បរទេស ៖ នៅក្នុងជីវិតមួយនេះ គឺមានជំនាញជាច្រើនដែលមនុស្សត្រូវរៀនដើម្បីសម្របខ្លួនជាមួយនឹងពិភពលោក ។ នៅក្នុងសាលារៀន យើងបានរៀនពីរបៀបសរសេរ អាន និង គណិតវិទ្យាជាដើម ដែលនេះគឺជាជំនាញមូលដ្ឋាន ដើម្បីជាដំណើរទៅកាន់សាកលវិទ្យាល័យ មានការងារធ្វើ និងបម្រើសង្គម។ ស្របពេលនេះដែរ មានជំនាញធម្មជាតិមួយចំនួនដែលមិនបានបង្រៀនយើងនៅក្នុងសាលារៀនផងដែរ ដោយសារវាមានភាពពិបាក ប៉ុន្តែជំនាញទាំងនោះនឹងផ្តល់ប្រយោជន៍ដល់មនុស្សពេញមួយជីវិត។
១. វិន័យក្នុងការធ្វើអ្វីមួយឱ្យជាប់លាប់ ៖ ការចេះរៀបចំពេលវេលាសម្រាប់ការងារអ្វីមួយ គឺជាផ្នែកមួយនៃការប្រយុទ្ធដ៏អស្ចារ្យបំផុត។ ទោះបីជាវាអ្នកចងចាំថានឹងត្រូវធ្វើវាក៏ដោយ ប៉ុន្តែការរៀនរៀបចំពេលវេលាឱ្យជាប់លាប់នឹងផ្តល់អត្ថប្រយោជន៍ទាំងរយៈពេលខ្លី និងរយៈពេលវែង ពីព្រោះវាប្រៀបដូចជាការហាត់ប្រាណបញ្ចេញអរម៉ូន endorphins និង កាត់បន្ថយហានិភ័យរបស់អ្នក។ ការកែលម្អទម្លាប់នេះផ្តល់អត្ថប្រយោជន៍ទាំងផ្លូវចិត្ត ផ្លូវកាយ និង ពេញមួយជីវិត ហើយផ្តល់ប្រាក់ចំណូលបានច្រើនទៀតផង។

២. ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ៖ មិនថាអ្នករកចំណូលបានប៉ុន្មាននោះទេ ប៉ុន្តែប្រសិនបើអ្នកចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន នោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនឹងកាន់តែប្រសើរឡើង និងអាចតាមដានថា លុយរបស់អ្នកចំណាយទៅអ្វីខ្លះ។ អ្នកអាចរៀនតាមការអានសៀវភៅពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុដូចជាសៀវភៅ Rich dad, poor dad, The 80/20 Principle និង Financial Freedom។ ការចេះគ្រប់គ្រងការចំណាយ សន្សំលុយ និង ការចេះវិនិយោគ គឺជារឿងអស្ចារ្យមួយ និងមានប្រយោជន៍ដល់ថ្ងៃអនាគតទៀតផង។
៣. ការសមាធិ ៖ ការសមាធិស្ងៀមស្ងាត់ក្នុងរយៈពេលណាមួយអាចជាការលំបាក ប៉ុន្តែមនុស្សជាច្រើនអនុវត្តការសមាធិសឹងតែពេញមួយជីវិតរបស់ពួកគេ ដើម្បីឱ្យចិត្តពួកគេស្ងប់ ។ អ្នកវិទ្យាសាស្រ្តបង្ហាញថា សូម្បីតែការធ្វើសមាធិត្រឹមតែពីរបីនាទីក្នុងមួយថ្ងៃ ក៏អាចមានភាពប្រសើរឡើងក្នុងជីវិត និងខួរក្បាលរបស់អ្នកផងដែរ។ ការធ្វើសមាធិអាចជួយអ្នកផ្តោតលើអ្វីក្នុងពេលឥឡូវ ចេះគ្រប់គ្រងភាពតានតឹង បង្កើនភាពច្នៃប្រឌិត មានភាពអត់ធ្មត់ និងកាត់បន្ថយអារម្មណ៍អវិជ្ជមាន។ ការធ្វើសមាធិក៏មានអត្ថប្រយោជន៍រយៈពេលវែងសំខាន់ៗមួយចំនួនផងដែរ ដោយសារវាអាចជួយរក្សាខួរក្បាលរបស់អ្នកឱ្យបានល្អជាងការប្រើថ្នាំ។
៤. ជំនាញក្នុងការសរសេរបែបទំនាក់ទំនង ៖ នេះគឺជាវិធីដែលអ្នកប្រាស្រ័យទាក់ទងជាមួយពិភពលោក និងមនុស្សដែលទាក់ទងជាមួយអ្នក។ ប្រសិនបើអ្នកអាចទំនាក់ទំនងអំពីតម្រូវការ ការគិត និងគោលដៅអ្វីមួយជាមួយអ្នកដទៃនោះ វាគឺជាវិធីដ៏មានប្រសិទ្ធភាព ដែលនឹងជួយអ្នកឱ្យទទួលបានប្រយោជន៍នៅក្នុងអាជីវកម្ម ទំនាក់ទំនង និងជីវិតរបស់អ្នក។ អ្នកអាចទំនាក់ទំនងជាមួយពាក្យសម្តីដែលបានសរសេរ ដូចជាការចេះសរសេរអ៊ីមែលសួរនាំជាមួយចៅហ្វាយរបស់អ្នក។ ការចេះសរសេរសំណើរអាជីវកម្ម ឬ ការងារអ្វីមួយ មានអត្ថប្រយោជន៍ធំណាស់សម្រាប់ជីវិតរបស់អ្នកក្នុងរយៈពេលវែង។
