ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary) ដោយវានឹងក្លាយទៅជាថ្នាលឌីជីថល ដែលចូលរួមចំណែកចែករំលែកចំណេះដឹង ព័ត៌មានបរិស្ថាន និងធនធានធម្មជាតិ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារដែលបានអនុវត្តបានជោគជ័យសម្រេចបាននូវបណ្ណាល័យអេឡិចត្រូនិច (eLibrary) នេះឡើង ដែលជាមជ្ឈមណ្ឌលប្រមូលព័ត៌មានយ៉ាងសំខាន់មួយ។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បណ្ណាល័យអេឡិចត្រូនិច មិនត្រឹមតែជាបណ្ណាល័យប៉ុណ្ណោះទេ ប៉ុន្តែគឺជាឧបករណ៍ដែលនឹងប្រែក្លាយសង្គមកម្ពុជា ប្រជាជនកម្ពុជា ទៅជាសង្គមសកល ប្រជាជនសក ដែលពោរពេញដោយបំណិនជីវិត ប្រកបដោយភាពច្នៃប្រឌិត។

ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានមានប្រសាសន៍ថា គម្រោងបណ្ណាល័យអេឡិចត្រូនិច នៃក្រសួងបរិស្ថាន បានបង្កើតឡើងតបតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ គេហទំព័របណ្ណាល័យអេឡិចត្រូនិច នឹងក្លាយជាថ្នាលឌីជីថលដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកចំណេះដឹង ព័ត៌មានបរិស្ថាននិងធនធានធម្មជាតិ ការធ្វើទំនើបកម្មស្ថាប័ន ក៏ដូចជាការផ្សព្វផ្សាយសក្តានុពលតំបន់ការពារធម្មជាតិ ជូនសិស្ស និស្សិត សាធារណជន វិស័យឯកជន និងអ្នកស្រាវជ្រាវ ជាពិសេសជាបណ្តុំចងក្រងទិន្នន័យសម្រាប់ក្រសួងបរិស្ថានរយៈពេលវែងផងដែរ។
ជាមួយគ្នានេះ ក្រសួងបរិស្ថានរីករាយស្វាគមន៍នូវរាល់កិច្ចសហការពីគ្រប់ស្ថាប័ន និងដៃគូនានា ក្នុងការចែករំលែកនូវគ្រប់ប្រភេទឯកសារ ទិន្នន័យនានា ក្រោមទម្រង់ជារូបភាព ឯកសារសំណេរ សារសំឡេង ឬវីដែអូ ដើម្បីចងក្រង រក្សាទុក និងជាការចែករំលែកចំណេះដឹងតាមរយៈបណ្ណាល័យអេឡិចត្រូនិច (eLibrary)មួយនេះ ប្រើប្រាស់ជាផលប្រយោជន៍រួម។

គួរបញ្ជាក់ថា បណ្ណាល័យអេឡិចត្រូនិច (eLibrary) នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងគេហទំព័រផ្លូវការនៃក្រសួងបរិស្ថានដែលមានស្រាប់ ដែលក្នុងគេហទំព័រនេះ នឹងធ្វើបច្ចុប្បន្នភាព ប្រែក្លាយទៅជាគេហទំព័រដ៏សំបូរបែប និងប្រមូលផ្តុំគ្រប់ប្រព័ន្ធទិន្នន័យ ដែលបាននឹងកំពុងអនុវត្តស្ថិតក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់ក្រសួងបរិស្ថាន ដែលរួមមាន៖ (១)ព័ត៌មានដែលទាក់ទងនឹងក្រសួង និងមន្ទីរបរិស្ថាន (២)ចំណេះដឹងទូទៅពីបរិស្ថាន ព្រឹត្តិការណ៍ ឬយុទ្ធនាការបរិស្ថានផ្សេងៗ (៣)ព័ត៌មានអំពីប្រព័ន្ធ CEMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាប្រមូលព័ត៌មាន ថ្នាក់ជាតិលើការគ្រប់គ្រងបរិស្ថាន (៤)ព័ត៌មានអំពីប្រព័ន្ធ NRMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ (៥)ព័ត៌មានអំពីប្រព័ន្ធ SARMIS ដែលជា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ (៦)ព័ត៌មានអំពីប្រព័ន្ធ FMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងគ្រប់មុខសញ្ញាការចំណាយរបស់ក្រសួង-ស្ថាប័ន និង(៧)បណ្ណាល័យអេឡិចត្រូនិច (eLibrary)៕































