ភ្នំពេញ – បវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តពង្រឹងការរៀបចំរបៀបសិក្សាក្នុងរូបភាពគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ដោយបើកដំណើរការគ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅនិងគ្រឹះស្ថានមត្តេយ្យសិក្សា ។ គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំប្រព្រឹត្តទៅស្របតាមគោលការប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា ។
ក្រសួងអប់រំតម្រូវឱ្យគ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រឹះស្ថានមត្តេយ្យសិក្សា បង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា រក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំនិងសិស្សានុសិស្ស ។

ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការបើកដំណើរការគ្រប់គ្រឹះស្ថានសិក្សាឡើងវិញ រាប់ទាំងកន្លែងផ្តល់សេវាអប់រំកុមារតូច ចាំបាច់ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ក្នុងបរិបទកូវីដ-១៩ យ៉ាងហ្មត់ចត់ ដែលចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ។
ទន្ទឹមគ្នានេះឯកឧត្តម បានបញ្ជាក់ថា មាតាបិតា ឬអាណាព្យាបាលត្រូវជួយបង្រៀនកូននៅតាមផ្ទះ ពន្យល់កូនបន្ថែម និងចាំជួយលើកទឹកចិត្តកូន ផ្តល់ព័ត៌មាន ឬស្នើសុំជំនួយទៅគ្រូបង្រៀន ។ លើសពីនេះ ជំរុញការសិក្សារបស់កូនតាមរយៈការអប់រំ និងណែនាំកូនចៅឱ្យថែរក្សាសុខភាព អនាម័យខ្លួនប្រាណ លាងសម្អាតដៃនឹងសាប៊ូឱ្យបានញឹកញាប់ និងត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។

សូមជម្រាបថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យក្រសួងអប់រំ គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រូបង្រៀន សិស្សានុសិស្ស និងមាតាបិតា ឬអាណាព្យាបាលសិស្ស ត្រូវបន្តចូលរួមអនុវត្តវិធានការសុវត្ថិភាពសិក្សា ដើម្បីឱ្យការបើកដំណើរគ្រឹះស្ថានសិក្សាប្រព្រឹត្តទៅដោយប្រក្រតី ។ ម៉្យាងវិញទៀត ត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង មានទឹកស្អាតមានបង្គន់អនាម័យ កន្លែងលាង និងសួនធម្មជាតិ ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។