ភ្នំពេញ – អង្គការតម្លាភាពកម្ពុជាជ្រើសរើសយុវជនចូលរួមកម្មវិធីប្រកួតវីដេអូខ្លី ប្រធានបទស្រ្តីនិងក្មេងស្រីក្នុងវិវ័យវិទ្យាសាស្រ្ត សម្រាប់ឆ្នាំ២០២២ ។ កម្មវិធីប្រកួតវីដេអូនេះលើកលែងតែបុគ្គល ឬក្រុមយុវជនដែលធ្លាប់ទទួលជ័យលាភីពីការប្រកួតវីដេអូរបស់អង្គការតម្លាភាពកម្ពុជាពីឆ្នាំមុនៗ និងអ្នកអាជីពនៅក្នុងវិស័យផលិតកម្មវីដេអូណាមួយ ។

កញ្ញា យ៉ាង លាភា ប្រធានកម្មវិធីស្តីទី នៃគម្រោងពង្រឹងសិទ្ធិអំណាចពលរដ្ឋ និង យុវជន នៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា កម្មវិធីនេះមានបំណងបង្កើនការយល់ដឹងរបស់សាធារណៈជនអំពីសារៈសំខាន់នៃការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ។ លើសពីនេះ បង្ហាញពីបញ្ហាប្រឈម និងដំណោះស្រាយ ជំរុញការចូលរួម និងបង្ហាញនូវសក្តានុពលរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យវិទ្យាសាស្ត្រ ។
កញ្ញា យ៉ាង លាភា
“ស្ត្រីនិងក្មេងស្រីក្នុងវិស័យវិទ្យាសាស្ត្រ ជាប្រធានបទមួយដែលគួរឱ្យចាប់អារម្មណ៍ ឆ្លើយតបនឹងស្ថានភាពសង្គមដែលស្ត្រីនិងក្មេងស្រីនៅមានចំនួនតិច ក្នុងការចូលរួមឲ្យបានពេញលេញនិងមានអត្ថន័យក្នុងវិស័យនេះ”

ប្រធានកម្មវិធីរូបនេះ បន្ថែមថា បេក្ខជនដែលចូលរួមប្រកួត នឹងទទួលបានអត្ថប្រយោជន៍ រួមមាន ទី១ បង្ហាញភាពជាអ្នកដឹកនាំ ចែករំលែកការយល់ឃើញ និងយោបល់របស់ខ្លួន ទាក់ទងនឹងប្រធានបទ «ស្ត្រីនិងក្មេងស្រីក្នុងវិស័យវិទ្យាសាស្ត្រ» តាមរយៈវីដេអូបានផលិត ។ ទី២ បង្កើតបានជាស្នាដៃក្នុងការផ្សព្វផ្សាយ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណៈជនអំពីសារៈសំខាន់នៃការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា និង ទី៣ មានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ ។
កញ្ញា យ៉ាង លាភា បញ្ជាក់បន្ថែមថា សម្រាប់វីដេអូជ័យលាភីចំនួនបី រួមមាន ជ័យលាភីលេខ ១ នឹងទទួលបានទឹកប្រាក់ ១ពាន់ប្រាំរយដុល្លារ ជ័យលាភីលេខ២ នឹងទទួលបានទឹកប្រាក់ ១ពាន់ដុល្លារ និងជ័យលាភីលេខ៣ នឹងទទួលបានទឹកប្រាក់ ៥០០ដុល្លារ ។ ក្នុងនោះ ក្រុមឬបុគ្គលចំនួន៥ ដែលជាប់ឈ្មោះក្នុងវគ្គជម្រុះចុងក្រោយ ក៏នឹងទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន ១០០ដុល្លារក្នុងមួយក្រុម ឬនាក់ផងដែរ ។
ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីប្រកួតនេះ សូមអានពីរបៀបនៃការចូលរួម និងស្វែងយល់ពីព័ត៌មានបន្ថែម តាមរយៈតំណរភ្ជាប់នេះ https://bit.ly/3pQaYv9 ។ ផុតកំណត់ទទួលពាក្យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លោក លីហូវ តាមលេខទូរស័ព្ទ ០៦៩ ៥១៣ ៨៣៦ ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។