ភ្នំពេញ- ដើម្បីបង្កើតទម្លាប់អានដល់កុមារបាន គឺទាមទារឱ្យមានសម្ភារៈអានឱ្យបានច្រើន មានសៀវភៅច្រើនជម្រើស ព្រោះកាលណាកុមាររកឃើញជម្រើសមួយដែលត្រឹមត្រូវសម្រាប់ខ្លួន ពួកគេអាចចាប់អារម្មណ៍ស្រឡាញ់ការអាន បន្តសកម្មភាពអានទៅមុខ បង្កើតបំណិនអានដោយខ្លួនឯង និងក្លាយជាអ្នកអានម្ចាស់ការ ។ នេះបើតាមការលើកឡើងរបស់លោក សឿម កក្កដា ប្រធានកម្មវិធីអំណាន នៃអង្គការរូមធូរីដកម្ពុជា។
លោក សឿម កក្កដា មានប្រសាសន៍ថា លក្ខណៈពិសេសរបស់សៀវភៅកុមារ ជាចាំបាច់ត្រូវមានរូបភាពជំនួយ ក្នុងនោះ ខ្លឹមសាររឿងទាំងរូបភាព និងអត្ថបទរឿងគឺត្រូវតែផ្សារភ្ជាប់ទៅនឹងអ្វីដែលកុមារអាចយល់បាន។ លោក សឿម កក្កដា បន្តថា បើសិនជាសៀវភៅកុមារ មានលក្ខណៈហួសពីការរំពឹងទុក ឬហួសពីការយល់ដឹងរបស់កុមារខ្លាំងពេក នោះនឹងនាំឱ្យកុមារមិនអាចទទួលលទ្ធផលល្អពីការអាននោះទេ។

តើអ្នកណាដែលអាចនិពន្ធសៀវភៅកុមារបាន ?
ឆ្លើយតបនឹងសំណួរនេះ លោក សឿម កក្កដា ប្រធានកម្មវិធីអំណាននៃអង្គការរូមធូរីដកម្ពុជា បានបញ្ជាក់ថា ការនិពន្ធសៀវភៅកុមារ គឺមិនប្រកាន់ថា មានជំនាញអ្វីនោះឡើយ អ្នករៀនផ្នែកវិទ្យាសាស្រ្ត ដុកទ័រ កម្មករក៏អាចសរសេរសៀវភៅកុមារបានដែរ ឱ្យតែមានចំណាប់អារម្មណ៍ក្នុងការសរសេរ មានគំនិតច្នៃប្រឌិដ្ឋខ្ពស់ និងមើលឃើញបរិបទសង្គមបច្ចុប្បន្ន ជាគំនិតមួយដែលបណ្ដុះបណ្ដាល ឬបង្ហាញពីតថភាពសង្គមពិតប្រាកដក្នុងពេលបច្ចុប្បន្នភាពទៅឱ្យអ្នកអាន។
លោក សឿម កក្កដា
“ការបង្កើតសៀវភៅកុមារនេះ គឺមិនចាំបាច់ទាល់តែមានកម្រិតអប់រំខ្ពស់នោះឡើយ អ្វីដែលសំខាន់គឺជាអ្នកមានចំណាប់អារម្មណ៍ក្នុងការបង្កើតសៀវភៅកុមារ អាចចេះភាសាខ្មែរបានត្រឹមត្រូវ អាចសរសេរ និងអាចនិយាយភាសាខ្មែរបាន”
ទាក់ទងនឹងដំណើរការនិពន្ធសៀវភៅកុមារវិញ បើតាមលោក កក្កដា អ្នកនិពន្ធត្រូវចាប់ផ្ដើមដំបូងដោយបង្កើតគំនិតរឿងមួយ តើចង់ប្រាប់សារអ្វីទៅអ្នកអាន? បន្ទាប់មកសិក្សាពីតួអង្គ បរិយាកាសរបស់តួអង្គ ទីកន្លែង ពេលវេលា ដែលរឿងរ៉ាវទាំងអស់នោះកើតឡើង ។ បន្ទាប់មក សិក្សាពីដំណើររឿង លំហូររឿងថាតើលំដាប់លំដោយរឿងបែងចែកតាមទីតាំងត្រឹមត្រូវហើយឬនៅ?

លោក សឿម កក្កដា បន្តថា ការនិពន្ធរឿងមួយចំនួនទៀតអ្នកនិពន្ធត្រូវស្រាវជ្រាវ ដើម្បីស្រង់យកទិន្នន័យ ឬព័ត៌មានពិតប្រាកដ មកបញ្ជូលនៅក្នុងសៀវភៅនោះឱ្យមានលក្ខណៈសាមញ្ញសម្រាប់កុមារ ។ ទន្ទឹមគ្នានេះ បន្ទាប់ពីបង្កើតគំនិតរឿង ចងក្រងរឿងអស់ហើយ គឺដល់ដំណាក់កាលដែលត្រូវបង្កើតរូបភាព ហើយការបង្កើតរូបភាពត្រូវចំណាយពេលយូរ ដើម្បីឱ្យអត្ថបទស៊ីជាមួយរូបភាពដែលផលិតមក ព្រមទាំងត្រូវឆ្លងកាត់ការកែសម្រួល និងឆ្លងកាត់មតិយោបល់កែសម្រួលពី នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ ទើបអាចបោះពុម្ភផ្សាយបាន។
តាមការបញ្ជាក់របស់ លោក សឿម កក្កដា អង្គការរូមធូរីដកម្ពុជា តែងតែមានវគ្គសិក្សាសិក្ខាសាលាជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់ជូនអ្នកចូលរួមស្វែងយល់ទាក់ទងទៅនឹងការតែងនិពន្ធសៀវភៅកុមារ។ ទន្ទឹមគ្នានេះ បើសិនយុវជនចង់រៀនជំនាញតែងនិពន្ធសៀវភៅកុមារ អាចចាប់ផ្ដើមសរសេរគំនិតរឿង ចងក្រង និងត្រៀមទុកសម្រាប់ផ្ញើមកកាន់អង្គការរូមធូរីដកម្ពុជា ដែលនឹងជ្រើសរើសគំនិតរឿងថ្មីៗជារៀងរាល់ឆ្នាំ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។