ភ្នំពេញ៖ ការរំលោភបំពានលើកុមារកើតឡើងតាមរូបភាពច្រើនទម្រង់ផ្សេងៗគ្នា មានការរំលោភបំពានលើរាងកាយ ការរំលោភបំពានផ្លូវភេទ ការបង្ខាំងទុកជួញដូរផ្លូវភេទ ទង្វើនាំឱ្យមានគ្រោះថ្នាក់ដល់ផ្លូវចិត្តនិងអារម្មណ៍ អំពើហិង្សាក្នុងគ្រួសារ និងការបោះបង់ចោលកុមារជាដើម។ ក្នុងនាមជាអាណាព្យាបាលកុមារត្រូវដឹងពីរូបភាពទាំងនេះ និងជួយដោះស្រាយបញ្ហារបស់ពួកគេ។ ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួនជំនួយព័ត៌មានដល់ម្តាយឪពុកបញ្ជៀសនិងជួយកុមារពីការរំលោភបំពានណាមួយ ចុះផ្សាយដោយ Better Health Channel ។
ទី១. រាយការណ៍ពីការរំលោភបំពាន ៖ ប្រសិនបើអ្នកសង្ស័យថាកូនរបស់អ្នកត្រូវបានគេរំលោភពាន ឬរងអំពើហិង្សាណាមួយពីសាលារៀន ឬទីប្រជុំជនផ្សេងៗ អ្នកត្រូវធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន។ សមត្ថកិច្ចជំនាញនឹងស៊ើបអង្កេតលើបញ្ហាទាំងនេះ និងចាត់វិធានការបែបណាបន្តតាមជាក់ស្តែង។ ប្រសិនបើកូនរបស់អ្នកបានដឹងពីករណីរំលោភបំពានផ្សេងៗមកប្រាប់អ្នកមានន័យថា អ្នកអាចជាមនុស្សតែម្នាក់ប៉ុណ្ណោះដែលមានតួនាទីក្នុងការរាយការណ៍ ហើយការឆ្លើយតបរបស់អ្នករឹតតែសំខាន់ក្នុងកិច្ចការពារសុវត្ថិភាពកុមារ។
ទី២. ស្វែងយល់ថាអ្វីទៅជាការរំលោភបំពានកុមារ ៖ ការរំលោភបំពានលើកុមារជាសកម្មភាពរំលោភបំពានផ្លូវកាយ ការរំលោភបំពានផ្លូវភេទ ការបង្ខាំងទុកជួញដូរផ្លូវភេទ ធ្វើឱ្យមានគ្រោះថ្នាក់ដល់ផ្លូវចិត្តនិងអារម្មណ៍កុមារ អំពើហិង្សាក្នុងគ្រួសារ និងការបោះបង់ចោលកុមារ។ ទង្វើមិនប៉ះពាល់ដល់រាងកាយ ឬប្រើកម្លាំងក៏ចាត់ទុកជាការរំលោភបំពានលើកុមារដែរ។
ឪពុកម្តាយអាចដឹងបានថាកុមារម្នាក់ទទួលរងការរំលោភបំពានតាមរយៈកាយវិការដូចជា ការផ្លាស់ប្ដូរអាប្បកិរិយា (ការនិយាយស្ដី ប្រាជ្ញាអន់ថយ រវ៉ើរវាយ) សញ្ញាបង្ហាញនៅលើរាងកាយមានការរំលោភបំពាន (ស្នាមជាំដែលមិនអាចពន្យល់ប្រាប់បាន ស្នាមវាយ និងសញ្ញាជាច្រើនទៀត) ទំនាក់ទំនងមិនសមទំនងរវាងមនុស្សធំ និងកុមារ (ការប៉ះពាល់រាងកាយដោយមិនសមរម្យ ការឱ្យរង្វាន់ដែលគ្មានមូលហេតុ ឬទាក់ទងតាមបណ្ដាញសង្គមផ្សេងៗ) ។
ទី៣. តួនាទីរបស់សាលារៀន ៖ គ្រប់បុគ្គលិកអប់រំនៅក្នុងសាលារៀនមានកាតព្វកិច្ចការពារនិងឆ្លើយតបទៅនឹងគ្រោះថ្នាក់ ឬមន្ទិលសង្ស័យផ្សេងៗលើការរំលោភបំពានផ្សេងៗលើកុមារ ត្រូវឆ្លើយតបក្នុងស្ថានភាពបន្ទាន់ដោយផ្ដល់សេវាសុខភាព និងសុវត្ថិភាព ការសង្គ្រោះបឋម ឬទាក់ទងទៅសេវាសង្គ្រោះបន្ទាន់។
ទន្ទឹមគ្នានេះសាលារៀនត្រូវជូនដំណឹងទៅអាជ្ញាធរ ទាក់ទងមាតាបិតាឬអ្នកថែទាំកុមារក្នុងពេលសមរម្យ និងផ្ដល់ការផ្គត់ផ្គង់បន្តដល់កុមារដែលរងគ្រោះដោយការរំលោភបំពាន រាប់បញ្ចូលទាំងការប្រឹក្សារបស់អ្នកមានវិជ្ជាជីវៈដើម្បីជួយកុមាររងគ្រោះ។
ទី៤. កិច្ចការពាររបស់ឪពុកម្ដាយ ៖ ឪពុកម្ដាយនិងអ្នកថែទាំកុមារ អាចជួយដោះស្រាយបញ្ហារបស់កូនៗបានកាន់តែប្រសើរតាមវិធីសាស្ត្រល្អៗជាច្រើន។ អ្នកជាឪពុកម្ដាយគួរជួយបង្រៀនអប់រំកូនឱ្យដឹងពីសិទ្ធិនិងសុវត្ថិភាពដែលកុមារទទួលបាន និងគ្មានការគំរាមកំហែងធ្វើឱ្យប៉ះពាល់ពួកគេ ឬធ្វើឱ្យឈឺចាប់អារម្មណ៍មិនល្អ។ ពន្យល់កូនពីសុវត្ថិភាពកិច្ចគាំពារដែលកុមារគួរទទួលបាន ព្រមទាំងប្រាប់ពីផលប៉ះពាល់នៃការរំលោភបំពានដល់កូនដើម្បីឱ្យកុមារដឹងនិងស្វ័យការពារខ្លួន៕