គន្លឹះប្រាំពីរចំណុចជួយឱ្យកុមារចូលចិត្តរៀនសូត្រ តាមរយៈសកម្មភាពចូលរួមពីម្តាយឪពុក

ការសិក្សាបានបង្ហាញថា កុមារម្នាក់ៗសុទ្ធតែមានសមត្ថភាពនិងសក្តានុពលខ្ពស់លើការសិក្សា​មុខវិជ្ជាគណិតវិទ្យា សិល្បៈ វិទ្យាសាស្ត្រសង្គម ព្រ​ម​​ទាំ​ង​​គំ​និ​ត​ច្នៃ​ប្រឌិ​ត​អស្ចារ្យ​ជា​ច្រើ​​ន​​ផ្សេងៗគ្នា។​ ប៉ុន្តែវាមិនមែនគ្រប់កុមារទាំងអស់សុទ្ធសឹងតែមានសក្តានុពលទាំងនេះទេ អាស្រ័យលើភាពឆ្លាតវៃរបស់កុមារ និងការដឹកនាំ​របស់ម្តាយឪពុកបន្ថែម។ ខាងក្រោមនេះ ជា​គន្លឹះ​​សំ​ខា​ន់ប្រាំពីរចំណុចជួយឱ្យកុមារចូលចិត្តសិក្សាតាមរយៈជំនួយពីម្តាយឪពុក​។

១. បង្កើតបរិយាកាសរីករាយនិងកក់ក្តៅនៅក្នុងគ្រួសារ៖ កុមារគ្រប់រូបត្រូវការក្តីស្រឡាញ់ពីម្តាយឪពុកគ្រប់ពេលវេលា។ រូបភាពនៃសេចក្តីស្រឡាញ់ទាំងនោះមានដូចជា ការទំនុកចិត្ត បរិយាកាសកក់ក្តៅ ពាក្យពេចន៍ថ្នាក់ថ្នម និងភាពទន់ភ្លន់ជាដើម។ ទង្វើវិជ្ជមានទាំងនេះ​នឹង​ជួយ​ឱ្យកុមារ​ក្លាយ​ជា​ក្មេង​ល្អ​ដោយ​មិន​ដឹង​ខ្លួន​នៅពេ​ល​ពួក​គេ​ចាប់​ផ្តើមធ្វើ​​ដំណើរ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​។ ចំណងទាក់ទងស្និទ្ធស្នាលនៅក្នុង​គ្រួសារមានឥទ្ធិពលយ៉ាងខ្លាំងដល់ការសិក្សារបស់កុមារ។

២. ផ្តល់អាហារូបត្ថម្ភត្រឹមត្រូវដល់កុមារ៖ របបអាហារនិងអាហារូបត្ថម្ភត្រឹមត្រូវសម្រាប់កុមារ ផ្ទុយពីអាហារទាំងឡាយណាដែលធ្វើឱ្យកុមារឆ្អែត ឬមិនឃ្លានអាហារ។ វ័យកុមា​រ​គួរ​តែទ​ទួ​​លអាហារសរីរាង្គ ដូចជាបន្លែ ផ្លែឈើស្រស់ឱ្យបានច្រើន ព្រមទាំងជៀសវាងអាហារណាដែរមានសារជាតិប្រៃពេក ផ្អែមពេក ភេសជ្ជៈកំប៉ុង និងអាហារមាន​ខ្លាញ់​ច្រើន​ដូច​ជា​អា​ហា​​រ​បំពងគ្រប់ប្រភេទ (Fast food) ។ ការផ្តល់អាហារូបត្ថម្ភត្រឹមត្រូវដល់កុមារនឹង​ជួយពង្រឹងប្រព័ន្ធភាពសុំា ​និងមានតួនាទីគាំទ្រដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ។

៣. ជំរុញឱ្យមានចលនានិងហាត់ប្រាណឱ្យបានទៀងទាត់៖ កុមារមានវិចារណញ្ញាណពីធម្មជាតិក្នុងការអង្កេតនិងស្វែងយល់ពីទំនាក់ទំនងរវាងសកម្មភាពនិងការគិតរបស់ពួកគេ។ កា​ល​ណាម្តាយឪពុកព្យាយាមជំរុញឱ្យកុមារមានសកម្មភាពរាងកាយ នោះគំនិត​ច្នៃប្រឌិតរបស់ពួកគេនឹងកើតឡើងជាបន្តបន្ទាប់ អាច​ជួ​យឱ្យ​កុមារ​​មាន​ទំនា​ក់​ទំនង​ល្អ​ជា​​មួយ​មនុស្ស​ជុំ​វិញ​ខ្លួ​ន​​។

