ភ្នំពេញ – សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (ស.ស.យ.ក) ដោយមានការគាំទ្រពីក្រសួងបរិស្ថាន បានជំរុញចលនាបំផុសសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅដើម្បីលើកកម្ពស់ចលនាបរិភោគទឹកឱ្យបានគ្រប់គ្រាន់មានសុវត្ថិភាព និងការបង្កើនលំហបៃតងនៅតាមសាលារៀន តាមរយៈការបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត និងដាំកូនឈើប្រណិត។
ការបំផុសនេះបានធ្វើឡើងកាលពីថ្ងៃទី៦ ធ្នូ ឆ្នាំ២០២១ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ផ្សារដើមថ្កូវ និងវិទ្យាល័យជា ស៊ីម សាមគ្គី ក្រោមអធិបតីភាពឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក និងជាអនុប្រធានប្រចាំការ ស.ស.យ.ក រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន ការបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត និងដាំកូនឈើប្រណិតនេះ គឺដើម្បីរួមចំណែកប្រែក្លាយរាជធានីភ្នំពេញទៅជាមជ្ឈមណ្ឌលដែលមានភាពបៃតង សោភណ្ឌភាព សុខុមាលភាព ប្រជាជនមានផាសុខភាពអនាម័យនិងគុណភាពជីវិតកាន់តែល្អប្រសើរប្រកបដោយចីរភាព ។
ទន្ទឹមគ្នានេះ ការបំពាក់ម៉ាស៊ីនចម្រោះទឹកពិសារ និងដាំកូនឈើនេះមិនត្រឹមតែផ្តល់ជូននូវទឹកសម្រាប់បរិភោគប្រកបដោយគុណភាព និងការបំផុសចលនាបៃតងតែប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយកាត់បន្ថយការចំណាយរបស់សិស្សានុសិស្ស ។ លើសពីនេះ វាកាត់បន្ថយការប្រើប្រាស់ដបជ័រ កែប្រែទម្លាប់ ផ្នត់គំនិត និងរបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋម្នាក់ៗ និងសហគមន៍ទាំងមូល ឱ្យកាន់តែរស់នៅស្អាត ភូមិឋានស្អាត ភាពបៃតង មានសុខភាពល្អ ជីវិតរីករាយ និងអនាគតរុងរឿង។

មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពនេះនឹងរួមចំណែកដោះស្រាយបញ្ហាប្លាស្ទិក ការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ ការឡើងកម្ដៅភពផែនដី និងការងារបរិស្ថានទូទៅចូលក្នុងកម្មវិធីសិក្សារបស់សាលារៀន ដែលជាយន្តការដ៏មានប្រសិទ្ធភាព។ ជាពិសេស ជួយលើកទឹកចិត្តសិស្សានុសិស្សគ្រប់កម្រិតឱ្យស្រឡាញ់ និងចូលរួមថែរក្សាការពារបរិស្ថានសាលារៀន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។