ភ្នំពេញ– សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងនិងបរិញ្ញាបត្រចំនួន២០០កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣០កន្លែងដល់សិស្ស-និស្សិតឆ្នាំសិក្សា២០២១-២០២២ ។ អាហារូបករណ៍ចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នាពេលថ្មីៗនេះ ។
អាហារូបករណ៍ទាំងបីកម្រិតនេះ ផ្ដល់ជូននូវជំនាញ១៣មុខវិជ្ជាសម្រាប់ជ្រើសរើសរួមមាន៖ វិទ្យាសាស្ត្រអប់រំ នីតិឯកជន ហិរញ្ញវត្ថុ គ្រប់គ្រង ការបង្រៀនភាសាអង់គ្លេស គណនេយ្យ ធនាគារនិងហិរញ្ញវត្ថុ ទីផ្សារ ទេសចរណ៍ សេដ្ឋកិច្ច អក្សរសាស្ត្រអង់គ្លេស ភាសាអថ់គ្លេសបង្រៀន វិទ្យាសាស្ត្រកុំព្យូទ័រ បច្ចេកវិទ្យាព័ត៌មានពាណិជ្ជកម្ម នីតិសាស្ត្រ វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ ។
លក្ខខណ្ឌដែលត្រូវជ្រើសរើសរួមមាន ៖ ជាបេក្ខជនដែលមានជីវភាពខ្វះខាត, សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ។ ការសិក្សាថ្នាក់បរិញ្ញាបត្របេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(Bac II) ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ហើយសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងបេក្ខជនត្រូវមានលិខិតបញ្ជាក់ធ្លាក់ ឬជាប់មធ្យមសិក្សាទុតិយភូមិ(Bac II) ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ។ ជាមួយគ្នានេះបេក្ខជន-បេក្ខនារីទាំងអស់នឹងឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើសដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រួសគ្រាប់ពូជនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។
ដើម្បីដាក់ពាក្យបេក្ខជន-បេក្ខនារីត្រូវភ្ជាប់ឯកសារមួយចំនួន ដូចជា ពាក្យសុំអាហារូបករណ៍ បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍ ជីវប្រវត្តិសង្ខេបដែលមានបិទរូបថតថ្មី(៤x៦ ស.ម) សញ្ញាបត្រ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ឬសំបុត្របញ្ជាក់កំណើត ថតចម្លងសៀវភៅគ្រួសារ ០១ច្បាប់គ្រប់ឯកសារ និងរូបថតទំហំ(៤x៦ ស.ម) ថតថ្មីចំពីមុខគ្មានវែនតា និងមានផ្ទៃខាងក្រោយពណ៌ស ០៣ច្បាប់ ។
បេក្ខជន-បេក្ខនារីអាចទាញយកសំណុំឯកសារស្នើសុំអាហារូបករណ៍តាមរយៈតំណភ្ជាប់៖ https://bit.ly/2YGw6cD និងធ្វើការ Upload ពាក្យស្នើសុំតាមតំណភ្ជាប់៖ https://forms.gle/hqzZDfrWbutTtB7m8 ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៦ ៨១ ១៣ ៩៧ និង ០១២ ៩០ ៦០ ០៦ ។
បេក្ខជនអាចធ្វើការបំពេញពាក្យ និងបែបបទសុំអាហារូបករណ៍ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា កំពុងសិក្សាពីសិល្បៈ និងការសិក្សាអំពី ព័ត៌មាន។ បច្ចុប្បន្នកំពុង Intern ជាអ្នកសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។