ភ្នំពេញ៖ តើមានមនុស្សប៉ុន្មាននាក់ដែលអ្នកមើលឃើញមានទឹកមុខរីករាយ ប៉ុន្តែផ្នែកខាងក្នុងមានជំងឺធ្លាក់ទឹកចិត្ត? ជាធម្មតាអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តមានលក្ខណៈអសកម្មមិនអាចងើបចេញពីគ្រែរួចទេ ប៉ុន្តែមែនអ្នកជំងឺធ្លាក់ទឹកចិត្តទាំងអស់មានសញ្ញាមិនដូចគ្នាទាំងអស់នោះទេ។ ជាក់ស្ដែង ជំងឺបាក់ទឹកចិត្តញញឹម អាចញញឹម ទឹកមុខរីករាយ ឬធ្វើកិច្ចការងារប្រចាំថ្ងៃបានទាំងផ្លូវចិត្តកំពុងតែពិបាកខ្លាំង។ នេះជាការបញ្ជាក់របស់លោក ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ TPO ។

វេជ្ជបណ្ឌិត ឈឹម សុធារ៉ា មានប្រសាសន៍ថា បុគ្គលខ្លះដឹងថាខ្លួនមានជំងឺធ្លាក់ទឹកចិត្ត និងមិនអាចធ្វើការងារប្រចាំថ្ងៃបាន។ ប៉ុន្តែអ្នកខ្លះមានជំងឺធ្លាក់ទឹកចិត្ត អាចញញឹម សប្បាយ និងបំពេញការងារបានល្អក្នុងពេលជាមួយគ្នា ។ លោកថា មនុស្សមានជំងឺធ្លាក់ទឹកចិត្តញញឹមមិនមាននណាចាប់អារម្មណ៍នោះទេ ឬមិនដែល ឮពាក្យទាំងនេះផង។ ជាទូទៅអ្នកជំងឺធ្លាក់ទឹកចិត្តញញឹមមិនទទួលស្គាល់អារម្មណ៍ឈឺចាប់របស់ខ្លួនថាជាជំងឺធ្លាក់ទឹកចិត្តទេ ដោយសារខ្លាចគេថាខ្លួនជាមនុស្សទន់ខ្សោយ។
វេជ្ជបណ្ឌិតរូបនេះ បន្តថា និយមន័យជំងឺធ្លាក់ទឹកចិត្តញញឹម អាចនិយាយយ៉ាងសាមញ្ញថា ញញឹមកំពុងឈឺចាប់ពីជំងឺធ្លាក់ទឹកចិត្ត។ សញ្ញាសំខាន់នៃជំងឺធ្លាក់ទឹកចិត្តញញឹម គឺភាពក្រៀមក្រំហើយញញឹមនៅផ្នែកខាងក្រៅដើម្បីបិទបាំងអារម្មណ៍ក្រៀមក្រំពិតរបស់ខ្លួនតែប៉ុណ្ណោះ។ អ្នកជំងឺអាចមានអារម្មណ៍ក្រៀមក្រំដោយសារបរាជ័យក្នុងទំនាក់ទំនងស្នេហា អារម្មណ៍ពិបាកក្នុងការងារ មិនអាចមើលឃើញពីគោលដៅជីវិត ឬមានអារម្មណ៍ថាជីវិតគេហាក់ដូចជាមិនដើរក្នុងផ្លូវត្រូវ។
រោគសញ្ញាផ្សេងទៀតនៃជំងឺធ្លាក់ទឹកចិត្តញញឹម គឹមនុស្សមានអារម្មណ៍ថប់បារម្មណ៍ ភ័យ ខឹង អស់កម្លាំង ម៉ួរមៅ អស់សង្ឃឹម គេងមិនលក់ បាត់បង់ការសប្បាយ មិនចង់ចូលរួមក្នុងសកម្មភាពកំសាន្តផ្សេងៗ និងបាត់ចំណង់រួមដំណេក។ ប៉ុន្តែមនុស្សម្នាក់ៗមានរោគសញ្ញាខុសៗគ្នា ។
លោក ឈឹម សុធារ៉ា នាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ (TPO)
“អាចនិយាយថាអ្នកជំងឺធ្លាក់ទឹកចិត្តញញឹម គឺមានសភាពដូចជាការពាក់ “ម៉ាស់ ឬ ស្រោមមុខ” គឺថាអ្នកជំងឺធ្លាក់ទឹកចិត្តញញឹមមិនបង្ហាញពីចំណុចទាំងឡាយដែលអាចឱ្យពិភពខាងក្រៅមើលឃើញ ឬដឹងពីអារម្មណ៍ខ្លួនទេ”

វេជ្ជបណ្ឌិត ឈឹម សុធារ៉ា បញ្ជាក់បន្ថែមថា ជំងឺធ្លាក់ទឹកចិត្តញញឹមក៏ដូចជាជំងឺធ្លាក់ទឹកចិត្តផ្សេងទៀតអាចព្យាបាលបាន។ ក្រៅពីជំនួយប្រឹក្សាយោបល់ពីវេជ្ជបណ្ឌិតជំនាញ អ្នកជំងឺអាចជួយខ្លួនឯងដោយបើកចិត្តឱ្យទូលាយចែករំលែកបញ្ហារបស់ខ្លួនដល់អ្នកជិតស្និទ្ធ ដើម្បីទទួលបានការគាំទ្រណាមួយជួយបំបាត់អារម្មណ៍ក្រៀមក្រំទាំងនោះ។
គួរបញ្ជាក់ផងថា យោងតាមឯកសាររបស់អង្គការសុខភាពពិភពលោក (WHO) បង្ហាញថាជំងឺធ្លាក់ទឹកចិត្តញញឹមមានរោគសញ្ញាផ្ទុយគ្នាពី ជំងឺធ្លាក់ទឹកចិត្តធម្មតា។ សញ្ញានេះអាចជាហេតុពិបាកវិនិច្ឆ័យរកលទ្ធផល។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។