យុទ្ធនាការ «កុមារីក្រោម១៨ឆ្នាំមិនមែនជាកូនក្រមុំ» កំពុងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្ដាញសង្គម បន្ទាប់ពីមហាជន និងអង្គការពាក់ព័ន្ធបន្តអំពាវនាវឱ្យពង្រឹងវិធានការទប់ស្កាត់អាពាហ៍ពិពាហ៍វ័យក្មេង ខណៈបញ្ហានេះនៅតែកើតមានក្នុងសង្គមកម្ពុជា។
ក្រសួងកិច្ចការនារីបានបង្ហោះសារអំពាវនាវឱ្យបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង ដោយបញ្ជាក់ថា ការរៀបការមុនអាយុគឺជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិកុមារ។
ក្រសួងបានឱ្យដឹងថា ខ្លួនកំពុងដឹកនាំ សម្របសម្រួល និងរៀបចំ «ផែនការសកម្មភាពជាតិស្តីពីការបង្ការ និងទប់ស្កាត់អាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះវ័យជំទង់ ឆ្នាំ២០២៦-២០៣០» ដោយសហការជាមួយក្រសួង ស្ថាប័ន អង្គការដៃគូ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះបញ្ហានេះ។
ជាមួយគ្នានេះ អង្គការភ្លែនអន្តរជាតិកម្ពុជាក៏បានចូលរួមផ្សព្វផ្សាយសារយុទ្ធនាការដូចគ្នា ដោយអំពាវនាវឱ្យរួមគ្នាបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ ដើម្បីឱ្យក្មេងស្រីអាចមានឱកាសកំណត់អនាគត និងសម្រេចចិត្តលើជីវិតរបស់ខ្លួនឯង។
លោក យី គឹមថាន នាយកស្ដីទីប្រចាំប្រទេស នៃអង្គការអង្គការភ្លែនអន្តរជាតិកម្ពុជាបានប្រាប់ AMS ថា ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ ធ្វើឱ្យក្មេងស្រីបាត់បង់ឱកាសទទួលបានការអប់រំ ប្រឈមនឹងអំពើហិង្សា និងប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។

លោកមានប្រសាសន៍ថា «ការរៀបការវ័យក្មេងបង្កហានិភ័យខ្ពស់ដល់កុមារ ជាពិសេសការមានផ្ទៃពោះវ័យជំទង់ បញ្ហាសុខភាពផ្លូវភេទ និងប្រឈមការរំលូតកូន។ លើសពីនេះ វាធ្វើឱ្យក្មេងស្រីបាត់បង់ឱកាសសិក្សា និងបណ្ដុះបណ្ដាល បង្កឱ្យមានចំណូលទាប បន្តវដ្តភាពក្រីក្រ និងប្រឈមអំពើហិង្សា»។
ដោយឡែក អង្គការ UNICEF Cambodia ក៏បានផ្សព្វផ្សាយសារស្រដៀងគ្នាថា «កុមារីក្រោម១៨ឆ្នាំ មិនមែនជាកូនក្រមុំ» ដោយបញ្ជាក់ថា ពួកគេគួរតែជាសិស្ស ជាកូនស្រីដែលមានក្ដីស្រមៃ និងអាចក្លាយជាអ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ សិល្បករ ឬមេដឹកនាំនាពេលអនាគត។
UNICEF បានលើកឡើងថា កុមារីគ្រប់រូបមានសិទ្ធិទទួលបានអនាគតដ៏ភ្លឺស្វាង មិនមែនក្លាយជាជនរងគ្រោះ នៃការរៀបការតាំងពីវ័យក្មេងនោះឡើយ។
សូមជម្រាបថា យោងតាមការសិក្សារបស់ក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិនៅកម្ពុជា ក្នុងឆ្នាំ២០២៤ បានរកឃើញថា ប្រហែល ១៧.៩% នៃស្ត្រីអាយុ២០ ដល់២៤ឆ្នាំ នៅកម្ពុជា បានរៀបការមុនអាយុ១៨ឆ្នាំ ខណៈប្រហែល ១.៨% ទៅ២% នៃកុមារី បានរៀបការមុនអាយុ១៥ឆ្នាំ។
ការសិក្សាដដែលក៏បានបង្ហាញថា ខេត្តរតនគិរីមានអត្រាការរៀបការមុនអាយុ១៨ឆ្នាំខ្ពស់ជាងគេ ដោយមានស្ត្រីរហូតដល់ ៣៧.៣% បានរៀបការតាំងពីវ័យក្មេង៕










































































