ថែទាំសុខភាពផ្លូវចិត្តកុមារជារឿងសំខាន់ក្នុងស្ថានភាពមិនច្បាស់លាស់នៃកូវីដ-១៩

ភ្នំពេញ៖ ភាពមិនច្បាស់​លាស់នៃការ​រីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ បណ្តាលឱ្យឪពុកម្ដាយ និងអាណាព្យាបាលមួយចំនួនព្រួយបារម្ភខ្លាំងពីសុវត្ថិភាពសុខភាព អាជីវកម្មប្រចាំថ្ងៃ និងខ្វល់ខ្វាយពីការសិក្សារបស់កូនៗ។ ស្ថានភាពដ៏លំបាកនេះ អ្នកជំនាញអប់រំកុមារយល់ថា ឪពុកម្ដាយត្រូវយកចិត្ត​ទុក​ដាក់​ឱ្យ​បានខ្ពស់ទៅលើសុខភាពផ្លូវចិត្ត និងផ្តល់ការអប់រំត្រឹមត្រូវដល់កុមារ​។

ម្តាយចូលរួមសកម្មភាពបង្រៀនកូន- រូបត

អ្នកស្រី សរ ម៉ុន្ថា នាយិកាមណ្ឌលអប់រំកុមារតូចស៊ីជីដាកម្ពុជា មានប្រសាសន៍ថា ឥទ្ធិពលនៃជំងឺផ្លូវដង្ហើមកូវីដ-១៩ បានបង្កការលំបាកដល់ឪពុកម្ដាយ និងកូនៗ ហើយភារកិច្ចចម្បងនាពេលនេះ ម្តាយឪពុកត្រូវរក្សាផ្លូវចិត្តឱ្យបានល្អ ពង្រឹងស្មារតីឱ្យរឹងមាំ បញ្ចៀសខ្លួនពីគំនិតអវិជ្ជមានទាំងឡាយ ដោយងាកមកយកចិត្តទុកដាក់ខ្លាំងបំផុតលើការអប់រំកូន។ ក្នុងដំណាក់កាលនេះ អាណាព្យាបាលគួរចំណាយពេលវេលាឱ្យបានច្រើនសម្រាប់បង្រៀនកូន និងផ្ដល់ភាពកក់ក្ដៅដល់កូន។

“នៅក្នុងស្ថានភាព​រីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ ឪពុកម្ដាយត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឱ្យវិជ្ជមាន និងផ្តល់ការអប់រំដ៏ល្អដល់​កូន”

អ្នកស្រី សរ ម៉ុន្ថា នាយិកាមណ្ឌលអប់រំកុមារតូចស៊ីជីដាកម្ពុជា

នាយិកាមណ្ឌលអប់រំកុមារតូចរូបនេះ បានបន្ថែមទៀតថា ក្រៅពីការគ្រប់គ្រងផ្លូវចិត្តឱ្យបានប្រសើរ ឪពុកម្តាយគួរបង្កើតសកម្មភាពល្អៗដើម្បីលើកទឹក​ចិត្តដល់កូន មានពេលវេលាអានសៀវភៅឱ្យកូនស្ដាប់ ឬឱ្យកូនអានសៀវភៅឱ្យស្ដាប់វិញ។ ការអានសៀវភៅជាមួយកូនៗជាជម្រើសល្អជួយឱ្យទំនាក់ទំនងឪពុ​ក​ម្ដាយ និងកូនកាន់តែមានភាពស្និតស្នាល។

អ្នកជំនាញអប់រំកុមារខាងលើបានផ្តល់ដំបូន្មានថា ឪពុកម្ដាយមិនត្រូវប្រើអំពើហិង្សាក្នុងទម្រង់ណាមួយលើកូន។ ទន្ទឹមគ្នានេះ ប្រសិន​បើ​ឪពុកម្ដាយមានអារម្មណ៍មិន​ល្អមិន​ត្រូវ​បង្ហាញ​សកម្មភាពទាំងនោះ​អាចនាំឱ្យកូនឃើញឡើយ។ ឪពុកម្តាយគ្រប់រូបត្រូវប្រកាន់គោលជំហររឹងមាំទោះស្ថិតក្នុងស្ថានភាពលំបាក ត្រូវគិតវិជ្ជមានជានិច្ច និងធ្វើអ្វីៗតាមលទ្ធភាពអាចធ្វើទៅបានដើម្បីខ្លួនឯង កូនៗ ក្រុមគ្រួសារ និងសង្គម។

គួរបញ្ជាក់ថា អំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ឪពុកម្ដាយត្រូវធ្វើជាគម្រូល្អដល់កូន ដើម្បីឱ្យកូនដឹងថាក្នុងស្ថានភាពលំបាកនេះឪពុកម្ដាយនៅតែអាចជម្នះបាន នៅតែមានស្នាមញញឹម មានពេលវេលាសម្រាប់កូន និងគិតវិជ្ជមានជានិច្ច៕