មន្រ្តីទូត និងអ្នកជំនាញផ្នែកអប់រំបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ទៅកាន់ចក្រភពអង់គ្លេស នឹងនាំមកនូវផលប្រយោជន៍សំខាន់ៗសម្រាប់វិស័យអប់រំនៅកម្ពុជា ខណៈប្រព័ន្ធអប់រំរបស់អង់គ្លេសត្រូវបានចាត់ទុកថា ជាប្រព័ន្ធអប់រំមានប្រវត្តិយូរអង្វែង និងល្បីល្បាញមួយលើពិភពលោក។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអញ្ជើញចូលរួមវេទិកាអប់រំពិភពលោកឆ្នាំ២០២៦ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ វេទិកានេះត្រូវបានចាត់ទុកថា ជាការជួបជុំប្រចាំឆ្នាំដ៏ធំបំផុតរបស់រដ្ឋមន្ត្រីអប់រំមកពីជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញអាទិភាពរួមក្រោមប្រធានបទ «ការអប់រំសម្រាប់អនាគតរួមគ្នា»។
លោក ដូមីនិក វីល្លៀម ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបានលើកឡើងក្នុងបណ្តាញសង្គម LinkedIn របស់លោកថា ចក្រភពអង់គ្លេសកំពុងអនុវត្តកម្មវិធីជាច្រើន ដើម្បីគាំទ្រវិស័យអប់រំនៅកម្ពុជា ចាប់ពីកម្មវិធីអភិវឌ្ឍន៍ដែលជួយលើកកម្ពស់សមិទ្ធផលក្នុងប្រព័ន្ធអប់រំរដ្ឋ រហូតដល់ស្ថាប័នអប់រំអង់គ្លេសជាច្រើនដែលកំពុងពង្រីកវត្តមាននៅកម្ពុជា។

លោកបានលើកឡើងថា វាជាឱកាសដ៏ល្អដែលឧបនាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញសំខាន់ៗក្នុងវិស័យអប់រំរបស់អង់គ្លេស។
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ក៏បានបញ្ជាក់ថា ការចូលរួមរបស់កម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ និងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់គុណភាពសិក្សាសម្រាប់កុមារ និងយុវជនកម្ពុជា។
លោកឧកញ៉ា ប៉ិច បូឡែន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា បានប្រាប់ AMS ថា ដំណើរទស្សនកិច្ចនេះ គឺជាជំហានវិជ្ជមានសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសក្នុងការពង្រឹងសមត្ថភាពកុមារ និងយុវជនឱ្យមានស្តង់ដារអន្តរជាតិ។
លោកឧកញ៉ាបានបញ្ជាក់ថា កម្ពុជាអាចរៀនសូត្រពីប្រព័ន្ធអប់រំរបស់បណ្តាប្រទេសអភិវឌ្ឍន៍ ដូចជា អូស្ត្រាលី សិង្ហបុរី និងអង់គ្លេស ដែលមានប្រព័ន្ធអប់រំរឹងមាំ និងមានប្រវត្តិយូរអង្វែង។

វាជាដំណើរទស្សនកិច្ចដ៏ល្អមួយ ដែលអាចជួយបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជនជាមួយស្ថាប័នអប់រំអង់គ្លេស ហើយកម្ពុជាក៏អាចសិក្សាពីប្រព័ន្ធអប់រំរបស់អង់គ្លេស ដើម្បីយកមកអនុវត្តក្នុងសាលារៀននៅកម្ពុជា
លោកឧកញ៉ា ប៉ិច បូឡែន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា
យោងតាមក្រសួងអប់រំ យុវជន និងកីឡា ក្រៅពីការចូលរួមវេទិកាអប់រំពិភពលោក ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានអញ្ជើញទស្សនកិច្ចសិក្សានៅសាកវិទ្យាល័យ Cambridge និងបានជួបពិភាក្សាការងារជាមួយលោកស្រី Georgia Gould រដ្ឋមន្ត្រីទទួលបន្ទុកស្តង់ដារសាលារៀន នៃក្រសួងអប់រំចក្រភពអង់គ្លេសផងដែរ។
ភាគីទាំងពីរ បានពិភាក្សាអំពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាច្រើន រួមទាំងការសិក្សាលទ្ធភាពបញ្ចូលកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនរបស់កម្ពុជា និងការស្វែងយល់ពីកម្មវិធីអាហារូបករណ៍របស់សាកលវិទ្យាល័យ Cambridge ដើម្បីជំរុញ និងលើកទឹកចិត្តសិស្ស-និស្សិតកម្ពុជា ឱ្យទៅបន្តការសិក្សានៅចក្រភពអង់គ្លេស៕





























