សហភាពអឺរ៉ុប (EU) កំពុងរៀបចំច្បាប់ថ្មី ដើម្បីពង្រឹងការការពារកុមារពីហានិភ័យនៅលើអ៊ីនធឺណិត ដោយស្នើហាមកុមារអាយុក្រោម ១៣ឆ្នាំប្រើប្រាស់បណ្តាញសង្គម និងដាក់កំហិតបន្ថែមលើសេវាឌីជីថលដែលកុមារប្រើប្រាស់។
យោងតាមសារព័ត៌មាន BBC លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen )ប្រធានគណៈកម្មការអឺរ៉ុប បានបង្ហាញផែនការនេះកាលពីថ្ងៃទី១៧ ខែកញ្ញា ដោយលើកឡើងពីក្តីបារម្ភចំពោះផលប៉ះពាល់ដែលបណ្តាញសង្គម និងបច្ចេកវិទ្យាឌីជីថលអាចមានចំពោះសុខុមាលភាព និងការអភិវឌ្ឍរបស់កុមារ។
លោកស្រី Von der Leyen បានថ្លែងថា កុមារសព្វថ្ងៃកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ប៉ុន្តែបច្ចេកវិទ្យាទាំងនោះមិនត្រូវបានបង្កើតឡើងដោយផ្តោតលើសុខុមាលភាព និងការអភិវឌ្ឍរបស់កុមារជាចម្បងនោះទេ។

ផែនការនេះស្ថិតក្រោមក្របខណ្ឌ EU Kids Act ដែលនៅត្រូវឆ្លងកាត់ការចរចាជាមួយបណ្តាប្រទេសសមាជិក EU និងសភាអឺរ៉ុបក្នុងដំណាក់កាលបន្ទាប់ មុនពេលអាចក្លាយជាច្បាប់។
តាមសំណើនេះ កុមារអាយុក្រោម ១៣ឆ្នាំនឹងមិនអាចប្រើប្រាស់បណ្តាញសង្គមបាន ខណៈកុមារអាយុចន្លោះពី ១៣ ទៅ ១៥ឆ្នាំ នឹងត្រូវស្ថិតក្រោមការគ្រប់គ្រង ឬការយល់ព្រមពីឪពុកម្តាយ។
ជាមួយគ្នានេះ វេទិកាអនឡាញនឹងត្រូវរៀបចំប្រព័ន្ធណែនាំខ្លឹមសារដែលមានសុវត្ថិភាពសម្រាប់កុមារ ផ្តល់ឧបករណ៍គ្រប់គ្រងដោយឪពុកម្តាយ និងបង្កើតមុខងារសម្រាប់ទប់ស្កាត់ ឬបិទការទាក់ទងពីអ្នកប្រើប្រាស់ផ្សេងទៀត។
ក្រុមហ៊ុនដែលត្រូវអនុវត្តប្រព័ន្ធផ្ទៀងផ្ទាត់អាយុ ប៉ុន្តែមិនគោរពតាមច្បាប់ អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៦% នៃប្រាក់ចំណូលប្រចាំឆ្នាំជាសកល ព្រមទាំងអាចត្រូវបង់ថ្លៃសេវាត្រួតពិនិត្យ ដើម្បីគាំទ្រការងាររបស់ស្ថាប័ននិយតកម្ម។

សំណើរបស់ EU កើតឡើងនៅពេលប្រទេសមួយចំនួន ដូចជា អូស្ត្រាលី អង់គ្លេស ចិន ឥណ្ឌា និងតួកគី កំពុងដាក់ចេញ ឬពិចារណាវិធានការរឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមរបស់កុមារ។ អូស្ត្រាលីបានអនុវត្តច្បាប់កំណត់អាយុអប្បបរមា ១៦ឆ្នាំសម្រាប់ការប្រើប្រាស់បណ្តាញសង្គម។
យ៉ាងណាក៏ដោយ EU Kids Act មិនទាន់ក្លាយជាច្បាប់នៅឡើយទេ។ សំណើនេះត្រូវឆ្លងកាត់ដំណើរការចរចា និងអនុម័តរវាងស្ថាប័នពាក់ព័ន្ធរបស់សហភាពអឺរ៉ុបជាមុនសិន មុនពេលអាចចូលជាធរមាន៕










































































