ទិវាជាតិអាហារូបត្ថម្ភ សម្តេចនាយករដ្ឋមន្រ្តី ផ្តល់អនុសាសន៍ ១១ ចំណុច ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងសុខភាពប្រជាជនកម្ពុជា

ជារៀងរាល់ឆ្នាំ​នៅថ្ងៃទី៦ ខែវិច្ឆិកា ប្រទេស​កម្ពុជា​តែង​ប្រារព្ធទិវា​ជាតិអាហារូបត្ថម្ភ ក្នុង​គោលបំណងផ្សព្វផ្សាយ អប់រំ និង​លើក​កម្ពស់​ការយល់ដឹងជាសាធារណៈឱ្យ​បានទូលំទូលាយ អំពីសារៈសំខាន់នៃវិស័យ​សន្តិសុខស្បៀង និង​អាហារូបត្ថម្ភ រួម​ចំណែក​អភិវឌ្ឍមូលធន​មនុស្ស បង្កើន​ប្រសិទ្ធភាព​ការងារ ជំរុញ​កំណើន​សេដ្ឋកិច្ច និង​វឌ្ឍនភាពសង្គម។

ក្នុងឆ្នាំ២០២៥នេះ ទិវាជាតិអាហារូបត្ថម្ភ នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ “អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាព​ដើម្បីអាហារូបត្ថម្ភ”។ ក្នុង​សារលិខិត​អបអរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើងថា​ អាហារូបត្ថម្ភ​ដើម្បីសន្តិភាព សន្តិភាព​ដើម្បី​អាហារូបត្ថម្ភ មានទំនាក់ទំនង​គ្នា​យ៉ាងស៊ីជម្រៅ, សង្គម​ដែល​ប្រជាពលរដ្ឋ​ទទួល​បាន​សន្តិភាព​ស្បៀង និង​អាហារូបត្ថម្ភ​គ្រប់គ្រាន់ គឺជា​សង្គម​មួយ​ដ៏រឹងមាំ មានភាពធន់ មានសាមគ្គីភាព មាន​ការ​អភិវឌ្ឍ និង​មាន​ស្ថិរភាព​សង្គម។ ផ្ទុយទៅវិញ បើប្រជាពលរដ្ឋ​ជួប​ប្រទះអសន្តិសុខស្បៀង និង​បញ្ហា​អាហារូបត្ថម្ភ សង្គមនោះមិន​អាច​ថែរក្សាបាន​នូវ​សន្តិភាព និង​សុខុមាលភាព រួមទាំង​សុខភាពផ្លូវចិត្ត និង​សុខភាពផ្លូវកាយបានឡើយ។

ក្នុងន័យនេះ រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ​នូវ​យុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាលទី១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះ​ទៅសម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ សំដៅ​បន្ត​ពង្រឹងតួនាទី និង​ការ​អភិវឌ្ឍវិស័យ​កសិកម្ម​ឱ្យ​ទំនើប សម្បូរបែប និង​មានភាពធន់​ដែលគាំទ្រ​ដល់ការ​អភិវឌ្ឍ ធានា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​សុវត្ថិភាពស្បៀង ដើម្បី​លើក​កម្ពស់​គុណភាពជីវភាព​រស់នៅ​របស់ប្រជាជន។

ក្នុង​ឱកាស នៃការ​ប្រារព្ធ​ទិវា​ជាតិអាហារូបត្ថម្ភ លើកទី១២ ឆ្នាំ២០២៥នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានផ្តល់នូវ​អនុសាសន៍​ចំនួន ១១ ទៅដល់ស្ថាប័នពាក់ព័ន្ធ ក្នុងការ​អនុវត្ត ដើម្បីប្រជាជនកម្ពុជា​មានសុខភាពល្អ និង​រស់​នៅ​ប្រកប​ដោយសុខសន្តិភាព ៖

១- ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងតួអង្គពាក់ព័ន្ធ ដើម្បីស្វែងរកធនធានសំដៅអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើក ទី២ ឆ្នាំ២០២៥-២០៣០ ឱ្យទទួលបានជោគជ័យ។

២- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម ប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ សត្វ និងត្រី ដែលមានសក្តានុពល និងធានានិរន្តរភាពបរិស្ថាន និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញ តាមរយៈ ការបង្កើតសហគមន៍កសិកម្មទំនើប ការដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំ ការស្រាវជ្រាវ និងផ្សព្វផ្សាយការ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ឬនវានុវត្តន៍ ដូចជាកម្មវិធីសៀវភៅកសិកម្ម និងទិន្នន័យស្តីពីការដាំដុះ និងការពារ ផលិតផលស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។

