នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍សាខាក្រុងច្បារមនបានរៀនចំសន្និសីទសារព័ត៌មាន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីស្តង់ដារអន្តរជាតិ Pearson Edexcel មកពីកចក្រភពអង់គ្លេសជាផ្លូវការ ដើម្បីពង្រឹងបន្ថែមមូលធនមនុស្ស និងផ្តល់ឱកាសឱ្យសិស្សានុសិស្សកម្ពុជាអាចបន្តការសិក្សាទៅក្រៅប្រទេសបានកាន់តែទូលំទូលាយ ក៏ដូចជាបន្ថែមគុណតម្លៃលើប្រព័ន្ធអប់រំដែលមានស្រាប់។
ក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា ការនាំយកកម្មវិធី Pearson Edexcel ដែលជាកម្មវិធីសិក្សាស្តង់ដារលំដាប់ពិភពលោកពីចក្រភពអង់គ្លេសមកកាន់ខេត្តកំពង់ស្ពឺ គឺមានគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវឱកាសមាសក្នុងការទទួលបានចំណេះដឹង និងវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិ ដើម្បីឈានទៅរកការសិក្សានៅសកលវិទ្យាល័យល្បីៗទូទាំងពិភពលោក។

លោកឧកញ៉ាបញ្ជាក់ថា ទោះបីសាលារៀនបញ្ចូលកម្មវិធីសិក្សាអន្តរជាតិក៏ពិតមែន ប៉ុន្តែសាលារៀននៅតែបន្តរក្សាយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីសិក្សាជាតិ និងការបណ្តុះបណ្តាលអត្តសញ្ញាណខ្មែរដល់សិស្សានុសិស្ស ហើយតែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី ដើម្បីធានានិងរក្សាគុណភាពអប់រំប្រកបដោយប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ គារ សុភូ អភិបាលរងខេត្តកំពង់ស្ពឺ បានសម្តែងនូវការកោតសរសើរចំពោះសាលារៀនអន្តរជាតិវ៉េស្ទឡាញន៍ ដែលតែងតែនាំមកនូវអ្វីដែលថ្មី និងល្អសម្រាប់វិស័យអប់រំក្នុងខេត្ត។ លោកជំទាវបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ ជានិច្ចកាលចាត់ទុកវិស័យអប់រំជាអាទិភាពចម្បង ក្នុងការកសាងធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃឧស្សាហកម្មក្នុងខេត្ត។

ទន្ទឹមនឹងការអបអរសាទរ លោកជំទាវអភិបាលរងខេត្ត ក៏បានផ្តល់ការណែនាំ និងក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីសមត្ថភាព ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថល ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះ គឺក្មួយៗត្រូវដាច់ខាតជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗ។ គ្រឿងញៀនមិនត្រឹមតែបំផ្លាញអនាគតខ្លួនឯងប៉ុណ្ណោះទេ តែវាក៏បំផ្លាញក្តីសង្ឃឹមរបស់ឪពុកម្តាយ និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់សង្គមជាតិ។




គួរបញ្ជាក់ថា Pearson Edexcel គឺជាកម្មវិធីសិក្សាស្តង់ដារអន្តរជាតិដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស ដែលត្រូវបានទទួលស្គាល់ជាសកល និងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមសាលាអន្តរជាតិជុំវិញពិភពលោក។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីបណ្តុះបណ្តាលសិស្សឱ្យក្លាយជាពលរដ្ឋសកល ដែលមានសមត្ថភាពពេញលេញ។ រហូតដល់ពេលបច្ចុប្បន្ននេះ មានអ្នកសិក្សាចំនួន ៣,៥លាននាក់ និងជាង១០០ប្រទេសកំពុងប្រើប្រាស់ Pearson Edexcel ចាប់ពីកម្រិតមត្តេយ្យអន្តរជាតិ (International Early-Years Program) រហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិអន្តរជាតិ (IAS & AI Levels)។ បន្ថែមពីនេះ កម្មវិធីនេះអនុវត្តវិធីសាស្ត្របង្រៀនទំនើបដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលការគិតបែបវិភាគ ការដោះស្រាយបញ្ហា និងការអនុវត្តជាក់ស្តែង ជាជាងការទន្ទេញមេរៀន៕











































































