ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា និងប្រទេសថៃនៅតាមបន្ទាត់ព្រំដែន បានធ្វើឱ្យពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ក៏ដូចជាខេត្តពោធិ៍សាត់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងទៅកាន់ទីសុវត្ថិភាព។ យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងការពារជាតិ មកទល់បច្ចុប្បន្ន ជនភៀសសឹកកម្ពុជា មានចំនួនជាង១២ម៉ឺននាក់, លោក យី គឹមថាន នាយកអង្គការភ្លែនកម្ពុជា កត់ស្គាល់ថា នៅក្នុងស្ថានភាពដ៏លំបាកនេះ ស្រ្តី និងក្មេងស្រី គឺជាអ្នករងគ្រោះខ្លាំង ព្រោះពួកគាត់ជួបប្រទះនឹងបញ្ហាជាច្រើនទាក់ទងនឹងសុខភាព អនាម័យ ឯកជនភាព និងភាពថ្លៃថ្នូររបស់ស្រ្តី និងក្មេងស្រី។
បើតាមលោក គឹមថាន នៅតំបន់ជនភៀសសឹក ភាគច្រើនមិនមានបង្គន់អនាម័យ បន្ទប់ទឹកគ្រប់គ្រាន់ និងកន្លែងផ្លាស់ប្តូរសម្លៀកបំពាក់ ឬសំឡីអនាម័យដាច់ដោយឡែកសម្រាប់ក្មេងស្រី និងស្ត្រីនោះទេ។ មួយវិញទៀត ពួកគាត់ប្រឈមនឹងកង្វះខាតទឹកស្អាតក្នុងការសម្អាតខ្លួនប្រាណ និងអនាម័យទូទៅ ដែលជាតម្រូវការចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ។
លោក យី គឹមថាន លើកឡើងថា អង្គការភ្លែនអន្តរជាតិកម្ពុជា បានយកចិត្តទុកដាក់ចំពោះអនាម័យស្ត្រី និងក្មេងស្រីនៅជំរុំជនភៀសសឹក ដោយធ្វើការសហការជាមួយក្រសួងអភិវឌ្ឍជនបទក្នុងការសាងសង់បង្គន់អានាម័យចំនួន៦០ ដោយមានបែងចែកសម្រាប់ក្មេងស្រី និងក្មេងប្រុស ដំឡើងធុងចម្រោះទឹកដែលមានចំណុះ ២៥លីត្រ ចំនួន២០ធុង ធុងស្តុកទឹកដែលមានចំណុះ ២០០០លីត្រចំនួន២ ដើម្បីឱ្យក្មេងស្រី និងស្ត្រីមានទឹកស្អាតប្រើប្រាស់។ លើសពីនេះ ក៏មានចែកជូននូវកញ្ចប់ទឹកស្អាតអនាម័យចំនួន ៧២០កញ្ចប់ ជូនដល់គ្រួសារជនភៀសសឹក តម្លើងតង់សម្រាប់ផ្លាស់ប្តូរសម្លៀកបំពាក់ និងសំឡីអនាម័យចំនួន៧ ដើម្បីឱ្យពួកគាត់មានឯកជនភាព សេចក្តីថ្លៃថ្នូរ និងជៀសផុតពីការប្រឈមនឹងការរំលាភបំពាន ឬការបៀតបៀនផ្លូវភេទជាដើម។
បើតាម លោក យី គឹមថាន អង្គការភ្លែនអន្តរជាតិកម្ពុជា កំពុងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធទាំងរដ្ឋាភិបាល ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយដល់កុមារ ជាពិសេសកុមារី និងស្ត្រីវ័យក្មេងដែលស្ថិតនៅជំរុំភៀសខ្លួនឱ្យទទួលបាននូវតម្រូវការជាក់ស្តែងមានសុវត្ថិភាព និងធានាថាមិនមាននរណាម្នាក់ត្រូវបានផាត់ចោល។ លើសពីនេះ អង្គការភ្លែនអន្តរជាតិកម្ពុជា សហការជាមួយក្រសួងអភិវឌ្ឍជនបទ បានចុះពិនិត្យដំណើរការផ្គត់ផ្គង់ទឹកស្អាត និងការតបណ្តាញតាមបំពង់ទុយោទឹកពីស៊ីទែនទឹកចំណុះ ១០ ០០០លីត្រ នៅមណ្ឌលសុវត្ថិភាព សម្រាប់ជនភៀសសឹកបណ្ដោះអាសន្ន ស្ថិតនៅខេត្តព្រះវិហារ។


តាមរបាយការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ចំនួនជនភៀសសឹកសរុបមានចំនួន ១២៤ ៩៤០នាក់ ក្នុងនោះ ខេត្តឧត្តរមានជ័យ ចំនួន៣៤ ០២៧ នាក់, ខេត្តព្រះវិហារ ចំនួន ៤២ ០១៦នាក់, ខេត្តបន្ទាយមានជ័យ ចំនួន ៨ ៥០៥នាក់, ខេត្តពោធិ៍សាត់ ចំនួន៩០៦នាក់ និងខេត្តសៀមរាប ចំនួន៣៩ ៤៨៦ នាក់៕
































