ខេត្តពោធិ៍សាត់ – វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ (PIPP) ជ្រើសរើសសិស្ស-និស្សិត និងសាធារណជនឱ្យចូលសិក្សាដោយឥតបង់ថ្លៃ ចំនួន ៥២៥កន្លែង សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ។ គោលបំណងអាហារូបករណ៍នេះ ជួយដល់សិស្សានុសិស្សមានបំណងសិក្សាលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីប្រកបមុខរបបរសម្រាប់ទ្រទ្រង់ជីវភាព និងចៀសផុតពីការលំបាកនៅក្នុងជីវិត ។

មុខជំនាញសិក្សាសំខាន់ៗរួមមាន ទី១. បរិញ្ញាបត្របច្ចេកវិទ្យា ឬឯកទេស ឬកម្រិតវិស្វករ សិក្សារយៈពេល ៤ឆ្នាំ មុខជំនាញរួមមាន សំណង់ស៊ីវិល ២៥នាក់ អគ្គិសនី ៧៥នាក់ ព័ត៌មានវិទ្យា ២៥នាក់ ។ លក្ខខណ្ឌនៃការចូលរៀនបេក្ខជនត្រូវមានសញ្ញាបត្របាក់ឌុប ឬសញ្ញាបត្រមានតម្លៃស្មើ និងមានសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬឯកទេស ឬបរិញ្ញាបត្ររង ព្រមទាំងមានបទពិសោធន៍ការងារយ៉ាងតិចពីរឆ្នាំលើមុខជំនាញ ។
ទី២. សញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យ ឬបរិញ្ញាបត្ររង សិក្សារយៈពេលពីរឆ្នាំ មុខជំនាញរួមមាន សំណង់ស៊ីវិល ២៥នាក់ អគ្គិសនី ១០០នាក់ ព័ត៌មានវិទ្យា ៥០នាក់ គណនេយ្យ និងហិរញ្ញវត្ថុ ២៥នាក់ មេកានិចរថយន្ត ២៥នាក់ និងជំនាញអេឡិចត្រូនិច ចំនួន ២៥នាក់ ។ លក្ខខណ្ឌនៃការចូលរៀនជាបេក្ខជនបានរៀនចប់មធ្យមសិក្សាទុតិយភូមិ (ប្រឡងធ្លាក់) ឬសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ។លើសពីនេះ បេក្ខជនត្រូវមានគុណសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ហើយត្រូវមានបទពិសោធន៍ការងារយ៉ាង ៣ឆ្នាំលើមុខជំនាញដដែល។

ទី៣. សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) សិក្សារយៈពេល ១ឆ្នាំ មុខជំនាញរួមមាន ការងារកំបោរ ២០នាក់ ការងារដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៥០នាក់ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ២០នាក់ កាថែទាំនិងជួសជុលរថយន្ត ២០នាក់ សេវាកម្មរចនាក្រាហ្វិកដោយកុំព្យូទ័រ ២០នាក់ និងអេឡិចត្រូនិច ចំនួន ២០នាក់ ។ លក្ខខណ្ឌនៃការចូលរៀនបេក្ខជនត្រូវបានរៀនចប់មធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឬវិញ្ញាបនបត្រស្ពានចម្លងបន្តជំនាញ ឬកម្រិតសមមូល ។ លើសពីនេះ បេក្ខជនត្រូវមានវិញ្ញាបនបត្រវិជ្ជាជីវៈ រួមទាំងបទពិសោធន៍ការងារយៈពេល ១ឆ្នាំយ៉ាងតិច និងបានបញ្ចប់មធ្យមសិក្សាបឋមភូមិ ឬបានឆ្លងកាត់វគ្គស្ពានចម្លង ។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់រៀនជំនាញបច្ចេកទេស អាចចុះឈ្មោះចូលរៀនពីថ្ងៃផ្សាយដំណឹងនេះតទៅ តាមរយៈតំណភ្ជាប់ https://forms.gle/RzzGHr1sz7eG3qNS6 ។ កាលបរិច្ឆេទចូលរៀននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ។ អាសយដ្ឋាន ភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់, ខាងជើងវិទ្យាល័យពោធិ៍សាត់ចម្ងាយ ១០០ម៉ែត្រ ជាប់របងមជ្ឈមណ្ឌលប៊ុនរ៉ានីហ៊ុនសែន។ ព័ត៌មានបន្ថែមទំនាក់ទំនងលេខ ០១២ ៣៣២ ៨៧៦, ០១៦ ៥៤៨ ០៥៦,០៩៧ ៩១១ ៧០៨៦, ០១១ ៣២២ ៣៦៦ ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។