ស្ត្រេសជាទូទៅត្រូវបានគេយល់ថាជាអ្វីដែលអវិជ្ជមាន និងបង្កផលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ទោះជាយ៉ាងណាក៏ដោយ មិនមែនស្ត្រេសទាំងអស់សុទ្ធតែអាក្រក់នោះទេ! តាមពិតទៅ មានស្ត្រេសមួយប្រភេទដែលត្រូវបានគេហៅថា “ស្ត្រេសល្អ” ឬ Eustress ដែលដើរតួនាទីជាកម្លាំងចលករដ៏មានឥទ្ធិពល ជំរុញមនុស្សឱ្យឈានទៅរកភាពរីកចម្រើនផ្ទាល់ខ្លួន និងការសម្រេចគោលដៅ។ ស្ត្រេសល្អនេះកើតចេញពីសកម្មភាពប្រឈមមុខនឹងបទពិសោធន៍ថ្មីៗ ឬការផ្លាស់ប្តូរជីវិតដែលទាមទារឱ្យមានការដាក់វិន័យ និងការត្រៀមលក្ខណៈ ប៉ុន្តែផ្តល់លទ្ធផលជាវិជ្ជមាន និងភាពរីករាយនៅពេលក្រោយ។
យោងតាមគេហទំព័រ Verywellmind ស្ត្រេសល្អអាចមានទម្រង់ជាច្រើន ចាប់ពីការធ្វើដំណើរទៅកន្លែងថ្មី ការប្រឡង ការចាប់យកគម្រោងការងារបន្ថែម រហូតដល់ការផ្លាស់ប្តូររបត់ជីវិតសំខាន់ៗដូចជា ការរៀបការ ឬការផ្លាស់ប្តូរទីលំនៅ។ ការយល់ដឹងពីលក្ខណៈ និងអត្ថប្រយោជន៍របស់ស្ត្រេសល្អនេះ គឺជារឿងសំខាន់ ព្រោះវាជួយឱ្យយើងអាចប្រើប្រាស់ថាមពលនៃភាពតានតឹងបណ្តោះអាសន្ននេះ ដើម្បីសម្រួចគោលដៅ និងអភិវឌ្ឍសមត្ថភាពខ្លួនឯង។
ផ្លាស់ប្តូរ ៖ របត់ជីវិតមានការប្រែប្រួល ក៏អាចចាត់ជាស្រ្តេសល្អដែរ ដូចជាការត្រៀមខ្លួនបង្កើតគ្រួសារ ឬរៀបការ ការផ្លាស់ប្តូរការងារ និងការផ្លាស់ទីលំនៅជាដើម ដែលទាំងអស់នេះសុទ្ធសឹងតែនាំឱ្យមនុស្សជួបប្រទះនូវអាការស្រ្តេស ប៉ុន្តែជាស្រ្តេសមួយដែលល្អ ព្រោះនៅពេលសកម្មភាពទាំងអស់នេះចប់សព្វប្រការ នោះភាពរីករាយនឹងត្រឡប់ដូចដើមវិញ។ ការបន្ធូរបន្ថយអាការតានតឹងនឹងស្ថានការណ៍នីមួយៗត្រូវការដាក់វិន័យឱ្យខ្លួនឯងអនុវត្តន៍សកម្មភាពដែលមិនចង់ធ្វើ ដើម្បីទទួលលទ្ធផលដែលខ្លួនចង់បាន។

ស្រ្តេសល្អ នឹងក្លាយជាស្រ្តេសមិនល្អ ៖ ទោះបីជាការចំណាត់ថ្នាក់ របស់ស្រ្តេសល្អ សុទ្ធសឹងតែជាសកម្មភាពនាំទៅរកការប្រកួតប្រជែងជាមួយនឹងខ្លួនឯង ក៏ដូចជាការសម្រួចគោលដៅ និងការអភិវឌ្ឍក៏ដោយ កាលដែលទទួលបាននូវបទពិសោធន៍ស្រ្តេសល្អច្រើនលើសលប់ពេក ដោះស្រាយនឹងរឿងដដែលៗច្រើនដងពេក ក៏អាចនាំទៅរកភាពអវិជ្ជមានផងដែរ! នេះក៏ដោយសារនៅពេលដែលវាច្រើនពេក នោះរបៀបនៃការឆ្លើយតបទៅកាន់ស្ត្រេស តាមរយៈមធ្យោបាយមិនល្អដូចជាការប្រើប្រាស់គ្រឿងស្រវឹងច្រើន ការទទួលទានអាហារតាមអារម្មណ៍ និងមានពេលតិចតួចក្នុងការឆ្លុះបញ្ចាំង ដែលទាំងនេះបង្កើតបានទៅជាភាពតានតឹងរ៉ាំរ៉ៃ ប៉ះពាល់ទាំងរយៈពេលវែងនិងពេលខ្លីទៅកាន់សុខភាពផ្លូវចិត្ត។ ដូច្នេះតម្រូវឱ្យកត់សម្គាល់ដោយខ្លួនឯង ដើម្បីកុំឱ្យស្រេ្តសល្អទាំងនោះកើតមានលើសលប់ ហួសពីដែនដែលអាចគ្រប់គ្រងបាន។

ស្រេ្តសមិនល្អ ក៏អាចក្លាយជាស្រ្តេសល្អ ៖ ស្រ្តេសមិនល្អមានដូចជា អារម្មណ៍លើសលប់ទៅសកម្មភាពដែលមិនអាចគ្រប់គ្រងបាន ឬមិនអាចធ្វើបានប៉ុន្តែបារម្ភជារឿយៗ ដែលបង្កើតបានទៅជាភាពតានតឹង ផលិតភាពធ្លាក់ចុះ គ្រប់គ្រងពេលវេលា ឬប្រភេទការងារមិនបានល្អជាដើម។ តែយ៉ាងណាមិនមែនស្រ្តេសមិនល្អទាំងអស់ សុទ្ធតែអាចក្លាយជាស្រេ្តសល្អនោះទេ! គឺត្រូវការឱ្យបណ្តុះទស្សនៈវិជ្ជមាន ជំរុញឱ្យមានផ្នត់គំនិតជឿជាក់លើខ្លួនឯងថា អាចផ្លាស់ប្តូរទម្លាប់មិនល្អ ហើយធ្វើសកម្មភាពដើម្បីដោះស្រាយនឹងភាពតានតឹងរ៉ាំរ៉ៃ មិនថាទៅជួបជាមួយអ្នកជំនាញ ការចាប់ផ្តើមអនុវត្តន៍សកម្មភាពផ្តល់ការអប់រំចិត្ត និងការសង្រួមស្មារតីឱ្យមានសតិរឭកដឹងជាដើម៕