៣- ក្រសួងសុខាភិបាល ត្រូវបន្តអប់រំផ្សព្វផ្សាយឱ្យស្ត្រីទៅទទួលការប្រឹក្សាយោបល់ស្តីពីអាហារូបត្ថម្ភ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ឬប្រើប្រាស់កម្មវិធីប្រឹក្សាអាហារូបត្ថម្ភ ក្នុងអំឡុងពេលមានផ្ទៃពោះ និង ក្រោយសម្រាល និងបន្តផ្សព្វផ្សាយអំពីការបំបៅកូនដោយទឹកដោះម្តាយឱ្យបានល្អ រួមមានការចាប់ផ្តើមបំបៅ កូនដោយទឹកដោះម្តាយក្នុងម៉ោងដំបូងក្រោយសម្រាល និងបន្តការបំបៅកូនដោយទឹកដោះម្តាយឱ្យបានរហូត ដល់កូនមានអាយុយ៉ាងតិចបំផុត២ឆ្នាំ និងជំរុញឱ្យមាតា បិតា ឬអាណាព្យាបាល នាំកុមារដែលមានអាយុ ក្រោម២ឆ្នាំ ទៅមណ្ឌលសុខភាព ដើម្បីតាមដានសុខភាព និងការលូតលាស់របស់កុមារ និងសូមនាំកុមារដែល មានអាយុចាប់ពី៦ខែ ដល់៥៩ខែ ទៅទទួលគ្រាប់ថ្នាំជីវជាតិអា ឱ្យបានពីរដងក្នុងមួយឆ្នាំ ដើម្បីជួយដល់ការ លូតលាស់របស់កុមារ និងជួយពង្រឹងប្រព័ន្ធរាងកាយទប់ទល់នឹងការបង្ករោគផ្សេងៗ។

៤- ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ «ចាប់ពីកសិដ្ឋានទៅ ដល់កន្លែងបរិភោគ» ត្រូវសហការ និងផ្តល់ព័ត៌មានដល់គ្នា ដើម្បីកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងការខ្ជះខ្ជាយម្ហូបអាហារ និងដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានតាមខ្សែច្រវាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ ម្ហូបអាហារ ដោយធានាថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងប្រកាសស្តីពីការគ្រប់គ្រងអនាម័យ និងសុវត្ថិភាព ចំណីអាហារតាមដងផ្លូវ ព្រមទាំងគោលការណ៍ណែនាំផ្សេងៗទៀត ត្រូវបានអនុវត្តតាម និងផ្សព្វផ្សាយជា សាធារណៈ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។

៥- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព និងហាមឃាត់ការទទួលទាន ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈនិងឯកជន ការចែកចាយ ការដាក់តាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ។ ត្រូវបន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់ សិស្សានុសិស្ស តាមរយៈកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងការ ផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ។

៦- គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានលទ្ធភាពកាន់តែច្រើន គុណភាពកាន់តែខ្ពស់ និងអនុវត្តឱ្យបានរហ័សទាន់សភាពការណ៍ ប្រកបដោយ ប្រសិទ្ធភាព ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋ តាមរយៈការផ្តល់ស្បៀង ការផ្តល់គ្រាប់ពូជស្រូវ និងបន្លែ សម្រាប់ស្ដារការដាំដុះឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានា និងបន្តជំរុញការដាំដុះបន្លែមានសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់គ្រួសារ ចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើន ភាពធន់ផ្នែកស្បៀង បង្កើនប្រាក់សន្សំ និងប្រាក់ចំណូល។

៧- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរួមសហការជាមួយនឹង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីជំរុញការផ្គត់ផ្គង់និងប្រើប្រាស់ទឹកស្អាតនិងអនាម័យ ដែលគិតគូរដល់អាហារូបត្ថម្ភ។

៨- ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់អាហារូបត្ថម្ភ និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ តាមរយៈសកម្មភាពនានា ដូចជាការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការគាំទ្រសហគមន៍តំបន់ ការពារធម្មជាតិ ការគ្រប់គ្រងតំបន់អេកូទេសចរណ៍ ការពង្រីកចលនាដាំដើមឈើដើម្បីបង្កើនគម្របបៃតង និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឆ្ពោះទៅរកអព្យាក្រឹតកាបូន ដោយអនុវត្តតាមអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

៩- ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ ក្រោមការដឹកនាំរបស់ក្រសួងផែនការ ត្រូវសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន បន្តពង្រឹងការអនុវត្តការ បញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ឱ្យបានទូលំទូលាយ និងជំរុញការអនុម័តយុទ្ធសាស្ត្រជាតិស្តីពីការបញ្ចូល មីក្រូសារជាតិក្នុងចំណីអាហារ ឆ្នាំ២០២៥-២០៣០ ។

១០- ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ រាជធានី ខេត្ត រដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន ធ្វើចលនាប្រជាពលរដ្ឋឱ្យដាំដុះដំណាំ និងចិញ្ចឹមសត្វ និងត្រី ជាលក្ខណៈគ្រួសារ តាមសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀង អាហារចម្រុះមុខច្រើនជាងមុន និងត្រូវធ្វើចលនាយុវជនឱ្យយល់ដឹងអំពីរបៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិផ្សេងៗ ក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារខ្មែរដែលសម្បូរមីក្រូសារជាតិ និងមានសុវត្ថិភាព។

និង ១១- សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប រដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់ក្រុមហ៊ុនសិប្បកម្ម អ្នកប្រកបមុខ របរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា គ្រឹះស្ថានសិក្សា រមណីយដ្ឋានទេសចរណ៍ និងអ្នក លក់ដូរម្ហូបអាហារតាមដងផ្លូវ សូមចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដោយយកចិត្តទុកដាក់ខ្ពស់ក្នុង ការផលិត កែច្នៃ រក្សាទុក នឹងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ ឱ្យមាន អនាម័យ មានសុវត្ថិភាព និងមានគុណភាព ស្របតាមស្តង់ដា បច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ស្របតាមពាក្យស្លោក “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...