កំពត- បច្ចេកវិទ្យា ជាជំនាញមួយថ្មីដែលអនុញ្ញាតិឱ្យក្មេងស្រីអាចសិក្សាបានដូចបុរសដែរ ព្រោះការសិក្សាផ្នែកនេះ មិនប្រើកម្លាំងអ្វីច្រើននោះឡើយ ហើយស្រី្តនិងក្មេងស្រីពិតជាមានសមត្ថភាពរៀនជំនាញនេះបានដូចបុរស។ នេះបើតាមការលើកឡើងរបស់លោកសាស្រ្តាចារ្យ ជុំ ផារីណូ ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្មនៃសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា (ខេមតិច) ក្នុងកម្មវិធីដាក់ឱ្យអនុវត្តគម្រោង “ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” ក្នុងខេត្តកំពត កាលពីពេលថ្មីៗនេះ។
បើតាមប្រសាសន៍លើកឡើងរបស់លោកសាស្រ្តាចារ្យ ជុំ ផារីណូ ជំនាញបច្ចេកវិទ្យា មិនមែនសម្រាប់តែបុរសនោះឡើយ ដូច្នេះស្រ្តី និងក្មេងស្រីមិនគួរដើរតាមផ្នត់គំនិតចាស់ដែលយល់ថា បច្ចេកវិទ្យារៀនបានសម្រាប់តែបុរសនោះទេ។ លោកសាស្រ្តាចារ្យបន្តថា មានស្ថាប័ន អង្គការ និងក្រុមហ៊ុនមួយចំនួន បានលើកទឹកចិត្ត និងផ្ដល់ឱកាសដល់ស្រ្តី និងក្មេងស្រីរៀនជំនាញបច្ចេកវិទ្យាផងដែរ ដូចជាការការសរសេរកូដ (Code) ជាដើម។
លោកសាស្រ្តាចារ្យ ជុំ ផារីណូ
“ខ្ញុំសង្ឃឹមថា យុវជនខ្មែរទាំងក្មេងស្រី និងក្មេងប្រុសជំនាន់ក្រោយអាចចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈបច្ចេកវិទ្យា វិទ្យាសាស្រ្តទំនើប និងវិស្វកម្ម ទំនើបទាន់សម័យជាមួយសង្គមដែលមានការអភិវឌ្ឍន៍ គឺថែមទាំងទទួលបានចំណូលខ្ពស់”
ជាមួយគ្នា ព្រឹទ្ធបុរស នៃសាកលវិទ្យាល័យខេមតិច (CamTech University) ក៏បានកត់សម្គាល់ដែរថា កម្មវិធីដាក់ឱ្យអនុវត្តគម្រោង “ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” ក្នុងខេត្តកំពតនេះ ជាកម្មវិធីដែលសាកលវិទ្យាល័យខេមតិចបានចូលរួមជាដៃកូសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ សហការរៀបចំដោយស្ថានទូតឥណ្ឌា។ លោកសាស្រ្តាចារ្យបន្តថា សិស្សានុសិស្សដែលមកចូលរួមមានការចាប់អារម្មណ៍ច្រើនទៅលើបច្ចេកវិទ្យា និងសិស្សានុសិស្សភាគច្រើនបានប្រើប្រាស់បច្ចេកវិទ្យា ប៉ុន្តែពួកគេមិនដឹងថា ត្រូវបង្កើតយ៉ាងម៉េច? និងទាញប្រយោជន៍ពីបច្ចេកវិទ្យាយ៉ាងណា?