៤. បំផុសឱ្យកុមារធ្វើសកម្មភាពល្អបំផុតដែលអាចធ្វើបាន៖ នៅពេលកូនរបស់អ្នកធ្វើសកម្មភាពអ្វីមួយ សូមកុំផ្លាស់ប្តូរវាភ្លាមៗបន្ទាប់ពីធ្វើបានពីរបីនាទី តែ​ផ្ទុយ​ទៅ​វិ​ញ​ត្រូវបំ​ផុស​គំនិត​វិជ្ជមានជំរុញការអនុ​វត្តរបស់ពួកគេឱ្យបានច្រើន និងធ្វើឱ្យកាន់តែល្អប្រសើរបន្តិចម្តងៗ។ ចំណុចនេះកុមារនឹងរីករាយពេលដែលធ្វើអ្វីមួយបានល្អឥតខ្ចោះ ​ដើម្បី​ទទួល​បា​ន​បទពិសោ​ធន៍​ផង បង្កើនការចងចាំផង ពង្រឹងស្មារតី និងផ្តោតអារម្មណ៍លើកិច្ចការបានល្អ។

៥.ចំណាយពេលវេលាជាមួយកូន ៖ ម្តាយឪពុកត្រូវប្រើប្រាស់ពេលវេលាឱ្យមានតម្លៃក្នុងបុព្វហេតុបណ្តុះបណ្តាលកូន។ ត្រូវគ្រប់គ្រងលើពេលវេលាប្រចាំថ្ងៃផ្ទាល់ខ្លួនឱ្យបានល្អ​ បង្កើ​ត​រឿងនិទានសម្រាប់កូន និងចូលរួមយ៉ាងសកម្មជាមួយកូន។ កុមារចូលចិត្តរៀនតាមរយៈរឿងនិទាន ស្តាប់​ចង្វាក់ភ្លេង ច្រៀងចម្រៀង គូរគំនូរ ចម្អិនម្ហូប ដេរប៉ាក់ ហើ​យ​សម​ត្ថ​ភា​ព​នៃការគិតរបស់ពួកគេអាចអភិវឌ្ឍ​បានយ៉ាងល្អតាមរយៈការលេងកីឡា។

៦. បង្រៀនកូនកុំប្រញាប់ប្រញាល់ ៖ ជំហានដំបូងកុមាររៀនតាមរយៈរបស់ដែលមាននៅជុំវិញខ្លួនពួកគេ ដូចជា ផ្កា សត្វ ដុំថ្ម និងរបស់ជាច្រើនទៀត។ ពួកគេលេងបណ្តើរ រៀន​កត់​ចំ​ណាំ​​បណ្តើរ និ​ង​​ចា​ប់ផ្តើ​ម​គិ​ត​ស្រមើស្រមៃរូបភាពផ្សេងៗក្នុងពិភពលោក។ ដំណាក់កាលនេះម្តាយឪពុកមិនត្រូវបង្ខំឱ្យកុមារដឹងគ្រប់រឿងនោះទេ ដោយសារកុមារអាចទទួលយក​ចំណេះ​ និងយល់ពីរូបភាពអ្វីមួយតាមអាយុរបស់ពួកគេ។

​​ ៧.ស្តាប់និងលើកទឹកចិត្តកូនដោយវិជ្ជមាន ៖ កូនតូចរបស់អ្នកតែងព្យាយាមនិយាយប្រាប់អ្នកពីអ្វីដែលពួកគេបានឃើញ។ សកម្មភាពនេះម្តាយឪពុកនឹងហត់ឆ្លើយ ឬធុញទ្រាន់​សំ​ណួ​រ​​​ដដែល​ៗរ​បស់កូន ប៉ុន្តែចំណុចល្អមួយពេលនេះត្រូវនៅ​ក្បែរ ឆ្លើយសំណួរ ​និង​លើកទឹកចិត្តកូនឱ្យរក្សាគំនិតវិជ្ជមានជាប់ជានិច្ច។