៥. ការភ្ញាក់ពីដំណេកលឿន ៖ ការភ្ញាក់លឿន គឺជាទម្លាប់ធម្មតាសម្រាប់មនុស្សមួយចំនួន ប៉ុន្តែសម្រាប់មនុស្សខ្លះទៀតគឺជារឿងមួយដែលពិបាក។ យ៉ាងណាមិញ ការភ្ញាក់លឿន គឺជួយឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកចំណេញជាងមុន និងធ្វើការងារបានលឿន។ បុគ្គលដែលជាសេដ្ឋីល្បីៗដូចជា Jeff Bezos, Oprah Winfrey. Elon Musk គឺជាមនុស្សដែលងើបលឿន។ ចំណុចសំខាន់បំផុតនៃការក្រោកពីព្រលឹម គឺអ្នកមានពេលធ្វើការងារទៅតាមផែនការដែលរៀបចំប្រចាំថ្ងៃ និង ធ្វើឱ្យជីវិតរបស់អ្នកប្រសើរឡើង។
៦. ការនិយាយជាសាធារណៈ ៖ ការចេះបញ្ជា និងការនិយាយនៅក្នុងហ្វូងមនុស្សអាចមានអត្ថប្រយោជន៍ដ៏ធំពេញមួយជីវិតរបស់អ្នក។ ប្រសិនបើអ្នកអាចប្រាស្រ័យទាក់ទងជាមួយទស្សនិកជនច្រើន ទាក់ទាញការយកចិត្តទុកដាក់ពីពួកគេ និងបញ្ចេញមតិរបស់អ្នក អ្នកនឹងទទួលបានផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅរកការសម្រេចគោលដៅរបស់អ្នក។ ការនិយាយជាសាធារណៈក៏ជួយអ្នកក្នុងការទំនាក់ទំនងសង្គម ភាពជាអ្នកដឹកនាំ និង ការគិតបែប logic។
៧. ស្មោះត្រង់ជាមួយខ្លួនឯង ៖ ពេលខ្លះមើលខ្លួនឯងដោយស្មោះត្រង់ គឺជារឿងមួយពិបាកបំផុតដែលយើងអាចធ្វើបាន។ ប៉ុន្តែប្រសិនបើយើងមិនយល់ពីការពិតរបស់ខ្លួនឯង នោះវានឹងបង្កជាបញ្ហាហើយពិបាកនឹងជំនះ។ ដូចនេះហើយ អ្នកគួររៀនមើលខ្លួនឯងដោយស្មោះត្រង់ និងទទួលស្គាល់ការពិតជាមួយនឹងបញ្ហារបស់អ្នក នោះអ្នកនឹងទម្លុះរបាំងឧបសគ្គជាច្រើន។
៨. ភាពជាអ្នកដឹកនាំ ៖ ការរៀនពីរបៀបដឹកនាំជួយកែលម្អអាជីពរបស់អ្នក ផ្តល់មកនូវជម្រើស ឱកាស និងបង្កើនទំនុកចិត្តរបស់អ្នក។ បើសិនគ្មានជំនាញភាពជាអ្នកដឹកនាំទេ វាពិតជាបាកណាស់ក្នុងការផ្លាស់ប្តូរអ្វីមួយ។ ប្រសិនបើអ្នកអាចស្ទាត់ជំនាញភាពជាអ្នកដឹកនាំ អ្នកនឹងឃើញឱកាសជាច្រើនក្នុងការផ្លាស់ប្តូរ ជាពិសេសមានការជំរុញពីប្រសិទ្ធភាពនៃការងារក្រុមផងដែរ។

៩. ចេះសម្រេចចិត្ត ៖ ការសម្រេចចិត្តថាតើត្រូវដើរតាមផ្លូវណានៅក្នុងស្ថានភាពណាមួយ ពិតជាពិបាក ។ ពេលខ្លះយើងអាចឈានដល់ការសម្រេចចិត្តខុស ជាពិសេសពេលដែលអ្នកមានជម្រើសច្រើន ហើយពិបាកក្នុងការជ្រើសរើស ដូច្នេះយើងបញ្ចប់ដោយមិនបានធ្វើអ្វីទាំងអស់។ ដូចនេះ អ្នកគួរចេះធ្វើការជ្រើសរើសដោយទំនុកចិត្ត ដែលអាចបន្តដំណើរទៅមុខដោយមិនខ្ជះខ្ជាយពេលវេលា ។ ក្នុងការសម្រេចចិត្ត អ្នកត្រូវទទួលស្គាល់ថា លទ្ធផលដែលចេញមកគឺពិបាកនឹងស្មាន ដូច្នេះអ្នកត្រូវតែធ្វើការជ្រើសរើសហេតុផលណាមួយ ដែលខ្លួនគិតថាល្អបំផុត។
១០. ការស្តាប់ ៖ អ្នកស្តាប់គឺជាអ្នកសិក្សា ។ នៅពេលដែលអ្នកអាចរៀនពីរបៀបស្តាប់ អ្នកនឹងឆាប់យល់ពីព័ត៌មានមានប្រយោជន៍គ្រប់ប្រភេទ។ ការចេះស្តាប់ដោយពិចារណា ជួយឱ្យអ្នកចៀសផុតពីគ្រោះថ្នាក់ ព្រមទាំងជួយពង្រឹងទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារទៀតផង ។ ការស្តាប់ពីមនុស្សជុំវិញខ្លួន ពិតជាសំខាន់ណាស់ ពីព្រោះពេលខ្លះពួកគេមានរឿងល្អៗចង់ចែករំលែកជាមួយអ្នក៕































