យោងតាមការស្ទង់មតិថ្មីមួយបានឱ្យដឹងថា ប្រទេសកាណាដា គឺជាគោលដៅកំពូលសម្រាប់និស្សិតអន្តរជាតិ ដោយ ៩៤ភាគរយ បង្ហាញចំណាប់អារម្មណ៍ចង់ទៅសិក្សានៅទីនោះ។
ការស្ទង់មតិ Pulse Spring 2025 ដោយ ApplyBoard ដែលស្ទង់មតិលើនិស្សិត ៨៥០នាក់ បានរកឃើញថា ប្រទេសកាណាដា ត្រូវបានសិស្សនិស្សិតពេញចិត្ត និងចាត់ទុកជាជម្រើសដំបូងរបស់ខ្លួន។ ក្នុងនោះ ៧៩ភាគរយនៃអ្នកចូលរួមស្ទង់មតិ បានបញ្ជាក់ថា ពួកគេចាប់អារម្មណ៍ខ្លាំងក្នុងការសិក្សានៅប្រទេសកាណាដា។

បច្ចុប្បន្ន ប្រទេសដែលជាជម្រើសសម្រាប់និស្សិតអន្តរជាតិ មានតិចប៉ុណ្ណោះ ដោយនិស្សិតចំនួន ៦៥ភាគរយ បានពិចារណាទៅសិក្សានៅប្រទេសចំនួន ៦ផ្សេងទៀត រួមមាន កាណាដា អូស្ត្រាលី អាល្លឺម៉ង់ អៀរឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក។
តម្លៃនៃការរស់នៅសមរម្យ កំពុងមានឥទ្ធិពលកាន់តែខ្លាំង លើការសម្រេចចិត្តរបស់និស្សិត ខណៈពេលដែលពិភពលោកបច្ចុប្បន្ន កំពុងតែកើនឡើងនូវតម្លៃរស់នៅជាសកល។ ជាងពាក់កណ្ដាល (៥៥ភាគរយ) នៃអ្នកចូលរួមស្ទង់មតិ បានឆ្លើយថា ពួកគេនឹងត្រូវធ្វើការងារក្រៅម៉ោងបន្ថែមដើម្បីមានលទ្ធភាពគ្រប់គ្រាន់ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។ ខណៈ ៣១,៥ភាគរយ លើកឡើង ពីភាពចាំបាច់នៃការរៀបចំផែនការថវិកាប្រកបដោយភាពប្រុងប្រយ័ត្ន ហើយមានតែ ១៣,២ភាគរយប៉ុណ្ណោះ ដែលនិយាយថា តម្លៃនៃការរស់នៅ មិនប៉ះពាល់ផែនការសិក្សារបស់គេ។
ទស្សនវិស័យអាជីពក៏ដើរតួនាទីសំខាន់ ចំពោះការសម្រេចចិត្តរបស់និស្សិតផងដែរ។ ជំនាញវិស្វកម្ម បានក្លាយជាជំនាញ ដែលនិស្សិតអន្តរជាតិភាគច្រើនចាប់អារម្មណ៍ចង់រៀន ហើយជំនាញបន្ទាប់គឺ គិលានុបដ្ឋាយិកា។ អាជីពនៅក្នុងវិស័យបច្ចេកវិទ្យា ដូចជា ព័ត៌មានវិទ្យា (IT) សន្តិសុខសាយប័រ (Cybersecurity) និងការវិភាគទិន្នន័យ ក៏ជាប់ក្នុងចំណាត់ថ្នាក់ជំនាញកំពូលទាំង ២០ ដែលនិស្សិតអន្តរជាតិ ចាប់អារម្មណ៍រៀនផងដែរ។

ការស្ទង់មតិបានផ្ដល់អនុសាសន៍ថា ស្ថាប័នអប់រំគួរតែផ្ដល់ជម្រើសកាលវិភាគ ដែលមានលក្ខណៈបត់បែនសម្រាប់កម្មវិធីសម្របសម្រួលពេលវេលា និងស្ថានភាពហិរញ្ញវត្ថុខុសៗគ្នារបស់សិស្ស ដើម្បីរក្សាភាពទាក់ទាញសម្រាប់និស្សិតអន្តរជាតិ។
នៅឆ្នាំ២០២៣ ប្រទេសកាណាដាបានក្លាយជាផ្ទះ សម្រាប់និស្សិតអន្តរជាតិជាង ១,០៤លាននាក់ ពោលគឺកើនឡើង ២០ភាគរយ ធៀបនឹងឆ្នាំ២០២២។ និស្សិតឥណ្ឌាមានចំនួន ៤១ភាគរយ និងចិន ១០ភាគរយ ខណៈប្រហែល ៧០ភាគរយ នៃនិស្សិតទាំងនេះ ចង់បានការងារដែលមានស្ថិរភាពបន្ទាប់ពីបញ្ចប់ការសិក្សា៕































