ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីផ្តល់អាហារតាមសាលារៀនជាផ្នែកមួយស្ថិតក្រោមក្របខណ្ឌគោលនយោបាយជាតិ ស្តីពីកិច្ចគាំពារសង្គមជួយលើកកម្ពស់ការសិក្សារបស់សិស្សប្រកបដោយសមធម៌ និងបរិយាបន្ន ។ ឯកឧត្តមបណ្ឌិតសភាចារ្យ លើកឡើងបែបនេះក្នុងឱកាសចុះពិនិត្យកន្លែងចម្អិនអាហារ កន្លែងសិស្សទទួលទានអាហារ នៅសាលាបឋមសិក្សាអង្គសិរី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមជំនួយមនុស្សធម៌ពីសាធារណៈរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) កាលពីថ្ងៃច័ន្ទម្សិលមិញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា កម្មវិធីផ្តល់អាហារតាមសាលារៀននេះ បានរួមចំណែកគាំទ្រដល់ការរកប្រាក់ចំណូលរបស់សហគមន៍តាមរយៈការប្រើប្រាស់ផលិតផលដែលដាំដុះ និងអាចរកទិញបានពីសហគមន៍ផងដែរ ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) បានជួយសាងសង់កន្លែងចម្អិនអាហារ និងកន្លែងសិស្សទទួលទានអាហារដែលក្រុមការងាររបស់ក្រសួងអប់រំ និងដៃគូអភិវឌ្ឍបានចូលរួមពិនិត្យសមិទ្ធផលនេះ។
“សហគមន៍ត្រូវបន្តជួយគាំទ្រ និងប្រើប្រាស់សមិទ្ធផលដែលនឹងដាក់សម្ពោធ ប្រកបដោយការយកចិត្តទុកដាក់ ថែរក្សា និងការពារសមិទ្ធផលទាំងនេះដើម្បីផលប្រយោជន៍រួមឱ្យបានយូរអង្វែងព្រមទាំងពេញបរិបូរណ៍ ដោយសុវត្ថិភាព មេត្រីភាព និងអនាម័យ” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ត្រូវទៅទទួលការចាក់វ៉ាកសាំងដែលជាដូសជំរុញតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ឯកឧត្តមបណ្ឌិតថា គណៈនាយកសាលារៀន សហគមន៍ត្រូវបន្តជួយគាំទ្រសាលារៀនអង្គសិរី និងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀនជាប្រចាំ។ គួរជម្រាបជូនថា ការចុះពិនិត្យសមិទ្ធផលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក យុនជុន រ៉ូ នាយកប្រចាំប្រទេសទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េ ថ្នាក់ដឹកនាំ គណៈប្រតិភូនានា លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុស្សប្រមាណ ១០០ នាក់ ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។