ភ្នំពេញ – លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ផ្សព្វផ្សាយកាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ក្នុងនោះមានបេក្ខជនប្រមាណជាង៧ម៉ឺននាក់ ឬស្មើនឹង ៦៥,៦៥ភាគរយបានប្រឡងជាប់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួនជាង ១១ម៉ឺននាក់ ។ តាមទិន្នន័យដដែលឃើញថា មានបេក្ខជនប្រមាណជាង ៤ម៉ឺននាក់បានប្រឡងធ្លាក់ ។

តើបេក្ខជនដែលប្រឡងធ្លាក់បាក់ឌុប គួររៀនថ្នាក់ទី១២មួយឆ្នាំទៀត ឬក៏គួរបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ឬក៏ចូលរៀនជំនាញ? ចំពោះសំណួរមួយនេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានលើកឡើងថា ទាំងនេះ គឺជាការសម្រេចចិត្តរបស់ប្អូនៗសិស្សានុសិស្សខ្លួនឯង ប៉ុន្តែអ្វីដែលសំខាន់ ប្អូនៗមិនគួរយកបរាជ័យនៅថ្នាក់ទី១២ ជាទម្ងន់មួយដែលយើងមិនអាចទៅមុខរួចនោះទេ។
– ឯកឧត្តម ស សុខា
“ក្រុមហ៊ុនភាគច្រើនមកដល់ថ្ងៃនេះ គេលែងចង់មើល CV ពេលគាត់រៀនចប់នៅសាលាណាហើយ សំខាន់ជាងគេ ទី១. គេមើលបទពិសោធន៍ ទី២. ចេះដោះស្រាយបញ្ហាពេលកំពុងមានបញ្ហា”
ឯកឧត្តម ស សុខា មានប្រសាសន៍បន្តថា សិស្សប្រឡងធ្លាក់បាក់ឌុបគួរតែបន្តរៀនតទៅមុខទៀត ព្រោះតែជីវិតមិនមែនកំណត់ត្រឹមថ្នាក់ទី១២ នេះទេ ។ អនាគតសិស្សខ្លួនឯងជាអ្នកកំណត់ដោយខ្លួនឯង ។

– ឯកឧត្តម ស សុខា
“កុំគិតថា ការធ្លាក់នេះយើងមិនបានខិតខំប្រឹងប្រែង, កុំដាក់សម្ពាធលើខ្លួនឯង ហើយត្រូវសិក្សាជុំវិញខ្លួន ស្វែងរកឱកាសរបស់ខ្លួន ដូចជាស្វែងរកអាហារូបករណ៍ ។ … ត្រឡប់មកវិញ សិស្សដែលប្រឡងធ្លាក់បាក់ឌុប កុំគិតថា ការប្រឡងថ្នាក់ទី១២នេះ ជាកន្លែងស្លាប់រស់ ទៅមុខទៀតគឺជាឱកាសមួយសម្រាប់យើងកសាងជីវិត”
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន ១១៤ ១៨៥នាក់ ក្នុងនោះលទ្ធផលដែលបានប្រកាសកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានបញ្ហាថា មានបេក្ខជនចំនួន ៧២០១៦នាក់បានប្រឡងជាប់ ក្នុងនោះបេក្ខជនដែលជាប់និទ្ទេស A សម្រាប់ឆ្នាំនេះ មានរហូតដល់ទៅ ១៧៥៣នាក់៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។