ក្រុមហ៊ុន វេសឡាញ អេឌូខេសិន គ្រុប បានរៀបចំពិធីអបអរសាទរសមិទ្ធផលសិស្សានុសិស្ស ប្រចាំឆ្នាំសិក្សា ២០២៥–២០២៦ ដោយមានសិស្សានុសិស្ស សរុបចំនួន ១,៤២៥ នាក់ មកពីបណ្តាញ សាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និងសាលារៀនសហគមន៍ ២១។
កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលសិក្សារបស់សិស្សានុសិស្សពេញមួយឆ្នាំសិក្សា ព្រមទាំងជាឱកាសសម្រាប់មាតាបិតា អាណាព្យាបាល គ្រូបង្រៀន និងភ្ញៀវកិត្តិយស ក្នុងការចូលរួមអបអរសាទរពេលវេលាដ៏មានអត្ថន័យមួយនេះ។ កម្មវិធីនេះផងដែរ ក៏មានការចូលរួមពីដៃគូអាជីវកម្មនានា នៅក្នុងការផ្សព្វផ្សាយពីសេវាកម្ម ក៏ដូចជាឱកាសនៃការសិក្សា ទៅក្រៅប្រទេស។
ក្នុងនោះ សិស្សថ្នាក់ទី៩ បានទទួល វិញ្ញាបនបត្រមធ្យមសិក្សាបឋមភូមិ (បណ្តោះអាសន្ន) ខណៈសិស្ស ថ្នាក់ទី១២ និងសិស្សកម្មវិធីភាសាអង់គ្លេសកម្រិតសិស្សធំ (AEP12) បានទទួលវិញ្ញាបនបត្របញ្ចប់ ការសិក្សា បន្ទាប់ពីបានបញ្ចប់ដំណាក់កាលសិក្សារបស់ពួកគេក្នុងឆ្នាំសិក្សា ២០២៥–២០២៦។
សម្រាប់សិស្សានុសិស្ស ការទទួលបានវិញ្ញាបនបត្រមិនមែនគ្រាន់តែជាការបញ្ចប់ការសិក្សាមួយដំណាក់ កាលប៉ុណ្ណោះទេ ប៉ុន្តែជាការសបញ្ជាក់អំពីការរីកចម្រើន និងជាការឈានមួយជំហានទៅមុខទៀត។ ដោយសិស្សថ្នាក់ទី៩ នឹងបន្តទៅកាន់កម្រិតមធ្យមសិក្សាទុតិយភូមិ ខណៈសិស្សថ្នាក់ទី១២ និង AEP12 ត្រៀមខ្លួនសម្រាប់ការសិក្សាជាន់ខ្ពស់ ការបណ្តុះបណ្តាលជំនាញ ឬការចាប់ផ្តើមដំណើរអាជីព របស់ខ្លួន។
ក្រៅពីការអបអរសាទរសិស្សានុសិស្សដែលបានបញ្ចប់ដំណាក់កាលសិក្សាទៅ ក្រុមហ៊ុន វេសឡាញ ក៏បានបន្តនូវពិធីប្រគល់រង្វាន់ ក្លឹបសិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៥–២០២៦ ផងដែរ។ ដោយកម្មវិធីនេះបានផ្តល់ឱកាសដល់សិស្សានុសិស្សពីបណ្តាសាខានានា ដើម្បីសាកល្បងសមត្ថភាព និងបង្ហាញចំណេះដឹងរបស់ខ្លួនតាមរយៈការប្រកួតប្រជែង។




លើសពីការវាស់ស្ទង់ចំណេះដឹង ការប្រកួតក្លឹបសិស្សពូកែ ក៏មានគោលបំណងជំរុញទំនុកចិត្ត ការស្រលាញ់ការអាន ការស្រាវជ្រាវ និងការរៀនសូត្រដោយខ្លួនឯង។
ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន វេសឡាញ អេឌូខេសិន គ្រុប ក៏បានចុះ អនុស្សរណៈយោគយល់ជាមួយ ស្ថាប័នដៃគូបរទេសដែលរួមមាន ប្រទេសចិន និងសិង្ហបុរី ដើម្បីពង្រីកឱកាសបន្ថែមសម្រាប់ស្ថាប័ន ផ្ទាល់ ព្រមទាំងសិស្សានុសិស្ស។ តាមរយៈកិច្ចសហការទាំងនេះ សិស្សានុសិស្សដែលប្រឡងទទួល បាននិទ្ទេស A នឹងទទួលបានការលើកទឹកចិត្តតាមរយៈ អាហារូបករណ៍ពិសេសទៅកាន់ប្រទេសដៃគូ ដែលជាការគាំទ្របន្ថែមសម្រាប់ការបន្តការសិក្សារបស់ពួកគេ។
លើសពីការអបអរសាទរសមិទ្ធផលរបស់សិស្សានុសិស្ស ព្រឹត្តិការណ៍ឆ្នាំនេះក៏ជាឱកាស សម្រាប់ ក្រុមហ៊ុន វេសឡាញ ដើម្បីរំលឹកពីដំណើររយៈពេល ១៨ ឆ្នាំ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យ អប់រំផងដែរ។ តាមរយៈការផ្តល់ឱកាសសិក្សា និងបរិយាកាសអប់រំដែលគាំទ្រការអភិវឌ្ឍសិស្ស ក្រុមហ៊ុន វេសឡាញ បន្តផ្តោតលើការជួយឱ្យសិស្សានុសិស្សរីកចម្រើនទាំងចំណេះដឹង ជំនាញ និងទំនុកចិត្ត ដើម្បីត្រៀមខ្លួន សម្រាប់អនាគតរបស់ខ្លួន៕















































































