ភ្នំពេញ៖ សិស្សរៀនពូកែ រៀនបានពិន្ទុខ្ពស់ ប្រឡងជាប់ និងមានឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យ គឺជោគជ័យមួយចំណែកនៅក្នុងជីវិតសិក្សាមុននឹងចាប់អាជីពឬមុខរបរចិញ្ចឹមជីវិត។ ប្រសិនបើសិស្សចង់ជោគជ័យរបៀបនេះ ទាល់តែសិស្សខ្លួនឯងមានវិន័យផ្ទាល់ខ្លួន និងមានក្តីស្រមៃឱ្យខ្ពស់បន្តិចនៅក្នុងជីវិតសិក្សា។ នេះជាការយល់ឃើញរបស់លោក មី សុវណ្ណ គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ នៃវិទ្យាល័យវិទ្យាល័យ ហ៊ុន សែន បាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក មី សុវណ្ណ បានពន្យល់ថា ក្នុងពេលកំពុងរៀនសិស្សត្រូវមានក្តីស្រមៃឱ្យបានខ្ពស់ ពីព្រោះក្តីស្រមៃគឺជាសូរព្រលឹង ឬជារូបារម្មណ៍ដែលដាស់សតិឱ្យមនុស្សដើរទៅកាន់គោលដៅ និងទទួលបានជោគជ័យពិតប្រាកដ។
លោកបន្តថា ៖
“សិស្សមានអនាគតនៅវែងឆ្ងាយណាស់ ប្រៀបដូចជាក្រដាសសស្អាតដែលមិនទាន់បានគូសវាសដោយសង្គមនៅឡើយ។ ដូច្នេះគប្បីដាក់សំណួរថា តើខ្ញុំចង់ក្លាយជាអ្វី? អនាគតចង់ធ្វើអ្វី? ហើយបន្ទាប់ពីបញ្ចប់ថ្នាក់បាក់ឌុបរួច តើខ្ញុំជ្រើសយកជំនាញអ្វីសិក្សាបន្ត? ហើយមធ្យោបាយអ្វី ដែលខ្លួនគប្បីឈោងចាប់យកឱ្យបាន។ ឆ្លើយសំណួរទាំងនេះឱ្យអាចសិស្សបំផុសគោលដៅច្បាស់លាស់ក្នុងការសិក្សា”
គ្រូបង្រៀនវិទ្យាល័យហ៊ុន សែន បាត់ដឹងរូបនេះ បានបន្តទៀតថា ដើម្បីសម្រេចគោលដៅសិក្សា សិស្សគប្បីតាំងចិត្តឱ្យបានខ្ពស់ ព្រោះការតាំងចិត្តជាជំហានមួយ ដែលនាំឱ្យខ្លួនប្រឹងប្រែង តស៊ូដោយមិនចេះនឿយណាយ។
លោក មី សុវណ្ណ បានលើកឡើងដោយសុទិដ្ឋិនិយមថា គ្មានបុគ្គលណា អស្ចារ្យជាងបុគ្គលណាឡើយ សំខាន់គឺម្នាក់ៗមានទេពកោសល្យរៀងៗខ្លួន។
“ជាក់ស្តែងសំណួរ ហេតុអ្វីបានជាអ្នកចង់ក្លាយជាគ្រូបង្រៀន? ចម្លើយយ៉ាងខ្លី គឺខ្ញុំចង់ក្លាយជាអ្នកបណ្តុះបណ្តាលធនធានមនុស្ស ព្រោះគ្រូបង្រៀនជាវិស្វករព្រលឹង ហើយការងារគ្រូបង្រៀននេះធ្វើឱ្យយើងត្រូវរៀនសូត្រពេញមួយជីវិត។ ខ្ញុំចូលចិត្តអាន និងស្រឡាញ់ការអានសៀវភៅ ហើយអាជីពជាគ្រូបង្រៀនធ្វើឱ្យខ្ញុំអានសៀវភៅរាល់ថ្ងៃ។ ត្រង់នេះជាគោលដៅរបស់ខ្ញុំ”
មានបទពិសោធន៍ប្រាំមួយឆ្នាំក្នុងអាជីពជាគ្រូបង្រៀន និងបានយល់ពីអត្តចរិកសិស្សានុសិស្សកន្លងទៅ លោកគ្រូ មី សុវណ្ណ បានបង្ហើរការយល់ឃើញផ្ទាល់ខ្លួនថា សិស្សគប្បីមានទស្សនវិស័យវែងឆ្ងាយ និងមើលឃើញសង្គមក្នុងរូបភាពនៃការប្រកួតប្រជែង និងរូបភាពនៃការជឿនលឿនជារៀងរាល់ថ្ងៃ។ មានជីវិតគឺត្រូវមានក្តីស្រមៃ មានក្តីស្រមៃធ្វើឱ្យយើងមានការរីកចម្រើន។ ប្រសិនបើមិនហ៊ានស្រមៃស្មើនឹងប្រមាថខ្លួនឯង ឬបង្អាប់ខ្លួនឯង។ ក្នុងនាមជាសិស្សកំពុងសិក្សា ត្រូវដាក់គោលដៅបង្កើតក្តីស្រមៃវិជ្ជមាន ព្រមទាំងដាក់វិធីសាស្ត្រដើម្បីដើរទៅរកគោលដៅនោះ។
តើធ្វើយ៉ាងម៉េចទើបសិស្សមានក្តីស្រមៃ? លោក មី សុវណ្ណ បានបញ្ជាក់យ៉ាងខ្លីថា សិស្សត្រូវរៀនស្វែងយល់ពីបរិបទនៃការរីកចម្រើនសង្គម ស្គាល់ខ្លួនឯងឱ្យបានច្បាស់លាស់ និងត្រូវលុះទៅក្នុងសង្គមដោយចិញ្ចឹមមហិច្ឆតា និងឆន្ទៈរបស់ខ្លួនជានិច្ច។ សមដូចពាក្យមួយឃ្លាថា ៖
«ក្រអ្វីក៏ក្រចុះ កុំឱ្យក្រសេចក្តីសង្ឃឹម»
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ 2014 លោក មី សុវណ្ណ បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន បាត់ដឹង ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ។ លោកបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីឆ្នាំ 2017 និងបានបញ្ចប់ការសិក្សាគរុនិស្សិតអក្សរសាស្ត្រខ្មែរ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងឆ្នាំ 2018 ។
ដូចគ្នានេះដែរ កាលពី ឆ្នាំ 2014 លោក មី សុវណ្ណ បានបញ្ចប់ការសិក្សាផ្នែកគរុសិស្សបារាំង-ខ្មែរ នៅវិទ្យាស្ថានជាតិអប់រំ។ កើតក្នុងគ្រួសារត្រកូលកសិករ លោក មី សុវណ្ណ មានទីកន្លែងកើតនៅភូមិដំណាក់ព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្ន ត្បូងឃ្មុំ)។ កន្លងទៅ លោកក៏ធ្លាប់ជាគ្រូបង្រៀនភាសាខ្មែរនៅសាកលវិទ្យាល័យល្បីមួយ នៅប្រទេសចិនដែរ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។



























