វ័យចន្លោះពី ២០ ទៅ ៣០ ឆ្នាំ ជាដំណាក់កាលមួយដែលយុវជនត្រូវប្រឈមមុខ និងដោះស្រាយបញ្ហាថ្មីៗជាច្រើន ក្នុងជីវិត ទាំងការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ។ ហេតុនេះ ទាមទារឱ្យយុវជន មានចំណេះដឹង បទពិសោធន៍ និងភាពធន់ក្នុងការប្រឈមនឹងបញ្ហា។ យ៉ាងណាក៏ដោយ ដើម្បីទទួលបានសមត្ថភាពនេះ ទាមទារឱ្យយុវជនពង្រឹង និងអភិវឌ្ឍខ្លួនជាប្រចាំ។
កញ្ញា សេង ហ្គិចលី ជាអ្នកនិពន្ធ និងអ្នកផលិតមាតិកាអប់រំ បានលើកឡើងនៅលើវេទិកាពិព័រណ៌សាកលវិទ្យាល័យ និងជំនាញ ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះថា យុវជនកំពុងរៀនថ្នាក់វិទ្យាល័យ និងត្រៀមខ្លួនចូលសាកលវិទ្យាល័យ មិនត្រូវមើលឃើញខ្លួនឯង ត្រឹមតែរយៈពេល៤ឆ្នាំជានិស្សិតនោះទេ។ ប៉ុន្តែយុវជនត្រូវមើលឃើញខ្លួនឯង ចាប់ពីអាយុ ២០ ទៅ៣០ឆ្នាំ ជាអំឡុងពេលមួយដែលយើងត្រូវដុសខាត់សមត្ថភាពខ្លួនឯង និងធ្វើរឿងផ្សេងៗ ក្រៅពីការរៀនក្នុងសាកលវិទ្យាល័យ។ កញ្ញាបន្តថា ក្នុងដំណាក់កាលនេះ អ្វីដែលសំខាន់បំផុត គឺការវិនិយោគទៅលើដើមទន់មានក្នុងខ្លួន ពិសេសគឺចំណេះដឹង ទោះជាមិនទាន់ដឹងច្បាស់ថា ខ្លួនឯងមានជំនាញអ្វីក៏ដោយ។
ទោះជាពេលនេះ មិនទាន់ដឹងថា ខ្លួនឯងមានជំនាញអ្វីក៏ដោយ ប៉ុន្តែការអភិវឌ្ឍចំណេះដឹង គឺមានសារៈសំខាន់ សម្រាប់យើងដែលជាយុវជន។
កញ្ញា ហ្គិចលី បានបញ្ជាក់ថា ការវិនិយោគលើខ្លួនឯងក្នុងរយៈពេល ១០ឆ្នាំនេះ អាចធ្វើឡើងតាមរយៈការអានសៀវភៅ អនុវត្តការងារជាក់ស្ដែង ចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្ត និងប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗជាដើម។ កញ្ញាបន្ថែមថា ការប្រមូលបទពិសោធន៍ និងចំណេះដឹងនៅក្នុងវ័យនេះពិតជាសំខាន់ណាស់ សម្រាប់ធ្វើជាដើមទុនជីវិតនាថ្ងៃអនាគត។
បើតាម កញ្ញា សេង ហ្គិចលី ក្រៅពីការប្រមូលចំណេះដឹង បទពិសោធន៍ និងសមត្ថភាព យុវជនត្រូវកាត់បន្ថយការចំណាយពេលជាមួយបណ្ដាញសង្គម ដោយកំណត់ពេល និងកាលវិភាគលេងឱ្យបានច្បាស់លាស់។ កញ្ញាបន្តថា ក្នុងវ័យនេះ ប្រសិនបើយើងផ្ដោតលើខ្លួនឯង ផ្ដោតលើការរៀនបានច្រើន គឺជាការផ្ដោតលើការបណ្ដុះចំណេះដឹង។ ប៉ុន្តែប្រសិនបើយើងរវល់តាមដានបណ្ដាញសង្គម មើលនេះមើលនោះ អាចធ្វើឱ្យយើងបែកអារម្មណ៍ យើងមិនបានផ្ដោតទៅលើការរៀនរបស់យើងនោះទេ។
សមត្ថភាពរបស់យើង ទាមទារការសន្សំម្ដងបន្តិចៗ ហើយនៅក្នុងដំណើរនោះ យើងអាចមានថ្ងៃដែលយើងនឿយហត់ និងមិនបានធ្វើអ្វីតាមការរំពឹងទុក ប៉ុន្តែកុំបារម្ភអី ថ្ងៃស្អែកចាប់ផ្ដើមធ្វើឡើងវិញម្ដងទៀត ព្រោះយើងជាមនុស្ស មានពេលខ្លះយើងធ្វើខុស ធ្វើត្រូវ ឬក៏ពេលខ្លះ យើងធ្វើមិនអាចធ្វើទៅតាមអ្វីដែលយើងចង់ក៏ពិតមែន ប៉ុន្តែមានសតិដឹងរំលឹកខ្លួនឯង ជាប្រចាំ និងស្មារតីអត់ធ្មត់ជាប្រចាំ, នេះជាការបញ្ជាក់របស់កញ្ញា សេង ហ្គិចលី។
ក្រៅពីការសិក្សា និងអភិវឌ្ឍខ្លួន កញ្ញា ហ្គិចលី បានផ្ញើសារទៅកាន់សិស្សានុសិស្សគ្រប់គ្នាថា ក្នុងការសិក្សានៅសាកលវិទ្យាល័យ បើដឹងថា ខ្លួនឯងរៀនជំនាញខុស ប្ដូរកាន់តែលឿនកាន់តែល្អ។ លើសពីនេះ យុវជន ត្រូវផ្ដោតលើការរៀនជំនាញទន់ខាងក្រៅ ហើយរំលឹកខ្លួនឯងជានិច្ចថា តម្លៃការខិតខំប្រឹងប្រែង និងភាពអត់ធ្មត់របស់យើង វានឹងហុចផលឱ្យយើងមកវិញនៅថ្ងៃណាមួយ៕