សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) ដែលជាស្ថាប័នសហប្រតិបត្តិការអន្តរជាតិបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង ដើម្បីបង្កើតការផ្លាស់ប្តូរដែលផ្តល់នូវអត្ថប្រយោជន៍នៅក្នុងសង្គម កំពុងបង្កើតកម្មវិធីមួយហៅថា Bag to School ដើម្បីលើកកម្ពស់ការអប់រំរបស់សិស្សបឋមសិក្សាដែលនៅស្រុកដាច់ស្រយាលដោយធ្វើការផ្តល់ជាសម្ភារៈចំពោះកុមារក្រីក្រ និងដើម្បីជួយជំរុញពួកគេឱ្យបន្តការសិក្សាដោយកាត់បន្ថយឧបសគ្គ។
កម្មវិធីទៅរៀនដើម្បីអនាគតខ្ញុំ (Bag To School) នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៤-១៥ ខែ ឧសភា ឆ្នាំ២០២៥ នៅ សាលាបឋមសិក្សាត្រពាំងក្របៅ ស្ថិតនៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីជួយសិស្សប្រហែល ៤៥០នាក់ ដោយពួកគេកំពុងតែជួបប្រទះទៅលើបញ្ហាមួយចំនួនដូចជា កុមារដែលអាយុលើសពីប្រាំមួយឆ្នាំនៅមិនទាន់ចូលរៀននៅសាលា, កង្វះសម្ភារៈអាន និងសម្ភារៈសិក្សា, កង្វះចំណេះដឹងអំពីអត្ថប្រយោជន៍នៃការអប់រំនៅក្នុងមាតាបិតា។

លោក ឡាយ សីហរាជ ប្រធានគម្រោង នៃ 2025 JCI Bag2School កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តសិស្សឱ្យចូលថ្នាក់រៀនដោយការចែករំលែកកាបូបនិងលេីកកម្ពស់ការយល់ដឹងរបស់ឳពុកម្តាយអំពីអត្ថប្រយោជន៍នៃការអប់រំ, ជំរុញទម្លាប់អានរបស់សិស្សនៅតាមជនបទ, ចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅសាលាបឋមសិក្សានៅជនបទ ហើយជាពិសេសគឺផ្តល់ស្នាមញញឹមដល់សិស្សានុសិស្សទាំងអស់ តាមរយៈសម្ភារៈសិក្សា។
ក្នុងនោះផងដែរ ប្រសិនជាបងប្អូនមានបំណងចង់ចូលរួម បងប្អូនអាច ៖ បរិច្ចាគ សម្ភារៈសិក្សា (កាតាបសាលា សៀវភៅ ប៊ិច), ស្ម័គ្រចិត្ត ចែកជូនសម្ភារៈផ្សេងៗ ឬក៏អាចឧបត្ថម្ភជាប្រាក់ ដើម្បីចូលរួមពង្រីកភាពរីកចម្រើនទៅដល់សហគមន៍ដែលនៅដាច់ស្រយាល។




បើតាមលោក សីហរាជ ការជួយរបស់លោកអ្នកនឺងផ្តល់អត្ថប្រយោជន៍សម្រាប់សិស្ស និងសាលារៀនដូចជា សិស្សនឹងទទួលបានសម្ភារៈសិក្សា និងការលើកទឹកចិត្តឲបានបន្តការសិក្សា, សាលារៀននឹងមានសិស្សដែលមានលទ្ធភាពសិក្សាបានល្អជាងមុន, សហគមន៍នឹងទទួលបានការអភិវឌ្ឍន៍ខាងផ្នែកអប់រំនិងកាត់បន្ថយអត្រាបោះបង់ ការសិក្សារបស់កុមារកម្ពុជា។
បន្ថែមពីនេះការចូលរួមរបស់អ្នកអាចផ្លាស់ប្តូរជីវិតរបស់កុមារជាច្រើននាក់ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរសព្ទ៖ (+855) 77 773 321 (telegram)៕
































