ភ្នំពេញ៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពិតជាភាពចាំបាច់ណាស់អំឡុងពេលបិទខ្ទប់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមកូវីដ-១៩។ ក្រុមហ៊ុន ស្ថាប័នការងារមួយចំនួនត្រូវបានផ្អាកដំណើរការ ឯមួយចំនួនទៀតនៅបន្តធ្វើការងារពីចម្ងាយតាមប្រព័ន្ធអនឡាញ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនេះ ។
លោក យឹម ស៊ីដែន ជាអ្នកអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាមួយរូប កំពុងបំពេញការងារពីចម្ងាយតាមប្រព័ន្ធអនឡាញបាននិយាយមកកាន់ AMS ថា
“ក្នុងអំឡុងពេលរីករាលដាលជំងឺឆ្លងកូវីដ-១៩ ការប្រើអ៊ីនធឺណែត និងបច្ចេកវិទ្យាដើរតួនាទីសំខាន់ដើម្បីផ្សព្វផ្សាយនិងទទួលព័ត៌មានបានទូលំទូលាយ ព្រមទាំងផ្ដល់ភាពងាយស្រួលធ្វើការពីផ្ទះដោយមិនចាំបាច់ទៅដល់កន្លែងធ្វើការផ្ទាល់”
លោក យឹម ស៊ីដែន បន្ថែមថា ក្នុងកាលៈទេសៈមិនអាចចេញទៅក្រៅផ្ទះបាន អ៊ីនធឺណែតអាចជួយឱ្យលោកស្រាវជ្រាវ សិក្សាពីអ្វីៗនៅជុំវិញពិភពលោក និងបច្ចកវិទ្យាបានចំគោលដៅ តាមរយៈការចែករំលែកចំណេះដឹង បង្កើតទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងទស្សនាវីដេអូកម្សាន្តផ្សេងៗ ជួយកាត់បន្ថយអារម្មណ៍ធុញថប់ក្នុងអំឡុងពេលកូវីដ-១៩នេះ។
ចំណែកលោក ផល ពិសី ជាបុគ្គលិកធ្វើការពីចម្ងាយតាមប្រព័ន្ធអនឡាញបាននិយាយថា ទោះនៅផ្ទះក៏អាចធ្វើការបានឱ្យតែមានអ៊ីធឺណែតប្រើប្រាស់ដែលអាចជួយភ្ជាប់ទំនាក់ទំនង ផ្ដល់ទិន្នន័យឱ្យគ្នាទៅវិញទៅមកបានយ៉ាងងាយស្រួល។
លោក ផល ពិសី បន្ថែមថា
“បច្ចេកវិទ្យាចាំបាច់បំផុតសម្រាប់ខ្ញុំ វារឹតតែសំខាន់សម្រាប់អ្នកធ្វើការ សិស្ស និស្សិតដែលសិក្សាជំនាញបច្ចេកវិទ្យា ទោះជាពុំមានវិបត្តិកូវីដ-១៩ ក៏ដោយ ចាំបាច់ទាមទារការអ៊ីនធឺណែតនិងឧបករណ៍បច្ចេកវិទ្យាដាច់ខាត”
គួររំលឹកថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមិនត្រឹមតែផ្ដល់ភាពងាយស្រួល និងចាំបាច់ក្នុងការបំពេញការងារនោះទេ ថែមទាំងអាចភ្ជាប់ទំនាក់ទំនង និងអាចអាចរក្សាគម្លាតសុវត្ថភាពបានទៀតផង។ ការទទួលបានផលប្រយោជន៍ពីអ៊ីនធឺណែត និងបច្ចេកវិទ្យាជាការប្រើប្រាស់ចំគោលដៅក្នុងការជួយសម្រួលឱ្យមានភាពងាយស្រួលកាន់តែប្រសើរឡើង។ ទន្ទឹមនឹងភាពងាយស្រួលនៃអ៊ីនធឺណែត និងបច្ចេកវិទ្យា មានបញ្ហាសុវត្ថិភាពជាច្រើនដែលអ្នកប្រើប្រាស់គួរគិតពិចារណាក្នុងពេលប្រើប្រាស់ ពិសេសអ៊ីនធឺណែត និងបច្ចេកវិទ្យាងាយនឹងគ្រោះថ្នាក់សម្រាប់កុមារ។
សូមបញ្ជាក់ដែរថា កាលពីចុងខែមីនាកន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីណែនាំស្តីពីវិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍ គោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត ក៏ដូចជាសេវាអ៊ីនធឺណិត។ ការចេញសេចក្តីជូនដំណឹងនេះនៅក្នុងដំណាក់កាលចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។






























