ការឌីហ្សាញ ដែលគិតគូរអំពីផលវិជ្ជមានទៅលើសុខុមាលភាពអ្នកប្រើប្រាស់ បរិស្ថាន និងសង្គម អាចជួយដោះស្រាយបញ្ហាសុខភាពសាធារណៈបានយ៉ាងច្រើន។ ដើម្បីយល់អំពីសារៈសំខាន់នៃបញ្ហានេះ វាចាំបាច់ក្នុងការទទួលស្គាល់ពីធម្មជាតិនៃបញ្ហាសុខភាពរ៉ាំរ៉ៃជាមុនសិន។ ជំងឺមិនឆ្លង (NCDs) ដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែក គឺជាមូលហេតុចម្បងនៃការស្លាប់នៅទូទាំងពិភពលោក។
នៅឆ្នាំ២០២១ មនុស្សចំនួន ៤៣លាននាក់នៅទូទាំងពិភពលោក បានបាត់បង់ជីវិតដោយសារតែជំងឺមិនឆ្លង ស្មើនឹង ៧៥ភាគរយ នៃការស្លាប់ដែលមិនទាក់ទងនឹងជំងឺរាតត្បាត ខណៈដែលមនុស្ស ១៨លាននាក់ បានស្លាប់មុនអាយុ ៧០ឆ្នាំ។ ភស្ដុតាងបង្ហាញថា ៨២ភាគរយ នៃការស្លាប់មុនអាយុបានកើតឡើងនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម។ លើសពីការបាត់បង់អាយុជីវិត ជំងឺទាំងនេះ ជាប្រភពធ្វើឱ្យមនុស្សរស់នៅក្នុងវិបត្តិសុខភាព និងមានគុណភាពជីវិតកម្រិតទាប។

ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត បន្ទុកផ្នែកសេដ្ឋកិច្ចដែលបណ្ដាលមកពីជំងឺមិនឆ្លងអាចឈានដល់ ៤៧ទ្រីលានដុល្លារអាម៉េរិក នៅឆ្នាំ២០៣០ ដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងបន្តភាពក្រីក្រ ដែលបណ្ដាលមកពីការចំណាយលើថ្លៃព្យាបាលខ្ពស់ និងការបាត់បង់ផលិតភាព។
ការដោះស្រាយបញ្ហាប្រឈមនៃការកើនឡើងនៃជំងឺមិនឆ្លងជាផ្នែកមួយនៃការគិតឡើងវិញពីរបៀបដែលយើងរៀបចំបរិស្ថានរបស់យើង និងអនុវត្តការអន្តរាគមន៍ ដើម្បីជំរុញលទ្ធផល ដែលល្អប្រសើរសម្រាប់សង្គម។ ដោយសារជំងឺមិនឆ្លង ត្រូវបានផ្សារភ្ជាប់ទៅនឹងកត្តាហានិភ័យ នៃអាកប្បកិរិយា និងបរិស្ថាន ដូចជា អសកម្មរាងកាយ របបអាហារមិនល្អ និងការបំពុលអាកាស។ ហេតុនេះ វិធានការរចនា និងរៀបចំទីក្រុង ត្រូវរចនាឡើងដើម្បីលើកកម្ពស់ការរស់នៅ ដែលជំរុញឱ្យមានសុខភាពល្អ។
ការរចនាទីក្រុង សម្រាប់ការធ្វើចលនា
ការបង្កើត និងជួសជុលឡើងវិញនូវកន្លែងដែលជំរុញការធ្វើចលនា និងសកម្មភាពរាងកាយក្នុងទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។ តំបន់ទីក្រុង ដែលមានហេដ្ឋារចនាសម័ន្ធជិះកង់ និងដើរយ៉ាងទូលាយ នឹងជំរុញឱ្យមនុស្ស មានទម្លាប់រស់នៅប្រចាំថ្ងៃ កាន់តែល្អប្រសើរ។
ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជិះកង់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយកម្រិតនៃភាពធាត់ និងជំងឺលើសឈាម ហើយភូមិដ្ឋានដែលមានផ្លូវអំណោយផលសម្រាប់ការដើរ ដូចជាមានឧទ្យាន និងការដឹកជញ្ជូនសាធារណៈ ដែលជំរុញឱ្យប្រជាជន មានសកម្មភាពរាងកាយកាន់តែសកម្ម។
