ភ្នំពេញ – យុវជនវ័យក្មេងពីររូប គឺយុវសិស្ស រិទ្ធ នីវិសាលស្ណុ និងយុវតី លឹម ឈីងអ៊ី ទើបតែប្រឡងជាប់សញ្ញាបត្រពីក្រុមហ៊ុន Siemens Digital Industries Software សម្រាប់ជំនាញវិស្វកម្មឌីហ្សាញតាមរយ:ការប្រឡងប្រើប្រាស់សូហ្វ៊ែរ Solid Edge កម្រិត Associate ។ យុវជនវ័យក្មេងពីររូបនេះ បានចំណាយពេលប្រមាណ ១០ម៉ោងប៉ុណ្ណោះ ក្នុងការឌីហ្សាញគម្រោងតួប៊ីនខ្យល់ (Wind Turbine) មួយយ៉ាងជោគជ័យ។
យុវសិស្ស រិទ្ធ នីវិសាលស្ណុ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យឬស្សីកែវ និងជាម្ចាស់ជ័យលាភីមាដាយមាសការប្រឡងគណិតវិទ្យាអូឡាំព្យាដអាមេរិកកាំង(AMO) ឆ្នាំ២០២១ បាននិយាយថា ដំបូងឡើយរូបគេបានចុះឈ្មោះចូលរៀនអាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញដោយប្រើ Solid Edge software កម្រិត Associate រយ:ពេល១២សប្តាហ៍ របស់កម្មវិធីអប់រំ៤.០ ដោយការសិក្សាទៅលើ 2D Design, 3D Design, ការផ្គុំបញ្ចូលគ្នា (assembly) និងដំណើរការដើម្បីបង្កើតបានជាផលិតផលគំរូ (prototype) តាមរយ:ការប្រើ 3D Printing Technology។

នីវិសាលស្ណុ បន្ថែមថា នៅក្នុងការធ្វើគម្រោងឌីហ្សាញតួប៊ីនខ្យល់ (Wind Turbine)នេះ គឺជាប្រភេទកង្ហារដែលបំប្លែងថាមពលខ្យល់ទៅជាថាមពលអគ្គីសនី ដោយក្នុងការធ្វើគម្រោងនេះ មានសមាជិកចំនួនពីរនាក់ប៉ុណ្ណោះក្នុងការឌីហ្សាញ។ វិសាលស្ណុ បន្តថា ការឌីហ្សាញតួប៊ីនខ្យល់នេះ ចាប់ពីសប្ដាហ៍ទី៤ ទៅសប្ដាហ៍ទី១១ ដោយបែងចែកជាវគ្គនីមួយៗដែលត្រូវធ្វើ និងបែងចែកពេលវេលាជួបជុំសមាជិកក្រុម។
យុវសិស្ស រិទ្ធ នីវិសាលស្ណុ
“នៅក្នុងការឌីហ្សាញនេះ យើងបែងចែកជា៥វគ្គ ហើយមួយវគ្គៗអាចចំណាយពេលពីមួយម៉ោងទៅពីរម៉ោង ហើយសម្រាប់គម្រោងឌីហ្សាញតួប៊ីនខ្យល់ចំណាយពេលប្រមាណ១០ម៉ោង”
សិស្សថ្នាក់ទី១១រូបនេះ បញ្ជាក់បន្ថែមថា គម្រោងឌីហ្សាញតួប៊ីនខ្យល់ (Wind Turbine) នេះ ជាឧបករណ៍មួយមានសារៈសំខាន់ក្នុងការចាប់យកថាមពលខ្យល់ បំប្លែងទៅជាថាមពលអគ្គីសនី ដោយមិនមានការបំពុលបរិស្ថាន។ ជាក់ស្ដែងក្នុងប្រទេសជាច្រើននៅលើពិភបលោក ចាប់ផ្ដើមអនុវត្ត Wind Turbine ដូចជានៅប្រទេសអាល្លឺម៉ង់ផ្ទាល់។ វិសាលស្ណុ បន្តថា ប្រសិនគម្រោងឌីហ្សាញតួប៊ីនខ្យល់ (Wind Turbine) អាចបង្កើតបានជាខ្នាតធំតែម្ដង គឺអាចជាផ្នែកមួយជួយផ្ដល់ថាមពលអគ្គីសនីដល់ប្រទេសកម្ពុជាបន្ថែមទៀតពីលើថាមពលផ្សេងៗដូចជា ថាមពលវារីអគ្គិសនី ថាមពលព្រះអាទិត្យ និងមិនផ្ដល់ផលប៉ះពាល់ដល់បរិស្ថាននោះឡើយ។
