ភ្នំពេញ – ការទៅរៀនបន្តថ្នាក់មហាវិទ្យាល័យ បន្ទាប់ពីបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ គឺជាក្ដីស្រមៃរបស់យុវតី ពេជ្រ សុមាលី តាំងពីកំពុងរៀននៅថ្នាក់វិទ្យាល័យមកម្ល៉េះ។ បច្ចុប្បន្ននេះ ក្តីស្រមៃនោះ បានក្លាយជាការពិតហើយ ដោយពេលនេះ សុមាលី កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តកសិកម្ម នៅសាកលវិទ្យាល័យ Burapha នៃខេត្ត Chanthaburi ប្រទេសថៃ ក្រោយទទួលបានអាហារូបករណ៍របស់សម្ដេចព្រះមហាចក្រីសិរិនថន ដែលមានឈ្មោះថា HRH Princess Scholarship ។
តើធ្វើដូចម្តេចទើបបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ?
កញ្ញា ពេជ្រ សុមាលី បានប្រាប់ AMS ថា ការសម្រេចចិត្តដាក់ពាក្យអាហារូបរកណ៍ទៅសិក្សានៅប្រទេសថៃ ព្រោះកញ្ញាមានចិត្តស្រឡាញ់ ចង់សិក្សាស្វែងយល់ពីប្រព័ន្ធសិក្សា ការបង្កើតទំនាក់ទំនងរបស់ជនជាតិថៃ ហើយម្យ៉ាងទៀតអាហារូបករណ៍នេះបានចូលរួមជាចំណែកមួយយ៉ាងសំខាន់ក្នុងការចំណាយលើការសិក្សា ក៏ដូចជាប្រាក់ចំណាយប្រចាំខែ ថ្លៃបង់សាលារៀន កន្លែងស្នាក់នៅ ការធានារ៉ាប់រងសុខភាពជាដើម ។
យុវតីមានស្រុកកំណើតនៅក្នុងស្រុកគិរីវង្ស ខេត្តតាកែវរូបនេះបានប្រាប់ទៀតថា ដើម្បីទទួលបានអាហារូករណ៍សិក្សានៅប្រទេសថៃដែលជាការឧបត្ថម្ភរបស់ម្ចាស់ក្សត្រីមហាចក្រីសុរិន្ទថន នេះបាន កញ្ញត្រូវឆ្លងកាត់ការដាក់ពាក្យ ការប្រឡងជម្រុះ២ជុំ និងសម្ភាសន៍១ជុំ ។ ក្នុងការប្រឡងជម្រុះវគ្គដំបូង បេក្ខជនទាំងអស់ត្រូវធ្វើការប្រឡងសរសេរដៃដោយបែងចែកជាថ្នាក់វិទ្យាសាស្ត្រ និងសង្គម និងមានមុខវិជ្ជាប្រឡងគណិតវិទ្យា និងភាសាអង់គ្លេសរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដែលមានបេក្ខជនចូលរួមប្រឡងសរុបដល់ទៅ ២០០០នាក់។
កញ្ញា ពេជ្រ សុមាលី បន្តថា នៅក្នុងវគ្គទី២ជាការប្រឡងជម្រុះបេក្ខជនមានចំនួន១០០០នាក់ដែលបានជាប់ពីវគ្គទី១ ដើម្បីប្រឡងបញ្ចូលគ្នាមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសាអង់គ្លេស និងភាសាថៃ ។ ហើយនៅជុំចុងក្រោយជាវគ្គសម្ភាសន៍ ក្រោយបេក្ខជន-បេក្ខនារីបានឆ្លងកាត់ការប្រឡងជម្រុះ២ជុំដោយជោគជ័យ។ បេក្ខជន-បេក្ខនារី ត្រូវសម្ភាសន៍ផ្ទាល់ដោយសាស្រ្តាចារ្យមកពីប្រទេសថៃ ដោយប្រើប្រាស់ភាសាអង់គ្លេស ហើយទីតាំង និងដំណើរការប្រឡងប្រព្រឹត្តនៅក្នុងវិទ្យាស្ថានបច្ចកវិទ្យាកម្ពុជា ឬហៅថាសាលាតិចណូដែលរៀបចំដោយភាគីខាងថៃ ។
ការរស់នៅ និងសិក្សានៅក្នុងប្រទេសថៃ
យុវតីវ័យ២០ឆ្នាំរូបនេះបានឱ្យដឹងថា ក្នុងអំឡុងពេលមកដល់ដំបូង ការសិក្សា និងស្នាក់នៅជួបបញ្ហាបន្តិចបន្តួច ដូចជា អាហារ ដោយសារនៅប្រទេសថៃអាហារភាគច្រើនជាអាហារមានជាតិខ្លាញ់ និងហិរ ។ ជាមួយគ្នានេះការស្នាក់នៅ និងការធ្វើទំនាក់ទំនងជាមួយមិត្តផ្សេងៗមិនមានអ្វីជាបញ្ហាទេ ព្រោះជាការស្នាក់នៅក្នុងអន្តេវាកសិដ្ឋានរបស់សាលា និងមានការយោគយល់គ្នាច្រើន ។

កញ្ញា សុមាលី បានប្រាប់ថា មកដល់ពេលនេះមានរយៈពេលជិតបីឆ្នាំហើយដែលកញ្ញាបានស្គាល់ និងជួយខ្លួនឯងបានកាន់តែច្រើន ដូចជាអាចដោះស្រាយបញ្ហាដោយខ្លួនឯង អាចសម្រេចចិត្តលើរឿងដែលខ្លួនឯងគួរធ្វើ និងមិនគួរធ្វើ អាចកំណត់គោលដៅ និងរៀបចំផែនការជីវិត ។
«ចំណេះដឹងតែមួយមុខមិនគ្រប់គ្រាន់ទេ ត្រូវមានឆន្ទៈ ការព្យាយាម មហិច្ឆតា និងជឿជាក់លើខ្លួនឯងយើងអាចធ្វើបានបើយើងចង់ធ្វើ ព្រោះគ្រប់គ្នាសុទ្ធតែពូកែតាមរបៀបរបស់ខ្លួន»
កញ្ញា ពេជ្រ សុមាលី
ជាចុងក្រោយ ពេជ្រ សុមាលី បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់គួរកំណត់គោលដៅខ្លួន និងរៀបចំផែនការគោលដៅជីវិតក្នុងការសិក្សាឱ្យបានល្អ ច្បាស់លាស់ ដើម្បីសម្រេចគោលដៅ និងទទួលបានលទ្ធផលជោគជ័យ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា កំពុងសិក្សាពីសិល្បៈ និងការសិក្សាអំពី ព័ត៌មាន។ បច្ចុប្បន្នកំពុង Intern ជាអ្នកសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។