អរម៉ូនរីករាយ (Serotonin) គឺជាសារជាតិគីមីដែលត្រូវបានគេជឿថាដើរតួជាអ្នករក្សាលំនឹង នៃអារម្មណ៍។ វាត្រូវបានគេរកឃើញថា អាចជួយឱ្យយើងគេងលក់ស្រួល ក៏ដូចជាបង្កើនអារម្មណ៍ល្អនៅក្នុងរៀងកាយរបស់អ្នកផងដែរ។ គេហ័រទំព័រ Healthline បានបង្ហាញអំពីអាហារប្រាំមួយមុខដែលអាចជួយបង្កើនកម្រិតអរម៉ូនរីករាយ serotonin នៅក្នុងខ្លួនរបស់យើង និងអាចសម្រកគីឡូទៀតផង។
១. ស៊ុត ៖ ប្រូតេអ៊ីននៅក្នុងស៊ុតអាចបង្កើនកម្រិត tryptophan ក្នុងប្លាស្មាឈាមរបស់អ្នកយ៉ាងសំខាន់ នេះបើយោងតាមការស្រាវជ្រាវរបស់អ្នកជីវវិទ្យា កាលពីឆ្នាំ២០១៥ ។ សារធាតុទាំងនោះមានទីរ៉ូស៊ីន កូលីន ប៊ីយ៉ូទីន អាស៊ីតខ្លាញ់អូមេហ្គា៣ និងសារធាតុចិញ្ចឹមផ្សេងទៀតនៅក្នុងស៊ុតដែលរួមចំណែកយ៉ាងសំខាន់ចំពោះអត្ថប្រយោជន៍សុខភាព និងលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់ស៊ុត។ សូមបញ្ជាក់ថា Tryptophan គឺជាអាស៊ីតអាមីណូដែលត្រូវការសម្រាប់ការលូតលាស់នៃទារក សម្រាប់ផលិត និងថែរក្សាប្រូតេអ៊ីន សាច់ដុំ អង់ស៊ីម ព្រមទាំងមានមុខងារជាសារធាតុនៃណឺរ៉ូនបញ្ជូនសារផងដែរ, Tryptophan ក៏ជាផ្នែកនៃអរម៉ូនរីករាយ (Serotonin)។

២. ឈីស៖ ការបរិភោគឈីសគឺជាប្រភពអាហារមួយទៀតនៃ tryptophan ផងដែរ។ រសជាតិឆ្ងាញ់ដែលលាយបញ្ជូលគ្នារវាង cheddar ជាមួយស៊ុត និងទឹកដោះគោ ជាប្រភពដ៏ល្អនៃ tryptophan ។

៣. ផ្លែម្នាស់ ៖ ម្នាស់ត្រូវបានគេបង្ហាញជាច្រើនទសវត្សរ៍មកហើយថា វាមានផ្ទុកសារធាតុនៃអរម៉ូនរីករាយ serotonin។ យ៉ាងណាក៏ដោយ ក៏ត្រូវប្រាកដដែរថា ការបរិភោគផ្លែម្នាស់ត្រូវនៅស្រស់ល្អ ទើបវាសម្បូរជាតិអរម៉ូនរីករាយ serotonin។
៤. តៅហ៊ូ ៖ ផលិតផលដែលធ្វើពីសណ្តែក ក៏សម្បូរទៅដោយសារធាតុ tryptophan ដែលធ្វើឱ្យមាននូវជាតិអរម៉ូនរីករាយផងដែរ ។ អ្នកអាចយកតៅហ៊ូទៅធ្វើជាម្ហូបអ្វីផ្សេងតាមរូបមន្តណាមួយដើម្បីបរិភោគ នោះវានឹងក្លាយជាប្រភពដ៏ល្អនៃការបង្កើន tryptophan ផងដែរ។ ម៉្យាងវិញទៀត តៅហ៊ូខ្លះមានជាតិកាល់ស្យូម ដែលផ្តល់នូវការជំរុញជាតិកាល់ស្យូមដ៏អស្ចារ្យថែមទៀត។

៥. ត្រីសាម៉ុង(Salmon)៖ នៅក្នុងត្រីសាម៉ុង ក៏មាននូវអរម៉ូនរីករាយផងដែរ មិនតែប៉ុណ្ណោះត្រីសាម៉ុង ក៏សម្បូរទៅដោយអាហារូបត្ថម្ភផ្សេងទៀតដូចជាជួយធ្វើឱ្យមានតុល្យភាពកូឡេស្តេរ៉ុល បញ្ចុះសម្ពាធឈាម និងជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា-3។

៦. គ្រាប់ធញ្ញជាតិ ៖ ការសិក្សារបស់ Association of Nut Consumption with Total and Cause-Specific Mortality បានបង្ហាញថា ការទទួលទានគ្រាប់ផ្លែឈើមួយថ្ងៃមួយក្តាប់តូច អាចបន្ថយហានិភ័យនៃការស្លាប់របស់អ្នកដោយជំងឺមហារីក ជំងឺបេះដូង និងបញ្ហាផ្លូវដង្ហើម។ គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិក៏ជាប្រភពដ៏ល្អនៃជាតិសរសៃ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។