នៅលើពិភពលោកយើងនេះមានមនុស្សច្រើនប្រភេទផ្សេងគ្នា ក្នុងនោះមានអ្នកខ្លះជាមនុស្សដែលចេះកែប្រែស្ថានការណ៍គ្រប់យ៉ាង ខណៈមនុស្សមួយចំនួនផ្សេងទៀតត្រូវបានបង្អាក់ដោយកត្តាខាងក្រៅ ដែលធ្វើឱ្យគេមិនអាចអភិវឌ្ឍជីវិតបានល្អ។ ឆ្លើយតបនឹងបញ្ហានេះ លោក Steven R. Covey អ្នកនិពន្ធសៀវភៅទម្លាប់ល្អទាំង៧ សម្រាប់បុគ្គលឆ្នើម ឬ 7 habits of highly effectives people បានលើកឡើងថា លើលោកនេះមនុស្សមានពីរប្រភេទគួរឱ្យកត់សម្គាល់ គឺមនុស្សដែលមានផលិតភាពខ្ពស់ (proactive people) និងមនុស្សដែលបណ្តែតបណ្តោយជីវិតឱ្យរសាត់អណ្តែតតាមស្ថានការណ៍ (reactive people) ។

លោក Steven R. Covey បានកត់សម្គាល់បន្តថា ជាធម្មតាមនុស្សដែលមានផលិតភាពខ្ពស់ ជាមនុស្សដែលមានសមត្ថភាពគ្រប់គ្រងស្ថានការណ៍គ្រប់បែបយ៉ាងដោយសមត្ថភាពខ្លួនគេផ្ទាល់ ដែលលោកឱ្យឈ្មោះថា ជាការគ្រប់គ្រងបរិយាកាសក្នុងខ្លួន (carry your own weather) ។ លោកថាមនុស្សម្នាក់ៗមានជម្រើសសម្រាប់ជីវិត។ មនុស្សអាចជ្រើសរើសធ្វើជាជនរងគ្រោះនៃស្ថានការណ៍ និងអាចជ្រើសរើសជាអ្នកបត់បែន និងគ្រប់គ្រងស្ថានការណ៍ដោយខ្លួនឯង។
អ្នកនិពន្ធរូបនេះ បានឧទាហរណ៍បញ្ជាក់ថា មនុស្សដែលមិនមានផលិតភាពការងារខ្ពស់ (reactive people) តែងតែយល់ថាកត្តាខាងក្រៅជាអ្វីដែលអាចបង្អាក់សកម្មភាពរបស់ពួកគេឆ្ពោះទៅរកគោលដៅណាមួយ។ គ្រប់បញ្ហាទាំងអស់សុទ្ធតែកើតឡើងពីកត្តាខាងក្រៅ ប្រសិនបើបរិស្ថានខាងក្រៅល្អ ខ្លួនគេក៏ល្អទៅតាមនោះដែរ តែប្រសិនបើស្ថានភាពជុំវិញខ្លួនរបស់គេមិនល្អ នោះគេក៏ជួបផលលំបាកទៅតាមនោះដែរ។
ផ្ទុយមកវិញ បុគ្គលដែលមានផលិតភាពការងារខ្ពស់ (proactive people) តែងតែគិតថា អ្វីដែលគេចាប់ផ្តើមផ្លាស់ប្តូរនិងយកចិត្តទុកដាក់បំផុត គឺត្រូវពង្រឹងខ្លួនឯងពីខាងក្នុង។ បើស្ថានការណ៍អំណោយផល គេនឹងអនុវត្តការងារដោយរលូន តែប្រសិនបើស្ថានការណ៍មិនអំណោយផល ក៏គេចេះបត់បែនដើម្បីសម្រេចការងារនោះឱ្យទាល់តែបាន។
“ជាក់ស្តែងនៅពេលមានភ្លៀងធ្លាក់ មនុស្សមិនមានផលិតភាពការងារ តែងរអ៊ូរទាំថា គេមិនអាចចេញទៅខាងក្រៅដើម្បីសម្រេចអ្វីដែលបានគ្រោងទុកនោះទេ ដោយសារមេឃកំពុងភ្លៀង ខណៈអ្នកដែលមានផលិតភាពការងារខ្ពស់គេអាចបង់បែនបានយ៉ាងងាយ។ ប្រសិនបើមេឃភ្លៀង គេបាំងឆ័ត្រ ប្រសិនបើធ្លាក់ព្រឹលគេពាក់អាវរងារ ហើយទោះឧបសគ្គប្រភេទណាក៏ដោយ ក៏គេអាចកែប្រែស្ថានការណ៍បានជាប់ជានិច្ច”។ នេះជាឧទាហរណ៍បន្ថែមមួយក្នុងចំណោមរឿងរ៉ាវជាច្រើនទៀតដែលលោកបានលើកឡើង។
ហេតុនេះជីវិតជាជម្រើស មនុស្សគ្រប់រូបសុទ្ធតែអាចជ្រើសរើសយកជម្រើសមួយក្នុងចំណោមជម្រើសទាំងពីរខាងលើ ដើម្បីកំណត់ជោគវាសនាក្នុងជីវិតខ្លួនឯង៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។





























