ភ្នំពេញ – ជំងឺចិត្តកាយវិបល្លាស ឬនិយាយឱ្យស្រួលស្តាប់គឺ ជំងឺពិបាកចិត្ត ឈឺកាយ (Somatoform Disorder or Unexplained Somatic Complaint), ជំងឺនេះគឺជាការត្អូញត្អែររបស់អ្នកជំងឺ ហើយការត្អូញត្អែរនេះអាចមានមួយ ឬអាចមានច្រើនប្រភេទ ប៉ុន្តែមានលក្ខណៈមិនច្បាស់លាស់ ឬមិនធម្មតា។ ជួនកាលការឈឺចាប់រត់ពីកន្លែងមួយទៅកន្លែងមួយនៃរាងកាយ មិននៅកន្លែងណាមួយពិតប្រាកដឡើយ។ នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិតជំងឺផ្លូវចិត្ត។

កញ្ញា ហ៊ ធារី ដែលជាបុគ្គលិកស្ថាប័នមួយរូបបានបញ្ជាក់ថា
“ខ្ញុំតែងតែឈឺទ្រូង ពិបាកដកដង្ហើម ចេះតែឈឺនេះនោះមករហូត! ប៉ុន្តែពេលទៅពេទ្យពិនិត្យមើល គេថាខ្ញុំមិនបានឈឺអ្វីនោះទេ ប៉ុន្តែមកពីខ្ញុំគិតច្រើនពេកទើបវាបែបនេះ”
កញ្ញាវ័យ២៥ឆ្នាំរូបនេះបន្តថា នៅពេលនោះ នាងក៏សម្រេចចិត្តទៅជួបគ្រូពេទ្យផ្លូវចិត្ត រួចធ្វើរោគវិនិច្ឆ័យទើបដឹងថា ខ្លួនឯងមានជំងឺចិត្តកាយវិបល្លាស។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជានាយកមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ ថ្លែងថា ជំងឺចិត្តកាយវិបល្លាស គឺកើតដោយសារតែចិត្ត ទើបធ្វើឱ្យកាយមានបញ្ហា។ ពេលពិនិត្យផ្នែករាងកាយ និងការពិនិត្យផ្នែកអមវេជ្ជសាស្ត្រមិនឃើញថាមានជំងឺអ្វីទេ។ ដូច្នេះវាធ្វើឱ្យអ្នកជំងឺកាន់តែអស់សង្ឃឹម ហើយជួនកាលអ្នកជំងឺគិតថាការពិនិត្យទាំងនោះមិនត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិតបន្តថា ជំងឺនេះកើតឡើងចំពោះមនុស្សវ័យជំទង់ ឬកើតឡើងចំពោះមនុសុ្សចូលដល់អាយុពេញវ័យ ដោយសារមនុស្សបែបនោះកំពុងតែទទួលឥទ្ធិពលច្រើនក្នុងសង្គម។ ឧទាហរណ៍ ជាក់ស្តែងពេលលោកនៅក្មេងអំឡុងពេលនៅសាលាអនុវិទ្យាល័យមិនសូវមានបញ្ហាគិតច្រើននោះទេ ប៉ុន្តែនៅពេលពេញវ័យមានរឿងជាច្រើនដែលត្រូវទទួលខុសត្រូវ និងទទួលរងសម្ពាធ ទើបបណ្ដាលឱ្យមានជំងឺផ្លូវចិត្ត។
ទន្ទឹមនឹងនោះដែរ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ TPO បានមានប្រសាសន៍ថា អ្នកជំងឺប្រហែលជាព្រួយបារម្ភជ្រុលហួសហេតុអំពីជំងឺផ្នែករាងកាយ ឬជំងឺទូទៅរបស់អ្នកជំងឺ។ ជាទូទៅអ្នកជំងឺមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ឬជំងឺថប់អារម្មណ៍នៅលាយឡំជាមួយដែរ។
លោកវេជ្ជបណ្ឌិតរូបនេះបន្តថា ត្រូវផ្តោតលើការគ្រប់គ្រងរោគសញ្ញា ឬព្យាបាលរោគសញ្ញា មិនមែនព្យាយាមរកមូលហេតុនៃជំងឺនេះទេ។ ការព្យាបាលឱ្យជាដាច់គឺប្រហែលមិនអាចទៅរួចទេ ប៉ុន្តែគោលបំណងនៃការព្យាបាលគឺធ្វើឱ្យអ្នកជំងឺអាចរស់នៅ និងប្រកបការងារបានទោះបីជារោគសញ្ញានៅតែបន្តមានក៏ដោយ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។