ប្រេស៊ីល – តាមព័ត៌មានរបស់ Guinness World Records នាពេលថ្មីៗបានបង្ហាញថា លោក Walter Orthmann បុរសជនជាតិប្រេស៊ីលមានអាយុ ១០០ឆ្នាំ បានបំបែកកំណត់ត្រាពិភពលោកចំពោះស្នាដៃឆ្នើមលើការងាររបស់ខ្លួន ដែលបានបំពេញការងារនៅក្នុងក្រុមហ៊ុនតែមួយអស់រយៈពេល ៨៤ឆ្នាំ ។ លោក Walter Orthmann បានបង្ហាញសារទៅកាន់មនុស្សជុំវិញខ្លួនថា ចំណង់ចំណូលចិត្ត វិន័យ និងការប្ដេជ្ញាចិត្ត បានជំរុញទឹកចិត្តគាត់ឱ្យបន្តធ្វើអ្វីៗដែលខ្លួនស្រឡាញ់ ចិញ្ចឹមចិត្តធ្វើការដោយមិនបោះបង់ ឬផ្លាស់ការងារទៅស្ថាប័នផ្សេងឡើយ ។
លោក Walter Orthmann កើតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩២២ នៅទីក្រុង Brusque ប្រទេសប្រេស៊ីល ។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៣៨ អាយុ ១៥ឆ្នាំ លោកបានចូលបម្រើការងារក្នុងតួនាទីជាជំនួយការផ្នែកដឹកជញ្ជូន នៅក្រុមហ៊ុនវាយនភណ្ឌក្រណាត់ Industrias Renaux SA ដែលបច្ចុប្បន្នមានឈ្មោះថា ReneauxView ។ ផ្តើមធ្វើការដោយយកចិត្តទុកដាក់ រយៈពេលមិនយូរប៉ុន្មានលោកក៏ឡើងតំណែងខ្ពស់ជាងមុនក្នុងតួនាទីគ្រប់គ្រងរដ្ឋបាល ហើយក្រោយមកបានឡើងតំណែងជាអ្នកគ្រប់គ្រងផ្នែកលក់ប្រចាំក្រុមហ៊ុន ។

ទស្សនៈជីវិតក្នុងពេលបំពេញការងារ ៨៥ឆ្នាំកន្លងទៅ ជារឿងៗលោក Walter បានរំលឹកខ្លួនឯងថា ការថែរក្សាសុខភាពឱ្យល្អ និងបំពេញការងារឱ្យបានល្អ ជាកម្លាំងចិត្តដ៏ខ្លាំងជំរុញដល់ប្រសិទ្ធភាពការងារ ។ ទោះនៅទីណា ឬធ្វើការនៅកន្លែងណាក៏ដោយ ប្រសិនបើគ្មានការតាំងចិត្ត និងរក្សាជំហការងារពិតប្រាកដ នោះលទ្ធផលការងារក៏មិនអាចកើតមានដែរ ។ លោកកំណត់គោលដៅថា ជីវិតការងារនៅមួយកន្លែងក៏ពិតមែន ប៉ុន្តែចំណេះដឹងពីការងារកើតមានថ្មីៗជារៀងរាល់ថ្ងៃ ដែលអាចរៀន និងចែករំលែកទៅកាន់មនុស្សជុំវិញខ្លួន ។
លោក Walter Orthmann បាននិយាយថា ៖
“យើងមិនអាចធ្វើការងារគ្រាន់តែដើម្បីធ្វើនោះទេ ព្រោះធ្វើបែបនេះមិនអាចទទួលបានលទ្ធផលល្អដាច់ខាត។ ធ្វើការងារបែបនេះ អ្នកស៊ូទ្រាំមិនបានយូរនោះទេ”

គេដឹងថាលោក Walter ជាមនុស្សស្រឡាញ់ការងារ និងស្រឡាញ់សុខភាពខ្លាំងបំផុត ។ លោកតែងគិតទៅដល់បញ្ហារបបអាហារប្រចាំថ្ងៃជារឿងសំខាន់ ព្រមទាំងយកចិត្តទុកដាក់និងសម្រិតសម្រាំងអាហារដែលមិនប៉ះពាល់ចំពោះសុខភាព ។ អាហារប្រចាំថ្ងៃ បុរសម្នាក់នេះចៀសវាងទទួលទានអាហារផ្អែក ឬប្រៃពេក ។ ការជ្រើសរើសអាហារបានល្អ ជួយឱ្យរាងកាយមាំមួន ការគិតលឿនរហ័ស រក្សាលំនឹងវ័យបានល្អ និងព្រមទាំងស្វាហាប់ជានិច្ច ។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កន្លងទៅ លោក Walter Orthmann បានធ្វើខួបកំណើតគម្រប់មានអាយុ ១០០ឆ្នាំ។ ការប្រារព្ធខួបនេះបានរៀបចំនៅក្នុងក្រុមហ៊ុនផ្ទាល់ក្រោមវត្តមានមិត្តរួមការងារ មិត្តភក្តិ និងក្រុមគ្រួសាររបស់គាត់ ។ ផ្អែកតាមប្រវត្តិរបស់លោក កាលពីកុមារភាពលោក Walter ជាក្មេងប្រុសមានចរឹកអំណត់ ប្រឹងប្រែង និងតស៊ូសិក្សាជានិច្ច ។
លោកជាមនុស្សមានការចងចាំល្អ និងជាមនុស្សល្អិតល្អន់រាល់គ្រប់កិច្ចការតាំងពីកុមារ ហើយលោកជាមនុស្សមានឆន្ទៈសប្បុរសចំពោះក្រុមការងារ និងចូលចិត្តធ្វើសកម្មភាពមនុស្សធម៌ ដែលធ្វើឱ្យគាត់ក្លាយជាអ្នកដឹកនាំឆ្នើម និងជានិមិត្តរូមដ៏មានអត្ថន័យសម្រាប់គ្រួសារ បុគ្គលិករបស់គាត់ ព្រមទាំងមនុស្សជាច្រើន ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។