លោកសាស្រ្តាចារ្យ ជុំ ផារីណូ
“ខ្ញុំសង្កេតឃើញថា សិស្សស្រីដែលបានមកចូលរួមកម្មវិធីនេះ ចាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាថ្មីៗ ហើយដើម្បីសម្រេចការងាររបស់ពួកគេបន្ថែមទៀត យើង នឹងរួមចំណែកជួយជ្រោមជ្រែងសិស្សានុសិស្សបន្ថែមទៀតទាក់ទងទៅនឹងបច្ចេកវិទ្យាស្ទែមនេះ”

តាមប្រសាសន៍របស់លោកសាស្រ្តាចារ្យ សាកលវិទ្យាល័យខេមតិច ផ្ដោតសំខាន់ទៅលើផ្នែកស្ទែម (STEM) ហើយក៏បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ធ្វើយ៉ាងណាឱ្យក្មេងជំនាន់ក្រោយយល់ដឹងអំពីជំនាញស្ទែម បង្កើតឱ្យមានអ្នកជំនាញផ្នែកស្ទែម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។ ក្នុងនោះសាកលវិទ្យាល័យក៏មានផ្ដល់អាហារូករណ៍សម្រាប់ស្រ្តីក្នុងវិស័យស្ទែម (Women in STEM) ជាអាហារូបករណ៍សម្រាប់និស្សិតស្រីដែលមានសក្ដានុពល ។ លើសពីនេះ សាកលវិទ្យាល័យក៏មានអាហារូបករណ៍សម្រាប់និស្សិតដែលមកពីតំបន់ដាច់ស្រយាល និងអាហារូបករណ៍ទេពកោសល្យស្ទែម (STEM Genius Scholarship)ផងដែរ។
កញ្ញា លី រ៉ាសា ជានិស្សិតដែលទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យខេមតិច លើជំនាញវិស្វកម្មរ៉ូបូត និងស្វ័យប្រវត្តិកម្ម និយាយថា កញ្ញាចាប់យកជំនាញនេះ ដោយសារស្រឡាញ់ចូលចិត្តការបង្កើតអ្វីដែលថ្មីៗដោយប្រើប្រាស់បច្ចេកវិទ្យា។ សម្រាប់ រ៉ាសា នាងមិនគិតថា ជំនាញមួយនេះមិនមែនសម្រាប់តែបុរសនោះទេ ហើយការចាប់យកជំនាញបច្ចេកវិទ្យារៀននៅសាកលវិទ្យាល័យ គឺជាការសម្រេចចិត្តរបស់នាងផ្ទាល់ ដោយកញ្ញាយល់ថា នៅថ្ងៃខាងមុខបច្ចេកវិទ្យា នឹងវិវត្តទៅមុខឥតឈប់ឈរ។

កញ្ញា លី រ៉ាសា
“ខ្ញុំគិតថាសក្តានុពល និងភាពឆ្លាតវៃរបស់ខ្ញុំមាននៅក្នុងខ្លួនខ្ញុំស្រាប់ ព្រោះនៅពេលមនុស្សគ្រប់គ្នាសម្រាក ខ្ញុំតែងតែខិតខំសិក្សារៀនសូត្រ និងធ្វើការ”
យុវតីវ័យ២០ឆ្នាំរូបនេះ បន្តថា ឪពុកម្ដាយភាគច្រើនបារម្ភអំពីសុវត្ថិភាពរបស់កូនស្រីក្នុងការរៀនជំនាញបច្ចេកវិទ្យា ព្រោះពួកគាត់យល់ថា នៅក្នុងថ្នាក់ភាគច្រើនមានតែសិស្សប្រុសនោះទេដែលចាប់យកជំនាញបច្ចេកវិទ្យា។ កញ្ញា លី រ៉ាសា ក៏សូមសំណូមពរដល់ឪពុកម្ដាយទាំងអស់ គួរមានទំនុកចិត្ និងជឿតចំពោះកូនក្នុងការចាប់យកជំនាញដែលពួកគេស្រឡាញ់ ប្រសិនបើឪពុកម្ដាយមិនគាំទ្រកូន នោះពួកគេនឹងបាត់បង់ឱកាសរៀនជំនាញដែលខ្លួនស្រឡាញ់៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។