុខវិជ្ជាផ្សេងទៀត ទៅតាមមេរៀននីមួយៗដែលមានដូចនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំដែរ។

ដោយឡែក MoEYS EdTech គឺជាកម្មវិធីទូរស័ព្ទដៃ ដែលផ្តល់នូវធនធាន និងឧបករណ៍ អប់រំសម្បូរបែប ដែលជួយដល់ ការស្វ័យសិក្សារបស់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដោយប្រើបច្ចេកវិទ្យាទំនើប និងរួមទាំងមានការសម្រិតសម្រាំងតេស្តអនុវត្តសម្រាប់មុខវិជ្ជាសិក្សាទាំង១០ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ។
លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា ក្រោយកិច្ចសហការនេះ សិស្សានុសិស្សនៅកម្រិតបឋមសិក្សា នឹងមិនជួបប្រទះភាពរអាក់រអួល (Learning Shock) នោះទេ នៅពេលពួកគេបញ្ចប់បឋមសិក្សា ហើយបន្តឡើងទៅអនុវិទ្យាល័យ។ លើសពីនេះ នឹងមិនមានការចាប់ផ្តើមរៀនសារថ្មីពីដើមឡើងវិញ (Learning Reset) កើតឡើងបន្តទៀតឡើយ ពេលសិស្សចប់ភូមិសិក្សានីមួយៗ។

ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជឿជាក់ថា ការចាប់ដៃគ្នារវាង PLP និង MoEYS EdTech នឹងបង្កើតឱ្យមានផលជះជាវិជ្ជមានក្នុងកម្រិតជាតិ។ ទន្ទឹមគ្នានេះ លទ្ធផលនៃការប្រឡងតេស្តស្តង់ដារអន្តរជាតិ SEA-PLM និង PISA នាពេលខាងមុខ ជាពិសេសតេស្ត PISA នៅឆ្នាំ២០៣៣ នឹងទទួលបានលទ្ធផលល្អប្រសើរដូចបានគ្រោងទុក គឺឈានទៅដល់កម្រិតប្រទេសចំណូលមធ្យមកម្រិតខ្ពស់។
គួរជំរាបជូនថា បន្ទាប់ពីកិច្ចជំនួបនោះ ក្រុមការងារបានសម្រេចនូវសកម្មភាព និងលទ្ធផលសំខាន់ៗចំនួន ៥ រួមមាន ៖ ទី១ ក្រុមការងារ PLP នឹងចែករំលែកបទពិសោធន៍ ហើយត្រង់ណាចាំបាច់នឹងធ្វើការបណ្តុះបណ្តាលដល់ក្រុមការងារ MoEYS EdTech អំពីរបៀបធ្វើសមាហរណកម្ម និងតម្រឹមសមត្ថភាពសិក្សាទៅលើជំនាញគោលចំនួន ៣ គឺ អំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ នៅលើ Platfrom របស់ខ្លួន។ ទី២ មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងចាត់តាំងអ្នកជំនាញផ្នែកខ្លឹមសារ និងកម្មវិធី (App) ចំនួន ៦០រូប (២០រូបផ្នែកអំណាន ២០រូបផ្នែកគណិតវិទ្យា និង២០រូបផ្នែកវិទ្យាសាស្ត្រ) ដើម្បីទទួលការបណ្តុះបណ្តាលពីក្រុមការងារ PLP រួចរៀបចំបង្កើតខ្លឹមសារ និងសំណួរលំហាត់សម្រាប់ធ្វើបច្ចុប្បន្នភាពបញ្ចូលទៅក្នុង App ដោយផ្តោតលើថ្នាក់ទី៧មុន បន្ទាប់មកឈានទៅថ្នាក់ទី៨ និង៩ ជាបន្តបន្ទាប់។

ទី៣ កម្មវិធី MoEYS EdTech នឹងត្រូវធ្វើបច្ចុប្បន្នភាពឱ្យដំណើរការជាទម្រង់ Web-based កាន់តែប្រសើរឡើងស្រដៀងទៅនឹង PLP ដែរ ដើម្បីធានាថា សិស្សានុសិស្សនឹងមិនជួបប្រទះភាពរអាក់រអួល ឬបញ្ហាប្រឈមខ្លាំង (Learning Shock) នៅពេលផ្លាស់ប្តូរការប្រើប្រាស់ ហើយអាចអនុវត្តដោយមិនពឹងតែលើអ៊ិនធើណិតបាន (Off-line)។ ទី៤ កម្មវិធី MoEYS EdTech នឹងធ្វើបច្ចុប្បន្នភាពវិញ្ញាសាតេស្តដែលមានស្រាប់ ឱ្យស្របទៅតាមក្របខណ្ឌសមត្ថភាពសកល (Global Proficiency Framework) ព្រោះការស្រាវជ្រាវបានបង្ហាញថា ការសិក្សាដើម្បីចំណេះដឹងសាកល គឺនាំទៅសម្រេចស្តង់ដាតេស្តកម្រិតអន្តរជាតិដែរ មិនមែនសិក្សាតែវិញ្ញាសាតេស្តអន្តរជាតិដើម្បីចូលប្រឡងតេស្តប្រភេទនេះនោះទេ និងទី៥ មហាវិទ្យាល័យអប់រំ នឹងបន្តពង្រីកការបណ្តុះបណ្តាលនេះទៅដល់នាយកសាលា និងលោកគ្រូអ្នកគ្រូ ដែលជាគ្រូបណ្តុះបណ្តាលបង្គោលនៅក្នុងកម្មវិធី TUP និង LUP នៃគម្រោង GEIP៕





























