ភ្នំពេញ- អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសុខភាពជាង ១០០ស្ថាប័ន ស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដំឡើងពន្ធថ្នាំជក់ ដើម្បីកាត់បន្ថយការស្លាប់ ឈឺ ពិការភាព ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់នៅក្នុងវេទិកាស្តីពីវិធានការពន្ធលើផលិតផលថ្នាំជក់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ។ តាមអ្នកជំនាញ កម្ពុជាខាតបង់ថវិកាប្រមាណ ៦៤៩លានដុល្លារជារៀងរាល់ឆ្នាំដោយសារឥទ្ធិពលថ្នាំជក់ ។
វេទិកាស្តីពីវិធានការពន្ធលើផលិតផលថ្នាំជក់ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយលទ្ធផលសិក្សាថ្មីស្តីពីបន្ទុកនៃការប្រើប្រាស់ថ្នាំជក់ទៅលើសុខភាព វិធានការពន្ធថ្នាំជក់ និងអត្រាពន្ធថ្នាំជក់ ដោយអញ្ជើញចូលរួមពីថ្នាក់ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ចវត្ថុ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ។

លោក ទឹម វរ៉ា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព មានប្រសាសន៍ថា វេទិកាពីភាក្សានេះនឹងបង្កើនការយល់ដឹងអំពីផលប៉ះពាល់របស់ថ្នាំជក់ទៅលើសុខភាពសាធារណៈ និងផលប៉ះពាល់ដល់ការរីកចម្រើនរបស់ប្រទេសជាតិ។ ទន្ទឹមគ្នានេះ បានបង្ហាញពីបញ្ហានិងស្វែងរកគន្លឹះដោះស្រាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់លើផលិតផលថ្នាំជក់ ក៏ដូចជាការដំឡើងពន្ធថ្នាំជក់ ។
លោក ទឹម វរ៉ា មានប្រសាសន៍បន្តថា ថ្នាំជក់ជាផលិតផលមួយប្រភេទបានសម្លាប់អ្នកប្រើប្រាស់ប្រមាណ ៥០% ហើយជារៀងរាល់ឆ្នាំនៅទូទាំងសកលលោក មនុស្សប្រមាណ ៧លាននាក់បានស្លាប់ដោយកាប្រើប្រាស់ថ្នាំជក់ផ្ទាល់ និងជាង ១លាននាក់បានស្លាប់ដោយសារតែការស្រូបផ្សែងថ្នាំជក់ពីគេ ។ លោកបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានប្រជាពលរដ្ឋកម្ពុជាប្រមាណ មួយម៉ឺនប្រាំពាន់នាក់ផងដែរ (WHO)។
លោក ទឹម វរ៉ា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព
“សមាជិកនៃបណ្ដាញអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យសុខភាព សុំឱ្យរដ្ឋាភិបាលដំឡើងពន្ធថ្នាំជក់ ដោយសារតែថ្នាំជក់ជាផលិតផលដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ”

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក បានលើកឡើងថា នៅឆ្នាំ២០១៩ ប្រជាពលរដ្ឋកម្ពុជាជាង មួយម៉ឺនប្រាំពាន់នាក់ ស្លាប់ដោយសារជំងឺនានាដែលទាក់ទងនឹងថ្នាំជក់ ។ ក្នុងនោះ ៣៣% នៃករណីស្លាប់ទាំងនោះ កើតឡើងក្នុងចំណោមអ្នកដែលមានប្រាក់ចំណូលទាបបំផុត ។
លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មានប្រសាសន៍ថា ការប្រើប្រាស់ថ្នាំជក់បណ្តាលឱ្យកម្ពុជាខាតបង់គិតជាថវិកាប្រមាណ ៦៤៩លានដុល្លារសហរដ្ឋអាមេរិកដែលស្មើនឹង ៣% នៃGDP របស់កម្ពុជា។ បើប្រទេសកម្ពុជា ដំឡើងពន្ធរហូតដល់ ៧៥% នៃតម្លៃបារីលក់រាយឱ្យស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោក កម្ពុជានឹងទទួលពន្ធចំណូលបន្ថែម ២៣៥លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល ៥ឆ្នាំខាងមុខ ព្រមទាំង ៩៣៣លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។

ចំណែកលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ការដំឡើងពន្ធថ្នាំជក់ជាវិធានការដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការឈឺ ស្លាប់ និងពិការភាពបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ ព្រមទាំងបង្កើតចំណូលពន្ធបន្ថែមយ៉ាងច្រើនដល់រាជរដ្ឋាភិបាលផងដែរ ។ លោកវេជ្ជបណ្ឌិត បន្តថា ការដំឡើងពន្ធថ្នាំជក់នេះ ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ តាមការបញ្ជាក់អង្គការសុខភាពពិភពលោក ប៉ុន្តែការសើ្នសុំដំឡើងពន្ធថ្នាំជក់នេះ តែងជួបប្រទះឧបសគ្គជាច្រើន។
លោកវេជ្ជបណ្ឌិត មុំ គង់
“ការដំឡើងពន្ធថ្នាំជក់ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា ហើយការស្ទង់មតិប្រជាពលរដ្ឋដែលធ្វើឡើងដោយសាកលវិទ្យាល័យជាតិមានជ័យ កាលពីឆ្នាំ២០២១ បង្ហាញថា ប្រជាពលរដ្ឋកម្ពុជា ៩៤% គាំទ្រវិធានការដំឡើងពន្ធថ្នាំជក់”
គួរបញ្ចាក់ថា បច្ចុប្បន្នពន្ធថ្នាំជក់នៅប្រទេសកម្ពុជានៅមានអត្រា ២៥% នៃតម្លៃលក់រាយ សម្រាប់បារីផលិតក្នុងស្រុក និង ៣១% សម្រាប់បារីនាំចូលដែលអត្រានេះនៅមានកម្រិតទាបនៅឡើយ បើធៀបជាមួយអត្រាពន្ធថ្នាំជក់នៃប្រទេសអាស៊ានផ្សេងៗទៀត។ អត្រាពន្ធថ្នាំជក់ដែលសមរម្យបំផុត ដែលណែនាំដោយអង្គការសុខភាពពិភពលោក និងធនាគាពិភពលោកគឺ ៧៥% នៃតម្លៃលក់រាយ ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។