ភ្នំពេញ – សុខភាពផ្លូវចិត្តជាផ្នែកមួយដ៏សំខាន់នៅជីវិតរស់នៅប្រចាំថ្ងៃ។ ផលប៉ះពាល់ទង្គិចខ្លាំងបណ្ដាលឱ្យមនុស្សជាច្រើនឈានដល់សម្លាប់ខ្លួន។ បញ្ហានេះបានជះឥទ្ធិពលទៅកាន់មនុស្សជាច្រើន។ មនុស្សគ្រប់គ្នាត្រូវយល់ដឹងអំពីបញ្ហានេះឱ្យបានល្អប្រសើរជាជាងយកវាមកវាលេងសើចនៅក្នុងរូបភាពមិនល្អណាមួយ ឬបង្កើនឱ្យមានវត្តមានអ្នកជំងឺផ្លូវចិត្តកាន់តែច្រើន។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជានាយកមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា មានប្រសាសន៍ថា អ្នកដែលធ្វើអត្តឃាតភាគច្រើនជាមនុស្សពេញវ័យ និងមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ។ មនុស្សសម្រេចចិត្ត សម្លាប់ខ្លួនកើតឡើងដោយសារមានបញ្ហាប៉ះទង្គិចផ្លូវចិត្តខ្លាំងលើរឿងអ្វីមួយ។ លោកបញ្ជាក់ថា នៅពេលមានសមាជិកគ្រួសារណាម្នាក់មានជំងឺធ្លាក់ទឹកចិត្តដំណាក់កាលធ្ងន់ធ្ងរ ហើយម្នាក់នោះបានធ្វើការសម្លាប់ខ្លួន មិនមែនជាដំណោះស្រាយបញ្ហាជីវិតនោះទេ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្តថា មនុស្សជ្រើសរើសវិធីសម្លាប់ខ្លួនមិនមែនធ្វើតាមគ្នាដោយគ្មានមូលហេតុឡើយ។ ជាក់ស្ដែងនៅពេលដែលមនុស្សមានជំងឺធ្លាក់ទឹកចិត្តសម្លាប់ខ្លួន ឥទ្ធិពលនៃរឿងនេះអាចបណ្តាលឱ្យមនុស្សមានជំងឺធ្លាក់ទឹកចិត្តផ្សេងទៀតឃើញថា សម្លាប់ខ្លួនជាដោះស្រាយនៃបញ្ហាជីវិត ។ គ្រប់ការសម្រេចចិត្តសម្លាប់ខ្លួនសុទ្ធតែមានហេតុផលផ្សេងៗគ្នា ។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា
“មនុស្សគ្រប់គ្នាគួរយល់ដឹងបន្ថែមអំពីបញ្ហាសុខភាពផ្លូវចិត្តឱ្យបានច្រើន ពីព្រោះជំងឺផ្លូវចិត្តក៏ដូចជាជំងឺផ្លូវកាយផងដែរ។ ជំងឺផ្លូវចិត្តនិងការសម្លាប់ខ្លួនមិនជារឿងលេងសើចនោះទេ។ ការកើតឡើងករណីអត្តឃាតក៏មិនមែនដោយកើតឡើងឯកឯងនោះដែរ វាមានហេតុមានផលនៅពីក្រោយរឿងនោះ”
វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យារូបនេះបន្តថា មនុស្សមួយចំនួនធ្វើអត្តឃាតដោយសារចង់បានការយកចិត្តទុកដាក់ពីនរណាម្នាក់។ ដំបូងឡើយពួកគេមិនមានបំណងចង់សម្លាប់ខ្លួននោះទេ ពួកគេគ្រាន់តែចង់បានការចាប់អារម្មណ៍ពីមនុស្សដែលខ្លួនស្រលាញ់ប៉ុណ្ណោះ។ ជាក់ស្តែងនៅពេលដែលពួកគេមានបញ្ហាគ្រួសារ ឬស្នេហា ដោយយកជម្រើសសម្លាប់ខ្លួនមកគម្រាមគំហែងដើម្បីទទួលបានការយកចិត្តទុកដាក់។ យ៉ាងណាមិញ ករណីនេះបើសិនជាការគម្រាមគំហែងច្រើនដង ហើយនៅតែមិនទទួលបានការចាប់អារម្មណ៍ពីមនុស្សដែលខ្លួនចង់បាន នោះវានឹងជំរុញឱ្យបុគ្គលនោះសម្លាប់ខ្លួនតែម្ដង។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បានបញ្ជាក់ទៀតថា ការសម្លាប់ខ្លួនខ្លះទៀតអាចបណ្ដាលមកពីមនុស្សម្នាក់នោះមានជំងឺវិកលចរិកធ្ងន់ធ្ងរ ឬអ្នកខ្លះទៀតបណ្ដាលមកពីការសេពគ្រឿងស្រវឹងច្រើនពេកបបណ្តាលឱ្យផ្លូវចិត្តមានបញ្ហាខ្លាំង។ ដើម្បីដោះស្រាយបញ្ហាខាងលើសមាជិកគ្រួសារ និងសាធារណជនត្រូវយល់ដឹងពីជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងជំងឺចិត្តកាយវិបល្លាសជាដើម។ ពិសេសគួរស្គាល់អំពីមន្ទីពេទ្យផ្លូវចិត្ត និងឧស្សាហ៍ពិនិត្យសុខភាពផ្លូវចិត្តដូចគ្នានឹងសុខភាពផ្លូវកាយ។
យោងតាមការចេញផ្សាយរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជារៀងរាល់ឆ្នាំមនុស្សជាង ៧សែនបានសម្លាប់ខ្លួនហើយមានមនុស្សជាច្រើនទៀតប៉ុនប៉ងធ្វើអត្តឃាត។ រាល់ការធ្វើអត្តឃាតជាសោកនាដកម្មដែលប៉ះពាល់ដល់គ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។ នៅក្នុងឆ្នាំ២០១៩ ការធ្វើអត្តឃាតក្លាយជាមូលហេតុចម្បងទីបួននៃការស្លាប់ក្នុងចំណោមមនុស្សអាយុ ១៥-២៩ឆ្នាំទូទាំងពិភពលោក។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។