នៅទីក្រុង Copenhagen ប្រទេសដាយណឺម៉ាក ៤៩ភាគរយ នៃការធ្វើដំណើរទៅធ្វើការ ឬទៅសាលារៀនទាំងអស់ ត្រូវបានធ្វើឡើងដោយកង់ ដោយអ្នកស្រុកទាំងអស់ ជិះកង់ក្នុងរយៈចម្ងាយប្រមាណ ១,៤៤លានគីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ។ ការរចនាទីក្រុង ដែលផ្ដល់ភាពងាយស្រួលសម្រាប់ការជិះកង់ រួមបញ្ចូលនូវលក្ខណៈមួយចំនួនដូចជា ផ្លូវស្ងប់ស្ងាត់ មានគន្លងសម្រាប់កង់ ផ្លូវពណ៌បៃតង និងផ្ដាច់គន្លងសម្រាប់ការជិះកង់ ចេញពីតំបន់ដែលមានភាពមរមាញឹក។
នៅក្នុងប្រទេសអ៊ីតាលី តំបន់ Romagna គឺជាលំនៅដ្ឋានរបស់មនុស្សប្រហែលល ១,១លាននាក់ ហើយបាននិងកំពុងដឹកនាំគម្រោង Wellness Valley ។ គំនិតផ្ដួចផ្ដើម ដែលមានភាគីពាក់ព័ន្ធជាច្រើនចូលរួមបានដោះស្រាយហានិភ័យសុខភាពរ៉ាំរ៉ៃ តាមរយៈគម្រូការបង្កើតថ្មីក្នុងសង្គម រួមទាំងការរចនាហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញឱ្យមនុស្សបង្កើនចលនា។ ជាក់ស្ដែង តំបន់ Rimini បានផ្លាស់ប្ដូរឆ្នេរសមុទ្ររបស់ខ្លួន សម្រាប់ការដើរ និងជិះកង់ ដោយតំបន់នោះ មិនអនុញ្ញាតឱ្យមានឡានធ្វើដំណើរនោះទេ។ ជាលទ្ធផល ប្រជាជននៅតំបន់នេះ មានសកម្មភាពរាងកាយ សកម្មជាងប្រជាជននៅតំបន់ផ្សេង១០ភាគរយ។ លើសពីនេះ ទៅទៀត ២៣ភាគរយ នៃប្រជាជន ដែលរស់នៅទីនេះ បានដើរ និងជិះកង់ជារៀងរាល់ថ្ងៃ។

ការសិក្សាមួយ ដែលធ្វើឡើងលើទីក្រុងចំនួន ១៤ ក្នុងប្រទេសចំនួន ១០ បានរកឃើញថា មនុស្សដែលរស់នៅក្នុងសង្កាត់ ដែលងាយស្រួលធ្វើសកម្មភាពរាងកាយ បានធ្វើសកម្មភាពរាងកាយច្រើនជាង ៦៨-៦៩ នាទីក្នុងមួយសប្ដាហ៍។ ការសិក្សាមួយទៀត បានរកឃើញថា មនុស្សដែលរស់នៅក្នុងតំបន់ដែលមានកន្លែងដើរងាយស្រួល ប្រជាជនមានអត្រាធាត់ទាប ជាងតំបន់ដែលមនុស្សមិនសូវដើរ។
ឥទ្ធិពលនៃការរចនាទីក្រុងបៃតង
ការរចនាទីក្រុង ដោយគិតពីលំហធម្មជាតិ ក៏ចាំបាច់ផងដែរ ព្រោះលំហបៃតងក្នុងទីក្រុងអាចផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់សុខភាព ដូចជា ការលើកកម្ពស់សកម្មភាពរាងកាយ ការកាត់បន្ថយភាពតានតឹង និងជំរុញទំនាក់ទំនងក្នុងសង្គមឱ្យរឹតតែប្រសើរឡើង។ លើសពីនេះ ទីក្រុងពណ៌បៃតង អាចរួមចំណែកដល់ការពង្រឹងគុណភាពខ្យល់ តាមរយៈការច្រោះជាតិពុល និងផលិតអុកស៊ីហ្សែនបន្ថែម ដែលជាចំណែកសំខាន់ ក្នុងការកាត់បន្ថយជំងឺមិនឆ្លង ទាក់ទងនឹងផ្លូវដង្ហើម៕





























