ក្រសួងអប់រំ យុវជន និងកីឡា បានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅណែនាំប្រតិបត្តិស្ដីពីការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM) ដើម្បីជួយសិស្សរៀនយឺតនៅកម្រិតបឋមសិក្សា ចាប់ពីថ្នាក់ទី៣ ដល់ទី៦។ ការដាក់ឱ្យអនុវត្តកម្មវិធីនេះ មានគោលបំណងបំពេញបន្ថែមដល់ការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដែលក្រសួងនឹងពង្រីកការអនុវត្តទូទាំងប្រទេស ក្នុងឆ្នាំសិក្សា២០២៦-២០២៧ នេះ។
«ការបង្រៀនសម្របតាមសមត្ថភាពសិស្ស» ត្រូវបានហៅខ្លីថា «កម្មវិធីបឋម» ប្រែមកពីភាសាអង់គ្លេស Personalized Teaching to Overcome Marginalization (PTOM) ត្រូវបានបង្កើតឡើងដោយក្រុមជំនាញនៃនាយកដ្ឋានបឋមសិក្សា រួមជាមួយអ្នកជំនាញមកពីអង្គភាពពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីបឋម ជាគំនិតផ្តួចផ្តើមផ្អែកលើភស្តុតាងដែលអនុញ្ញាតឱ្យសិស្សមានបំណិនអាន សរសេរ គណនា និងដោះស្រាយចំណោទ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការឈានទៅដល់ការសិក្សាកម្រិតខ្ពស់ជាបន្តបន្ទាប់។

ជាមួយគ្នានេះ ការរៀបចំសិស្សក្នុងថ្នាក់តែមួយ ដោយផ្អែកលើអាយុ ហើយមិនបានគិតពីកម្រិតសមត្ថភាព ធ្វើឱ្យសិស្សរៀនយឺតកាន់តែងាយបាត់បង់ឱកាសអភិវឌ្ឍចំណេះដឹងសមស្របតាមសមត្ថភាពរបស់ខ្លួន។ ដូច្នេះ កម្មវិធីបឋមបង្កើតឡើង ដោយផ្ដោតលើការជួយសិស្សដែលកំពុងរៀននៅថ្នាក់ទី៣ ថ្នាក់ទី៤ ថ្នាក់ទី៥ និងថ្នាក់ទី៦ ដែលពួកគេមិនទាន់មានបំណិនមូលដ្ឋានគ្រឹះនៃការសិក្សា គឺអាន សរសេរ គណនា និងដោះស្រាយចំណោទ សមស្របសម្រាប់រៀនក្នុងកម្រិតដែលខ្លួនកំពុងរៀន។
លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា មានប្រសាសន៍ថា នៅក្នុងសៀវភៅណែនាំប្រតិបត្តិស្ដីពីការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM) នេះ មានបញ្ចូលវិធីសាស្រ្តបង្រៀនរបស់គ្រូ ដើម្បីជួយគ្រូរៀបចំការបង្រៀនឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សិស្សម្នាក់ៗ។

ប្រធាននាយកដ្ឋានបឋមសិក្សាបញ្ជាក់ថា សិស្សរៀនយឺត គឺពិបាកបង្រៀន ហើយគ្រូបង្រៀនមិនអាចបង្រៀនដូចសិស្សធម្មតាបានទេ ត្រូវតែមានវិធីសាស្រ្តក្នុងការបង្រៀន មានសម្ភារៈដែលមានភាពទាក់ទាញ ត្រូវតែស្គាល់គ្រប់ប្រភេទសិស្សរៀនយឺត ហើយត្រូវចេះបង្រៀនទៅតាមប្រភេទរបស់សិស្ស។
«សិស្សរៀនយឺតអាចជួយបាន ប៉ុន្តែទាមទារនូវគ្រូបង្រៀនមានការអត់ធ្មត់ខ្ពស់ មានវិធីសាស្រ្តបង្រៀនដែលប្លែកៗទៅតាមសមត្ថភាពសិស្ស»
សម្រាប់កម្មវិធីបឋមអនុវត្តតាមជម្រើសផ្សេងៗ ដូចជា ការផ្តល់អន្តរាគមន៍ក្នុងអំឡុងពេលវិស្សមកាល ការអនុវត្តការបង្រៀនបន្ថែម៣០នាទី មុន ឬក្រោយម៉ោងបង្រៀនផ្លូវការ ការជួយបង្រៀនបន្ថែមក្នុងថ្ងៃព្រហស្បតិ៍ ការបង្រៀនបន្ថែមចំនួន២ម៉ោងក្នុងមួយថ្ងៃ និងការបង្រៀនបន្ថែមមួយពេលទៀតសម្រាប់សាលារៀនរៀនតែមួយវេន។ ក្នុងដំណើរការអនុវត្ត កម្មវិធីបឋម ត្រូវពិនិត្យតាមដាន ជួយគាំទ្រ និងធ្វើការវាយតម្លៃជាបន្តបន្ទាប់នៅកម្រិតផ្សេងៗនៃប្រព័ន្ធសាលារៀន ដើម្បីបង្កើនប្រសិទ្ធភាពរបស់កម្មវិធីនេះ។
គួរជម្រាបជូនថា ឯកសារនេះ មានកម្រាស់ជាង ៥០០ទំព័រដែលបង្ហាញពីខ្លឹមសារ វិធីសាស្រ្តបង្រៀនសម្បូរបែប និងឧទាហរណ៍ងាយៗ ដែលផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀនយកទៅអនុវត្ត ជាពិសេសជួយសិស្សរៀនយឺត៕













































