យុវតី លឹម ឈីងអ៊ី ជាសិស្សថ្នាក់ទី១២ (A1) នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក និងជាម្ចាស់ជ័យលាភីមេដាយមាស ក្នុងកម្មវិធីប្រកួតគណិតវិទ្យាអន្តរជាតិ-សិង្ហបុរី ២០២០-២០២២ ព្រមទាំងជាសមាជិកចូលរួមឌីហ្សាញតួប៊ីនខ្យល់ (Wind Turbine) ក៏បានឱ្យដឹងដែរថា ការដែលរូបនាងចូលរួមឌីហ្សាញគម្រោងតួប៊ីនខ្យល់ (wind turbine) នេះ គឺដើម្បីលទទួលបានបទពិសោធន៍ថ្មីៗប្លែកៗទាក់ទងទៅនឹងវិទ្យាសាស្រ្តពិត ដូចជា ការឌីហ្សាញ និងផលិតនូវផលិតផលចេញមកក្រៅតាមរយៈបច្ចេកវិទ្យាបោះពុម្ព 3D។ លើសពីនេះ ពង្រឹងជំនាញ សមត្ថភាពច្នៃប្រឌិត ជាពិសេសអាចសិក្សាបន្ថែមដើម្បីបង្កើតគម្រោងថ្មីៗតាមក្ដីស្រមៃ ឈានទៅដល់ការបង្កើតនូវឧបករណ៍បច្ចេកវិទ្យាទំនើបៗនាពេលអនាគត។

យុវតី លឹម ឈីងអ៊ី បន្តថា ក្នុងការឌីហ្សាញនេះ ក្រុមនាងក៏បានជួបនឹងបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា ពេលវេលា ដោយសារត្រូវរៀនត្រៀមប្រឡងបាក់ឌុប សមាជិកក្រុមមកពីសាលាផ្សេងគ្នា កាលវិភាគមិនត្រូវគ្នា ពិបាកក្នុងការបែងចែកពេលវេលាជួបគ្នាពិភាក្សាជាដើម។ មួយវិញទៀត គឺការឌីហ្សាញ ដែលត្រូវដោះស្រាយ រួមមានបញ្ហាស៊ូហ្វែ បញ្ហាខ្នាតប្រវែងដែលត្រូវការរកដំណោះស្រាយ។ ប៉ុន្តែចុងបញ្ចប់ពួកគេនៅតែអាចជំនះឧបសគ្គទាំងអស់នេះបាន។
យុវតី លឹម ឈីងអ៊ី
“នាងខ្ញុំពិតជាពេញចិត្តនឹងលទ្ធផលមួយនេះណាស់ ព្រោះទាំងការឌីហ្សាញ និងការបង្កើតចេញជារូបរាងរបស់តួប៊ីនខ្យល់នេះ គឺបានមកពីការតស៊ូខិតខំធ្វើទាំងយប់ទាំងថ្ងៃរបស់ក្រុមខ្ញុំផ្ទាល់”
យុវសិស្ស រិទ្ធ នីវិសាលស្ណុ ក៏បានលើកទឹកចិត្តសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍លើផ្នែកឌីហ្សាញ អាចចូលរួមកម្មវិធីអប់រំ៤.០ ដើម្បីអភិវឌ្ឍជំនាញខ្លួនលើវិស័យវិស្វកម្មបច្ចេកវិទ្យា៤.០ នេះ ដើម្បីកសាង និងអភិវឌ្ឍលើផ្នែកវិស្វកម្មរបស់ប្រទេសកម្ពុជានៅថ្ងៃអនាគត។ ជាពិសេស ការសិក្សានេះ ផ្ដោតខ្លាំងទៅលើផ្នែកវិស្វកម្មបច្ចេកវិទ្យា៤.០ ដែលសព្វថ្ងៃប្រទេសកម្ពុជាកំពុងតែមានតម្រូវការខ្ពស់ និងខ្វះខាតធនធានមនុស្សជួយកសាងជំនាញលើផ្នែក 3D Design និងសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យនាពេលខាងមុខ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។